ភ្ញាក់​ផ្អើល​ សន សៀវម៉ី ប្រកាស​​ថា នាង​នឹង​ហក់​​ចូល​ប្រ​ឡូក​សិល្បៈ​ម្ដង

  • 2017-01-04 07:46:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​កា​រិនី​ជម្រើស​ជាតិ​តេ​ក្វាន់​ដូ​ សន សៀវ​ម៉ី បាន​ប្រាប់​ Sabay ថា​ ថ្ងៃ​ណា​មួយ​បើ​មាន​ឱកាស​រូប​នាង​ចង់​ចូល​​សម្តែង​ខ្សែ​ភាព​យន្ត​ម្ដង។

សៀវម៉ី​ បន្ត​ថា​ កន្លង​មក​មាន​ផលិត​កម្ម​ក្នុង​ស្រុក​មួយ​ចំនួន ​បាន​ទាក់​ទង​​ឲ្យ​សម្តែង​ខ្សែ​ភាព​យន្តដែរ តែ​នាង​មិន​បាន​ទទួល​ថត​នោះ​ទេ​ ព្រោះ​ជាប់​រវល់​ហាត់​តេ​ក្វាន់​ដូ​។ ចំពោះ​រឿង​ដែល​បណ្តា​ផលិត​កម្ម​​ទាក់​ទង​មក​នាង​ភាគ​ច្រើន​សុទ្ធ​តែ​រឿង​វាយ​តប​ទាំង​អស់ ណា​មួយ​ត្រូវ​ហ្នឹង​រឿង​ពិត​ខាង​ក្រៅ​របស់​នាងទៀត​​ផង​ តែ​នាង​អត់​ទទួល។​

ទើប​តែ​​ពេល​នេះ នាង​បាន​ផ្លាស់​ប្ដូរ​គំនិត​វិញ ព្រោះ​ចង់​មាន​ចំណែក​ខ្លះ​ក្នុង​សិល្បៈ បន្ទាប់​ពី​មាន​ស្នាដៃ​ច្រើន​ហើយ​ក្នុង​កីឡាតេក្វាន់ដូ។ សន សៀវម៉ី ថ្លែង “ច៎ាស​បង​បើ​សិន​ជា​មាន​ឱកាស​ថ្ងៃ​ណា​មួយ​ខ្ញុំ​ចង់​ថត​ខ្សែ​ភាព​យន្ត​ ព្រោះ​​​ខ្ញុំចង់​បន្សល់​ទុក​ស្នា​ដៃ​មួយ​ចំនួន​នៅ​ក្នុង​សិល្បៈ​ ម្យ៉ាង​ទៀត​ខ្ញុំ​​ជា​កីឡា​ការិនី​មួយ​រូប​ដែល​ស្រឡាញ់ និង​តែង​តែ​គាំ​ទ្រ​​សិល្បៈ​ខ្មែរ​យើង​ដែរ​​ ព្រោះ​សិល្បៈ​គឺ​ជា​ចំណែក​មួយ​ជួយ​ផ្សព្វ​ផ្សាយ​វប្បធម៌​ខ្មែរ​យើង​"។

កីឡា​កា​រិនី​កំពស់​១​ម៉ែត្រ​៨៣​សង់​ទី​ម៉ែត្រ​បន្ថែម​ថា​ រូប​នាង​ស្រឡាញ់​សិល្បៈ​តាំង​ពី​អាយុ​៨​ ឆ្នាំ​មក​ម៉្លេះ​​ ជា​ពិសេស​ផ្នែក​ដើ​រម៉ូដតែ​ម្តង​។ នាង​តែង​តែ​ទស្សនា​ការ​ដើ​រ​បង្ហាញ​ម៉ូដ​របស់​តារា​បរទេស​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ និង​តែង​តែស្រមៃថា ​ថ្ងៃ​ណា​មួយ​ នឹង​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដជាក់​ជា​មិន​ខាន់​​៕​​

ប្រិយមិត្តគាំទ្រ​ទេ បើ​ សៀវម៉ី ចូល​សិល្បៈ?

អត្ថបទ៖ ឆុង ស៊ីណាន