៧ចំណុច​សំខាន់ៗ​បំផុត រៀបចំ​មង្គល​ការ​​​កុំ​ឱ្យ​ខាត

  • 2016-12-05 07:04:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មង្គល​ការ​គឺ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គូស្នេហ៍​ និង​ជា​ក្ដី​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប​ចង់​មាន​ថ្ងៃ​នោះ។ ប៉ុន្តែ​មុន​ថ្ងៃ​មង្គល​ការ​មក​ដល់​សាមី​ខ្លួន​ដែល​ត្រៀម​ចូល​រោងការ និង​ឪពុក​ម្ដាយ​ទាំង​ខាង​ស្រី​ទាំង​ខាង​ប្រុស​ តែង​រៀបចំ​គិតគូរ​យ៉ាង​ល្អិត​ល្អន់​ធ្វើ​យ៉ាង​ណា​អោយ​មង្គល​ការ​រៀបចំ​ដោយ​រលូន​។ ទោះបី​ជា​គិតគូរ​គ្រប់​ជ្រុង​ជ្រោយ​យ៉ាង​ណា​ក៏​ដោយ​ ​មង្គល​ការ​ខ្លះ​ក្រោយ​បញ្ចប់​ហើយ​តែង​មាន​ការ​ខាត​បង់​លុយ​កាក់ និយាយ​ឱ្យ​ចំ​គឺ​ខាត​ចំណង​ដៃ​។ ដូចនេះ​គួរ​ធ្វើ​ដូចម្ដេច​ដើម្បី​រៀបចំ​មង្គល​ការ​កុំ​ឱ្យ​ខាត? អ្នក​ស្រី កល្យាណ ទើប​តែ​រៀបការ​ជាង​មួយ​ឆ្នាំ​បាន​ចែក​រំលែក​គន្លឹះ​សំខាន់​ដូច​ខាង​ក្រោម​៖

១. កំណត់​ចំនួន និង​ភ្ញៀវ​សំខាន់ៗ​ដែល​ត្រូវ​ហៅ​

មុន​ថ្ងៃ​មង្គល​ការ​មក​ដល់​រឿង​ដែល​ត្រូវ​គិត​មុន​គេ និង​ចាំបាច់​បំផុត​នោះ​គឺ​ការ​កំណត់​ចំនួន​ភ្ញៀវ​ដែល​ត្រូវ​ហៅ។ នៅ​ត្រង់​ចំណុច​នេះ​មានន័យ​ថា ម្ចាស់​កម្មវិធី​ត្រូវ​ធ្វើ​ការ​ប៉ាន​ស្មាន​ តើ​ភ្ញៀវ​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ហៅ​? ហើយ​ប៉ុន្មាន​នាក់​ដែល​អាច​មក​បាន​ និង​ប៉ុន្មាន​នាក់​ដែល​អាច​ផ្ញើ​លុយ? អ្នក​ស្រី​ កល្យាណ ប្រាប់​ថា​ធ្វើ​ដូចនេះ​ដើម្បី​ងាយស្រួល​ក្នុង​ការ​រៀបចំ​តុ​ ដើម្បី​ទទួល​ភ្ញៀវ និង​ជៀសវាង​ការ​ខាត​បង់​ ពីព្រោះ​ភ្ញៀវ​មិន​មែន​អញ្ជើញ​ទាំង​១០០​នាក់ មក​ទាំង​មួយ​រយ​នោះ​ទេ ហើយ​ក៏​មិន​មែន​ចេះ​តែ​ហៅ​ផ្ដេសផ្ដាស​ដែរ ​លុះ​ត្រា​តែ​អ្នក​នោះ​ជា​អ្នក​ជិត​ស្និត​ខ្លាំង ចាំ​អញ្ជើញ​គេ​មក​។

