លាត​ត្រដាង​អាថ៌កំបាំង​​ផ្នូរ​ខ្មោច​ជន​ជាតិ​​​ភាគ​តិច​កាចក់​​នៅ​រតនគីរី​

  • 2017-01-14 02:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជន​បាន​ដឹង​​ច្រើន​ហើយ​អំពី​​ភូមិ​ខ្មោច​​ដ៏​​ចម្លែក​របស់​ ជន​ជាតិ​ភាគីតិច​កាចក់ ​នៅ​ភូមិ​កោះ​ពាក្យ​ ឃុំ​កោះ​ពាក្យ​ ស្រុក​វើនសៃ​ ខេត្ត​រតនគីរី​ដែល​ Sabay ផ្សព្វផ្សាយ​កន្លង​មក​​ ប៉ុន្តែ​ប្រហែល​ជា​មិន​ទាន់​ដឹង​ពិស្តារ​អំពី​​ប្រពៃណី​​បុណ្យ​ខ្មោច​ និង​ផ្នូរ​ខ្មោច​​នីមួយ​ៗ​ឡើយ។ ពេល​​នេះ​ Sabay សូម​បង្ហាញ​អាថ៌កំបាំង​ទាំង​នោះ​ដែល​បង្ហាញ​ដោយ​មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រចាំ​ខេត្ត​រតនគីរី។

លោក​ ស៊ី ​សាវ៉េត​​ ​​ ​អ្នក​នាំ​ភ្ញៀវ​ទេសចរ​ នៅ​ខេត្ត​រតនគិរី​បាន​ប្រាប់​​ថា​ ប្រពៃណី​ជន​ជាតិ​កាចក់​ដែល​ជា​ជន​ជាតិ​ភាគ​តិច​​នៅ​ឃុំ​កោះ​ពាក្យ ស្រុក​វើនសៃ​ ខេត្ត​រតនគីរី​​ខុស​ប្លែក​ពី​ប្រពៃណី​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទូទៅ​ប្រតិបត្តិ​សព្វ​ថ្ងៃ​ ជា​ពិសេស​អំពី​បុណ្យ​ខ្មោច។ ពិធី​បុណ្យ​ខ្មោច​របស់​ជន​ជាតិ​កាចក់​មាន​តែ​២​ដង​ប៉ុណ្ណោះ​សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ទៅ។ បុណ្យ​ទី​១​គឺ​ពេល​ស្លាប់​ ក្រុម​គ្រួសារ​នឹង​រៀប​ចំ​ពិធី​បុណ្យ​សព​រយៈ​ពេល​៣​យប់​ ៣​ថ្ងៃ​យ៉ាង​អធិកអធម​ ឬ​ទៅ​តាម​លទ្ធភាព​របស់​គ្រួសារ​សព​។ ប្រសិន​បើ​គ្រួសារ​ធូរធារ​ ពួក​គាត់​នឹង​រៀប​ចំ​បុណ្យ​ធំ​​ដែល​មាន​កាប់​ក្របី​ច្រើន​ក្បាល​​ និង​រៀប​ចំ​អធិកអធម​បំផុត ប៉ុន្តែ​គ្រួសារ​ខ្សត់​ខ្សោយ​មិន​ធ្វើ​បុណ្យ​ធំ​ដុំ​ឡើយ។

អ្នក​​នាំ​ភ្ញៀវ​ដែល​ចេះ​និយាយ​ភាសា​ជន​ជាតិ​ភាគ​តិច​រូប​នេះ​បន្ត​ថា​ ពេល​យក​សព​ទៅ​បញ្ចុះ​ ក្រុម​គ្រួសារ​នឹង​មាន​ធ្វើ​រូប​ចម្លាក់​​ពី​ឈើ​ប្រុស​១​ និង​ស្រី​១​ដែល​មាន​ផ្ទៃ​ពោះ​ដាក់​បញ្ឈរ​នៅ​មុខ​ផ្នូរ។ រូប​ចម្លាក់​នេះ​មាន​ន័យ​ថា​ ជា​ខ្ញុំ​បម្រើ​របស់​សព​ដែល​នៅ​រស់​មាន​ជីវភាព​ធូរធារ​ ហើយ​ស្លាប់​ទៅ​ក៏​មាន​ខ្ញុំ​បម្រើ​តាម​ថែ​រក្សា។ នៅ​ពី​មុខ​ផ្នូរ​មាន​ដាក់​តាំង​ក្បាល​ក្របី​​ដែល​មាន​ស្នែង​ទាំង​ពីរ​ ដើម​ចេក​ នៅ​លើ​ផ្នូរ​មាន​ដាក់​គ្រឿង​​ប្រើ​ប្រាស់​ដូច​ជា​ ចាន​ ឆ្នាំង​ ក្អម​ ពាង​ និង​វត្ថុ​ប្រើ​ប្រាស់​ជា​ច្រើន​ ខណៈ​​ដំបូល​ផ្នូ​ត្រូវ​​បាន​​តុប​តែង​លំអ​​ដោយ​ក្បូរក្បាច់​ ក្រណាត់​ និង​ពណ៌​ក្រហម​ ព្រម​ទាំង​វត្ថុ​ផ្សេង​ៗ​ជា​ច្រើន​ទៀត។ ​ ការ​រៀប​ចំ​​ផ្នូរ​បែប​នេះ​​ត្រូវ​បាន​គេ​សម្គាល់​ថា​ ផ្នូរ​នោះ​ជា​ផ្នូរ​ខ្មោច​អ្នក​មាន។

ចំណែក​ក្រុម​​​គ្រួសារ​​ក្រ​ខ្សត់​វិញ​មិន​មាន​រៀប​ចំ​បុណ្យ​ធំ​ដុំ​ និង​កាប់​ក្របី​ឡើយ។ ពេល​យក​សព​ទៅ​បញ្ចុះ​ ផ្នូរ​​ត្រូវ​បាន​ធ្វើ​ឡើង​ធម្មតា​ប៉ុណ្ណោះ​ពោល​គឺ​មាន​តែ​ពូន​ដី​ និង​ដំបូល​​ដោយ​អត់​មាន​រូប​ចម្លាក់​ ក្បាល​ក្របី​ ឬ​គ្រឿង​ប្រើ​ប្រាស់​ផ្សេង​ៗ​ឡើយ។​ បើ​ទោះ​ជា​គ្រួសារ​សព​នោះ​ ថ្ងៃ​ក្រោយ​មាន​ជីវភាព​ធូរធារ​ ក៏​មិន​អាច​ទិញ​សម្ភារៈ​ ឬ​ធ្វើ​រូប​ចម្លាក់​ទៅ​ដាក់​បាន​ឡើយ​ ពី​ព្រោះ​ប្រពៃណី​កំណត់​ថា​ កាល​សព​នោះ​​នៅ​រស់​ខ្វះ​ខាត​ ពេល​ស្លាប់​ទៅ​ក៏​ខ្វះ​ខាត​ដែល​គ្មាន​អ្វី​យក​ទៅ​ជា​មួយ​បាន​ឡើយ។

លោក​​ ស៊ី ​សាវ៉េត​ ដែល​ស្គាល់​ច្បាស់​ពី​ប្រពៃណី​ជន​ជាតិ​ភាគ​តិច​បន្ត​ថា​ ​ការ​ធ្វើ​បុណ្យ​ទី​២​ គឺ​បន្ទាប់​ពី​​បញ្ចុះ​សព​បាន​១២​ខែ។ ក្នុង​រយៈ​ពេល​១២​ខែ​នេះ​ ក្រុម​គ្រួសារ​សព​ត្រូវ​តែ​ទៅ​ថែរក្សា​ និង​បោស​សំអាត​ផ្នូរ​ឲ្យ​នៅ​ស្អាត​​ល្អ​ជា​និច្ច។ ពិធី​បុណ្យ​លើក​ទី​២នេះ​​​គឺជា​​​បុណ្យ​លា​គ្នា​ ឬ​ផ្ដាច់​ចំណង​ទាក់ទង​គ្នា​រវាង​អ្នក​ស្លាប់​ និង​​អ្នក​រស់។ ​បុណ្យ​លើក​ទី​​នេះ​ក៏​ត្រូវ​រៀប​ចំ​ឡើង​​ទៅ​​តាម​លទ្ធភាព​របស់​គ្រួសារ​ដែរ។ ក្រោយ​រៀប​ចំ​បុណ្យ​លើក​ទី​២​រួច​​ហើយ​ ក្រុម​គ្រួសារ​ ​សាច់​ញាតិ​ឈប់​ទៅ​មើល​ផ្នូរ​សព​នោះ​ទៀត​ហើយ​​ដោយ​ទុក​ចោល​ទៅ​តាម​ធម្មជាតិ​ជា​រៀង​រហូត។ ជាង​នេះ​ទៀត​នោះ​ ផ្នូរ​ខ្មោច​ក៏​មាន​លក្ខណៈ​ខុស​គ្នា​ និង​ដាច់​ឆ្ងាយ​ពី​​គ្នា​ដូច​ជា​ ផ្នូរ​មេ​កន្ទ្រាញ​ ផ្នូរ​អ្នក​មាន​ ផ្នូរ​អ្នក​ក្រ​ ផ្នូរ​ស្ត្រី​ដែល​ស្លាប់​ពេល​ឆ្លង​ទន្លេ​ និង​ផ្នូរ​កូន​ក្មេង​ជា​ដើម។ ​

​ទំនៀម​ទម្លាប់​របស់​អ្នក​ភូមិ​ជន​ជាតិ​កាចក់ ​ពេល​អ្នក​ណា​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ខ្មោច​ ​គឺ​មិន​ឲ្យ​ចូល​​ក្នុង​ភូមិ​វិញ​​​ទេ​ ​ព្រោះ​ខ្លាច​​ព្រលឹង​ខ្មោច​​ទៅ​អុក​ឡុក​អ្នក​ភូមិ។ ​ម៉ោង​១២​ថ្ងៃ​ត្រង់​​​ជា​ពេល​វេលា​គួរ​ឲ្យ​ខ្លាច​ជាង​គេ​​ដែល​ស្ទើរ​តែ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ចូល​​ឡើយ​​ ពី​​ព្រោះ​ពួកគេ​ជឿ​ថា ​​ជា​ពេល​ដែល​ខ្មោច​មាន​ឥទ្ធិពល​​​កាច​សាហាវ។ អ្នក​​ដែល​ចូល​ទៅ​​​មើល​ព្រៃ​ខ្មោច​ ​​ពេល​ត្រឡប់​មក​វិញ​ត្រូវ​​ធ្វើ​សញ្ញា​ខ្វែង​សម្រាប់​​អ្នក​ដើរ​ក្រោយ​គេ​ដើម្បី​រារាំង​ខ្មោច​​កុំ​ឲ្យ​ដើរ​តាម​បន្ត​ទៀត៕

អត្ថបទ៖ ជាន ចាន់រ៉ា