ធ្វើ​បុណ្យ​​​ជូន​ព្រឹទ្ធាចារ្យ​ល្ខោន​ខោល ទទួល​បាន​បច្ច័យ​តិចមិន​នឹក​ស្មាន​​ដល់

  • 2017-01-06 03:14:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​​ចំរើន​ព្រះជន្ម​​ធំ​មួយ ជូន​ព្រឹទ្ធាចារ្យ​ល្ខោន​ខោល យិត សារិន ហៅ​​លោក​​តា​​ស្វាស ដែល​បាន​ធ្វើ​កាល​ពី​ម្សិល​មិញ​នៅសាលា​មធ្យម​សិល្បៈ ទទួល​​ថវិកា​​បាន​ខ្ទង់​២ពាន់ដុល្លារ​ប៉ុណ្ណោះ ខណៈ​ការ​ចំណាយ​រហូត​ដល់​ទៅ​ជិត​១ម៉ឺនដុល្លារ។

លោក កែវ សាស្ត្រា ប្រធាន​ក្រុម​យុវជន​រៀបចំ​កម្មវិធី​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ប្រាក់​ដែល​​សប្បុរសជន​ចូល​បុណ្យ​​កាល​ពី​ល្ងាច​មិញ​ទទួល​បាន​មិន​ដល់​១ ពាន់ដុល្លារ​នោះ​ឡើយ ហើយ​បើ​បូក​សប្បុរស​ចូល​មុន​ថ្ងៃ​រៀបចំ​​ផង​នោះ បាន​ប្រហែល​ត្រឹម​តែ​ខ្ទង់២ពាន់​ដុល្លារ​ប៉ុណ្ណោះ។" អត់​ដឹង​គិច​ម៉េច​ទេ​​ខ្ញុំ​លុយ​យប់​ល្ងាចមិញ​បាន​តែ​៩១០ ដុល្លារ​ទេ បើ​បូក​​គេ​ចូល​មុនៗ សរុប​ទាំង​អស់ ខ្ទង់​២ពាន់​ដុល្លារ​ហ្នឹង ចុះ​បើ​ចំណាយ​​អស់​ជិត​១ម៉ឺន​គិត​ម៉េច​ទៅ" លោក កែវ សស្ត្រា លើក​ឡើង។

លោក​បាន​បន្ត​​ឲ្យ​ដឹង​ថា ភ្ញៀវ​​បាន​អញ្ជើញ​មក​ចូល​រួម​កាល​ម្សិល​មិញ ច្រើន​គួរសម ក្នុង​នោះ​មាន​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​មន្ត្រី​ជា​ច្រើន​រូប​ទៀត ជា​មួយ​គ្នា​នោះ​ក៏​​មាន​សិល្បករ​ចាស់ៗ​មួយ​ចំនួន​ធំផង​ដែរ ប៉ុន្តែ​ថវិកា​គឺ​ទទួល​បាន​តិច​ខ្លាំង​ណាស់ មិន​គ្រប់​លើ​ការ​ចំណាយ​ឡើយ។

ការ​ចំណាយ​ដែល​លោក កែវ សាស្ត្រា លើក​ឡើង​ថា អស់​ខ្ទង់​១ម៉ឺន​ដុល្លារ​មាន​ដូច​ជា៖ ទី១ ពិធី​សូត្រមន្ត ​បូក​គ្រឿង ប្រដាប់ប្រដា អស់​ខ្ទង់​៣ពាន់ដុល្លារ។ ទី២ ពិធី​​​សំពះគ្រូ​ល្ខោន​ខោល និង គ្រឿង​ប្រដាប់ប្រដា អស់​ខ្ទង់​៣ពាន់ដុល្លារ។ ទី៣ អាហារ​អស់​​ខ្ទង់​៤ ពាន់​ដុល្លារ។

កម្មវិធី​បុណ្យ​នៅ​សល់​ថ្ងៃ​នេះ​១ព្រឹក​ទៀត​ដែល​ជា​កម្មវិធី​ឆ្លង លោក កែវ សាស្ត្រា នៅ​តែ​ទទូច​​ឲ្យ​សប្បុរសជន​មេត្តា​ជួយ​ចូល​រួម ដើម្បី​​​ជួយ​ដល់​ក្រុម​ខ្លួន​ដោះ​ស្រាយ​លើ​ការ​ចំណាយ​ដល់​ពិធី​បុណ្យ​ខាង​លើ។

ព្រឹទ្ធាចារ្យ​ល្ខោនខោល លោក យិត សារិន បច្ចុប្បន្ន​​មាន​វ័យ​៩២ឆ្នាំ លោក​មាន​ជំងឺ​ប្រចាំ​កាយ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ផ្ទះ​របស់​លោក មាន​ទីតាំង​ជិត​សាលា​មធ្យម​សិល្បៈ បឹង​សាយ៉ាប។

លោកព្រឹទ្ធាចារ្យ​ធ្លាប់​​ត្រូវ​បាន​ក្រុម​យុវជន​ដដែល​ នាំ​ទៅ​ព្យាបាល​​នៅ​ឯ​ប្រទេស​ថៃ​ម្ដង​ផង​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ ។ ថ្លៃ​នៃ​ការ​ព្យាបាល​ត្រូវ​បាន​រ៉ាប់រង​ដោយ​ក្រុម​យុវជន​នេះ​ទាំង​អស់ ដោយ​មក​ទល់​ពេល​បច្ចុប្បន្ន​ចំណាយ​​​ថ្លៃ​ព្យាបាល​អស់​ខ្ទង់​ជាង​៥ពាន់​ដុល្លារ​មក​ហើយ។

ប្រសិន​បើ ពិធី​​បុណ្យ​ខាង​លើ​នៅ​តែ​មិន​មាន​អាច​រក​ប្រាក់​គ្រប់​លើ​ការ​ចំណាយ​ទេ ប្រធាន​ក្រុម​រៀបចំ​កម្មវិធី​រូប​នេះ​និយាយ​ទាំង​អស់​សង្ឃឹម​ថា មាន​តែ​លក់​រថយន្ត​ដែល​ខ្លួន​កំពុង​ជិះ​រាល់​​ថ្ងៃសង​គេ​តែ​ប៉ុណ្ណោះ ត្បិត​អី​ពិធី​នេះ​លោក​ជា​អ្នក​ចេញ​មុខ​ធ្វើ៕

អត្ថបទ៖ ខុត សីហា

រូប​ថត៖ ផ្ដល់ឲ្យ