២. កំណត់​ចំនួន​តុ​ឱ្យ​ច្បាស់​លាស់

ចំនួន​តុ​ត្រូវ​រៀបចំ​ឱ្យ​ត្រូវ​នឹង​ចំនួន​ភ្ញៀវ​ដែល​ត្រូវ​ហៅ​ មិន​ត្រូវ​កំណត់​ចំនួន​តុ​ហើយ​ ទើប​កំណត់​ចំនួន​ភ្ញៀវ​នោះ​ទេ​។ អ្នក​ដែល​រៀបការ​ហើយ​ខាត​នោះ​ គឺ​មក​ពី​ធ្វេស​ប្រហែស​ចំណុច​នេះ មង្គល​ការ​ធំដុំ ឬ​មិន​ធំដុំ​មិន​មែន​អាស្រ័យ​ចំនួន​តុ​តិច ឬ​ច្រើន​នោះ​ទេ​ គឺ​អាស្រ័យ​លើ​ចំនួន​ភ្ញៀវ​ដែល​អញ្ជើញ​មក​ផ្ទាល់​តិច​ឬ​ច្រើន​។ កំណត់​ចំនួន​ភ្ញៀវ​ឱ្យ​ហើយ​ចាំ​កំណត់​ចំនួន​តុ​ទើប​ល្អ ហើយ​ជា​ពិសេស​ត្រូវ​ជ្រើស​រើស​តម្លៃ​តុ​ឱ្យ​ត្រឹមត្រូវ ថា​មួយ​តុ​គួរ​យក​តម្លៃ​ប៉ុន្មាន ១៥០ដុល្លារ​ក្នុង​មួយ​តុ​ឬ​ក្រោម​នឹង អាស្រ័យ​លើ​ភ្ញៀវ​ដែល​ចូលរួម​ជា​អ្នក​ធូរធារ​ កម្រិត​មធ្យម​ ឬ​កម្រិត​ទាប។

៣. ម្ហូប​ដែល​ត្រូវ​ទទួល​ភ្ញៀវ

ម្ហូប​សម្រាប់​ទទួល​ភ្ញៀវ​មិន​ត្រូវ​ធ្វើ​លោភ​ពេក​នោះ​ទេ គឺ​ធ្វើ​មួយ​សមរម្យ​ និង​គ្រប់​គ្រាន់​ មិន​គួរ​ធ្វើ​បបូរ​ហូរហៀរ​សល់​ចាក់​ចោល​ឡើយ​។ មួយ​វិញ​ទៀត​ម្ហូប​ក៏​ត្រូវ​លៃ​ឱ្យ​សមរម្យ​ទៅ​តាម​កម្រិត​ភ្ញៀវ​ដែល​អញ្ជើញ​ចូលរួម បើ​ភ្ញៀវ​ធម្មតា​ត្រូវ​ធ្វើ​ល្មមៗ​បាន​ហើយ​។ ហើយ​កុំ​ភ្លេច​សួរ​ចុងភៅ​ មាន​បន្ថែម​នំ​ខេក​ឱ្យ​ទេ ព្រោះ​ចុងភៅ​ខ្លះ​មាន​ថែម​នំ​ខេក​។

៤. យក​សំអាង​ការ​ណា​ដែល​មាន​សេវាកម្ម​ជា​កញ្ចប់

​ការ​ជ្រើសរើស​សំអាង​ការ​ក្នុង​ពិធី​មង្គល​ការ​ក៏​ជា​រឿង​មិន​គួរ​មើល​រំលង​ដែរ ម្ចាស់​ការ​គួរ​រក​សំអាង​ការ​ណា​ដែល​មាន​សេវាកម្ម​ជា​កញ្ចប់ ក្នុង​នោះ​រួម​មាន អាចារ្យ ភ្លេង​បុរាណ​សម័យ ​ អ្នក​កាត់​សក់ មួយ​កំប្លេ​តែ​ម្ដង​។ ប្រសិន​បើ​រក​សេវាកម្ម​ផ្សេងៗ​ពី​គ្នា​នឹង​ធ្វើ​ឱ្យ​ការ​ចំណាយ​កាន់​តែ​ច្រើន​ ថ្លៃ​បណ្ណាការ​យក​មក​ប្រើប្រាស់​សឹង​មិន​គ្រប់​។

