កំពូល​រថយន្ត​តម្លៃ​ថ្លៃ​កប់​ក្ដោង​សម្រាប់​ឆ្នាំ​ ២០១៦ នេះ

  • 2016-12-21 08:57:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​ ២០១៦ នេះ​ ​ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​បាន​បញ្ចេញ​រថយន្ត​កំពូលៗ​ម៉ូដែល​ថ្មី​របស់​ខ្លួន​​សម្រាប់​វាយ​លុក​ទីផ្សារ​ ហើយ​ក្នុង​នោះ​គេ​ឃើញ​មាន​រថយន្ត​ ៥ ម៉ូដែល​មាន​តម្លៃ​លក់​ខ្ពស់​ជាង​គេ​បំផុត។

១. W Motors Lykan HyperSport តម្លៃ​ ៣,៤ លាន​ដុល្លារ

W Motors Lykan HyperSport មិន​ត្រឹម​តែ​ថ្លៃ​ទេ​ ​ថែម​ទាំង​ផលិត​មាន​ចំនួន​កំណត់​ទៀត​ផង​ ដោយ​ផលិត​តែ​ ៧ គ្រឿង​ប៉ុណ្ណោះ។ រថយន្ត​កំពូល​នេះ​​បំពាក់​ដោយ​​ម៉ាស៊ីន​​ Twin-Turbo ទំហំ​​​ ៣,៧ លីត្រ​ និង​ មាន​ស៊ីឡាំង​ចំនួន​ ៦ អាច​បង្កើត​ថាមពល​បាន​ ៧៨០ សេះ។ ម៉ាស៊ីន​នេះ​អាច​បង្កើន​សន្ទុះ​ពី​ ០-១០០ គ.ម/ម៉​ ក្នុង​ពេល​ ២,៨ វិនាទី​ និង មាន​ល្បឿន​លឿន​បំផុត​ ៣៩៥ គ.ម/ម៉។

២. McLaren LM P1 តម្លៃ​ ៣ លាន​ដុល្លារ

​​​​​រថយន្ត​នេះ​បំពាក់​ដោយ​ម៉ាស៊ីន​ V8 Twin-Turbo ទំហំ​ ៣,៨ លីត្រ​ ដែល​អាច​បង្កើត​កម្លាំង​បាន​ដល់​ ៩៨៦ សេះ, ចំណាយ​តែ​ ២,៤ វិនាទី​ អាច​បង្កើន​សន្ទុះ​ពី​ ០-១០០ គ.ម/ម៉​ បាន​​ និង មាន​ល្បឿន​អតិបរមា​ ៣៥០ គ.ម/ម៉។ McLaren LM P1 មាន​ផលិត​តែ​ ២៥ គ្រឿង​ប៉ុណ្ណោះ​ជុំវិញ​ពិភពលោក។

៣. Ferrari LaFerrari FXX K តម្លៃ​ ២,៧ លាន​ដុល្លារ

​ មាន​បំពាក់​ម៉ាស៊ីន​ V12 ទំហំ​ ៦,៣ លីត្រ​ ដោយ​អាច​បង្កើត​ជា​កម្លាំង​បាន​ ១ ០៣៦ សេះ​ឯណោះ។ រថយន្ត​នេះ​មាន​ផលិត​តែ​ ៤០ គ្រឿង​ប៉ុណ្ណោះ​ ហើយ​សុទ្ធ​តែ​មាន​ម្ចាស់​ ដោយ​ក្នុង​នោះ​រួម​មាន​លោក​ Aaron Kwok ដែល​ជា​តួ​សម្ដែង​ហុងកុង​មួយ​រូប​ផង​ដែរ។

៤. Bugatti Chiron តម្លៃ​ ២,៦ លាន​ដុល្លារ

Bugatti Chiron ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រថយន្ត​កំពូល​ល្បឿន​ ពោល​​​មាន​ល្បឿន​អតិបរមា​ដល់​ ៤២០ គ.ម/ម៉ ដោយ​វា​​មាន​​បំពាក់​ម៉ាស៊ីន W16 ទំហំ​ ៨ លីត្រ អាច​បង្កើន​សន្ទុះ​ ០-១០០ គ.ម/ម៉ ត្រឹម​ ២,៥ វិនាទី។ Bugatti ផលិត​រថយន្ត​នេះ​តែ​ ៥០០ គ្រឿង​ប៉ុណ្ណោះ​ ដោយ​​មក​ទល់​ពេល​នេះ​លក់​អស់​ ២២០ គ្រឿង​ហើយ។

៥. Koenigsegg Regera តម្លៃ​ ១,៩ លាន​ដុល្លារ

​​​​Koenigsegg Regera ជា​រថយន្ត​បំពាក់​ដោយ​ម៉ាស៊ីន​ V8 Twin-Turbo ទំហំ​ ៥ លីត្រ​ ដែល​អាច​បង្កើន​សន្ទុះ​ល្បឿន​ពី​ ០-៤០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម​ ២០ វិនាទី​ប៉ុណ្ណោះ។ ម៉ូដែល​ Regera នេះ​មាន​ផលិត​តែ​ ៨០ គ្រឿង​ប៉ុណ្ណោះ៕​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី