ម្ចាស់​​ជយ​​លាភី «ខ្ញុំ​មិន​គាំទ្រ​កម្មវិធី​ទូរទស្សន៍​បង្ហាញ​ពី​ហឹង្សា​លើ​ស្រ្តី» លេខ១​ដល់​លេខ​៣​សុទ្ធ​តែ​ជា​ស្រ្តី

  • 2016-12-09 10:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​ប្រកួត​គ្នា​ជា​ច្រើន​​ថ្ងៃ​កន្លង​មក​លើ​ការ​បង្ហោះ​រូប​ភាព ឬ​វីដេអូ​ស្ដី​ពី​ «ខ្ញុំ​មិន​គាំ​ទ្រ​កម្មវិធី​ទូរទស្សន៍​ដែល​បង្ហាញ​ខ្លឹម​សារ​ហិង្សា​លើ​ស្ត្រី​ និង​ដៃ​គូ​ស្និទ្ធ​ស្នាល» ឥឡូវ​នេះ​អ្នក​ឈ្នះ​ទាំង​១០​រូប​ត្រូវ​បាន​រក​ឃើញ​ហើយ។​ ក្នុងចំណោមអ្នកឈ្នះទាំង១០នាក៉ ម្ចាស់ជយលាភីលេខ១ ដល់លេខ៣គឺជាស្រ្តី។

កញ្ញា សែ​ និមល​ ​បេក្ខនារី​​ជយ​លាភី​លេខ​មួយ​បាន​ឲ្យ​ដឹង​ថា ​កញ្ញា​បាន​ចូល​រូម​ប្រកួត​ខាងលើដោយបង្ហោះ​រូបភាពជាច្រើនដែលបង្ហាញពីការគាំទ្រអំពោះហិង្សា។ កញ្ញាថា៖​ «តាម​ពិត​ទៅ​បង​ ខ្ញុំ​មិន​បាន​ធ្វើ​វីដេអូ​អី​ទេ តែ​បាន Post រូប​ច្រើន ក្រោយ​មក​មាន​អ្នក​ Like, Comment និងShare បន្ត​បន្ទាប់​ច្រើន​ឡើង​ៗ​ បូក​រួម​ទាំង​ការ​ឆ្លើយ​តប​ទៅ​គេ​វិញ​ជា​ហូរហែ​នូវ​ចម្ងល់​ផ្សេង​ៗ​ ដែល​បាន​បំផុស​ការ​ចាប់​អារម្មណ៍​ច្រើន»។

ចំណែក​បេក្ខនារី​​ជយ​លាភី​លេខ​ពីរ កញ្ញា​ វុនផាត​ ផុស្សត្តី និង​ ​លេខ​៣​ កញ្ញា​ ច្រឹង​ សាភឿត ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​កញ្ញា​ទាំង​ពីរ​បាន​ផលិត​ជា​វីដេអូ ដែល​បង្ហាញ​ពី​ការ​មិន​គាំ​ទ្រ​ដល់​កម្មវិធី​ទូរទស្សន៍​ណា​ដែល​បង្ហាញ​ពី​ហិង្សា​លើ​ដៃ​គូ​ស្និទ្ធស្នាល​ ព្រម​ទាំង​ប្ដេជ្ញា​ចិត្ត​បន្ត​ការ​ផ្សព្វ​ផ្សាយ​​ឲ្យ​មាន​អ្នក​​​ដឹង​កាន់​តែ​ច្រើន​ថែម​ទៀត។​ ​

«ខ្ញុំផលិតជាវីដេអូខ្លីបែបកំប្លែង តែបង្កប់ដោយឈុតហិង្សាជាច្រើន ព្រោះតែកម្មវិធីកំប្លែងតាមទូរទស្សន៍ កន្លងម៉ោ ចូលចិត្តលេងបែបហ្នឹង ចឹងអាហ្នឹងជាសារមួយដែរ»។ ម្ចាស់ជយលាភីលេខ៣ បញ្ចាក់។

ជយលាភីលេខ៣ កញ្ញា ច្រឹង សាភឿត

​បើ​តាម​លោក​ ស​ សិលា​ មន្ត្រី​ជំនាញ​ខាង​សិក្សា​ស្រាវជ្រាវ​របស់​អង្គ​ការ​មូលនិធិ​អាស៊ី​ បាន​ឲ្យ​ដឹង​ថា​អ្នក​មើល​ទូរទស្សន៍​ មាន​ហានិភ័យ​ខ្ពស់​ជាង​អ្នក​មិន​បាន​មើល​រហូត​ដល់​១៧៨​%​ ក្នុង​ការ​ក្លាយ​ជា​អ្នក​រង​គ្រោះ​នៃ​អំពើ​ហិង្សា​ ព្រោះ​កម្មវិធី​ជា​ច្រើន​រួម​មាន​ទាំង​ចម្រៀង​ ការ​ផ្សាយ​ពាណិជ្ជកម្ម កំប្លែង​ និង​រឿង​ភាគ​សុទ្ធ​តែ​បង្កប់​អំពើ​ហិង្សា​ ដែល​អ្នក​ទស្សនា​មិន​បាន​ចាប់​អារម្មណ៍​ហើយ​បែរ​ជា​គិត​ថា​ជា​រឿង​ធម្មតា​ទៅ​វិញ។​

ហេតុ​នេះ​ហើយ​បាន​ជា​មាន​ការ​បង្កើត​នូវ​កម្មវិធី​នេះ​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ចូល​រួម​របស់​យុវជន​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​ដៃ​គូ​ស្និទ្ធស្នាល​តាម​កម្មវិធី​ទូរទស្សន៍​ ព្រម​ទាំង​ចូល​រួម​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​កាន់​តែ​ទូលំទូលាយ​ថែម​ឡើង។

កម្ម​វិធី​ប្រគល់​រង្វាន់​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៩​​ធ្នូ​នេះ​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ កូរ៉េ (CKCC) ​ក្រោម​ការ​រៀប​ចំ​របស់វិទ្យាស្ថាន​បើក​ទូលាយ(Open Institute) សហការ​ជាមួយ​ អង្គការ​មូលនិធិ​អាស៊ី (The Asia Foundation)។

អត្ថបទៈ យ៉ារិទ្ធ