៥. ធៀប​ការ​កុំ​លេង​ម៉ូត​ខ្លាំង​ពេក

អ្នក​ខ្លះ​តែង​​ ចំណាយ​ទៅ​លើ​ការ​ធ្វើ​ធៀប​ការ​អស់​ច្រើន តាម​ពិត​ទៅ​ធៀប​ការ​យក​តម្លៃ​ល្មមៗ​បាន​ហើយ​។ ព្រោះ​ការ​ចូលរួម ឬ​មិន​មក​ចូល​រួម​មិន​មែន​អាស្រ័យ​លើ​ធៀប​ស្អាត​មិន​ស្អាត​នោះ​ទេ គឺ​អាស្រ័យ​លើ​មិត្តភាព​។ ដូច្នេះ​ធៀប​ការ​មិន​គួរ​ចំណាយ​ច្រើន​ពេក​ទេ គួរ​ទុក​លុយ​សម្រាប់​ប្រើ​ការ​លើ​អ្វី​ផ្សេង​ដែល​ចាំបាច់​ជាង​នេះ​។

៦. ការ​តុបតែង​រោង​ការ

ប្រសិន​បើ​មិន​ចង់​រៀបការ​ហើយ​គ្មាន​សល់​លុយ​ក្នុង​ដៃ​ទេ មិន​គួរ​ចំណាយ​លុយ​លើ​ការ​រៀបចំ​តុប​តែង មុខ​រោង​ក្ដី ក្នុង​រោង​ក្ដី អស់​ច្រើន​ពេក​ទេ។ ការ​រៀបចំ​តុបតែង​លម្អ​គឺ​ជា​រឿង​សំខាន់​នាំ​មក​នូវ​សិរី​សួស្ដី ប៉ុន្តែ​រៀបចំ​ឱ្យ​តែ​សមរម្យ​មាន​របៀប​រៀបរយ ការ​ចេះ​កែ​ច្នៃ ដោយ​ខ្លួន​ឯង​បន្ថែម​ទៀត​កាន់​តែ​ល្អ​ ហើយ​ក៏​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន​មួយ​កម្រិត​ដែរ​។

៧. ការ​គ្រប់គ្រង​ភេសជ្ជៈ និង​គ្រឿង​ស្រវឹង​ឱ្យ​បាន​ល្អ

ភេសជ្ជៈ និង​គ្រឿង​ស្រវឹង​ជា​ចំណែក​មួយ​ធ្វើ​ឱ្យ​មង្គលការ​មាន​ភាព​អធឹក អធម ប៉ុន្តែ​មិន​ត្រូវ​លោភ​ពេក​ដែរ ដូចជា​គ្រឿង​ស្រវឹង​ប្រសិន​បើ​អាច​កាត់​បន្ថយ​បាន​កាត់​បន្ថយ​ខ្លះ​ទៅ កុំ​ដាក់​អោយ​ភ្ញៀវ​ពិសា​ច្រើន​ពេក​។ ដូចជា​ស្រា​ថ្លៃ​ៗ​គួរ​ដាក់​មួយ​តុ​មួយ​ដប​បាន​ហើយ ព្រោះ​មាន​ភ្ញៀវ​ខ្លះ​ឆ្លៀត​វេច​ទៅ​ផ្ទះ​ទៀត ចំណែក​ទឹក​ក្រូច ទឹក​សុទ្ធ ដាក់​អោយ​គ្រប់​គ្រាន់​បាន​ហើយ​ មិន​ចាំបាច់​ដាក់​រហូត​គាស់​ចោល មិន​ផឹក​នោះ​ឡើយ​។ ដូច្នេះ​ត្រូវ​គ្រប់គ្រង​ឱ្យ​បាន​ត្រឹម​ត្រូវ​ទើប​មិន​ធ្វើ​ឱ្យ​មាន​ការ​ខាត​បង់​។

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ​​​​​​

អត្ថបទថ្មី