ជួល​មិត្តភ័ក្ដិ​ឲ្យ​កាត់​ដៃ​ជើង​​​​សង្ឃឹម​​ប្រាក់​ធានា​១៥ម៉ឺន​ដុល្លារ​ តែ​លទ្ធផល​ចុក​ឈាម
  • 2017-01-09 03:28:12
  • ចំនួនមតិ

ចន្លោះមិនឃើញ

នារី​​អាយុ​​​៣០​ឆ្នាំ​​ម្នាក់​ បាន​​​ពឹង​ពាក់​​មិត្តភ័ក្ដិ​ឲ្យ​​ជួយ​​កាត់​ដៃ ​កាត់​ជើង​​របស់​ខ្លួន​ចោល​ ដើម្បី​ជា​លេស​​កុហក​​​​ថា​​​រថភ្លើង​​កិន​ក្នុង​គោល​បំណង​ទារ​​ប្រាក់​​​​ប្រមាណ​ ១៥ម៉ឺន​ដុល្លារ​អាមេរិក​ ពី​ក្រុម​ហ៊ុន​​ធានារ៉ាប់រង​​​សុខភាព​​​​ចំនួន​ពីរ ​តែ​​ទទួល​បាន​លទ្ធផល​មក​វិញ​​​ផ្ទុយ​​ពី​ការ​គ្រោង​ទុក​។

ដំបូង​ឡើយ ​ស្ត្រី​រូប​នេះ​បាន​ជួល​​មិត្តភ័ក្ដិ​ប្រុស​ជិត​ស្និត​​​​ម្នាក់​​​ឲ្យ​ជួយ​កាត់​ដៃ​ម្ខាង និង​ជើង​ម្ខាង​ ដោយ​ហ៊ាន​ឲ្យ​ប្រាក់​សគុណ​​​ទៅ​គាត់​ចំនួន​ ២ ៣០០​ដុល្លារ។​ ចំពោះ​ជីវិត​ប្រចាំ​ថ្ងៃ នាង​មាន​ប្ដី​​​រស់​នៅ​ទីក្រុង​និង​​កូន​​២​នាក់​​ថែម​ទៀត។

ផែន​ការ​​កាត់​អវយវៈ កើត​ឡើង​នា​វេលា​ម៉ោង​​១២​រំលង​អាធ្រាត្រ ដោយ​​​​នាង ​​​និង​មិត្តភ័ក្ដិ​​​អង្គុយ​សម្ងំ​ចាំ​រថភ្លើង​មក​ដល់ ​ទើប​​ឲ្យ​បុរស​​នោះ​ជួយ​កាត់​ក្បែរ​ផ្លូវ​ដែក​ ដោយ​កាត់​ជើង​​មុន ​រួច​​កាត់​ដៃ​តាម​ក្រោយ​ ហើយ​គាត់​ធ្វើ​ជា​​​រត់​ទៅ​ប្រាប់​ប៉ូលិស​​​យ៉ាង​ប្រញាប់​ប្រញាល់​។​

​បន្ទាប់​ពី​កាត់​រួច នាង​ត្រូវ​​​បាន​អ្នក​ដំណើរ​​​ផ្សេង​ម្នាក់​ទៀត​​ឃើញ ​រួច​​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ដោយ​​ដៃ និង​ជើង​​អាច​តភ្ជាប់​គ្នា​បាន ​​ប៉ុន្តែ​រយៈពេល​​៤​ថ្ងៃ​​ក្រោយ​​ ត្រូវ​គ្រូពេទ្យ​ដក​ចេញ​វិញ​ដោយ​សារ​ងាប់​កោសិកា​​ធ្វើ​ឲ្យ​នាង​ពិការ​​ជា​រៀង​រហូត​។ ​ ​ទោះ​ជា​យ៉ាង​ណា​​​​ ក្នុង​អំឡុង​ពេល​​ស៊ើប​អង្កេត​ ​ប៉ូលិស​​​បាន​រក​ឃើញ​​​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ​តែ​​នាង​​បាន​ទទូច​ដដែល​ៗ​ឲ្យ​ប៉ូលិស​ចេញ​​លិខិត​បញ្ជាក់​ថា​​នាង​​ត្រូវ​រថភ្លើង​កិន ​ដើម្បី​​​ទទួល​បាន​ប្រាក់​​ធានារ៉ាប់រង។ ​មុន​​រឿង​ហេតុ​កើត​ឡើង នាង​បាន​​ចុះ​កិច្ចសន្យា​​ទិញ​សេវា​ធានារ៉ាប់រង​​​ពី​​ក្រុម​ហ៊ុន​​ចំនួន​២ តែ​ទើប​បាន​រយៈពេល​​​ប៉ុន្មាន​សប្ដាហ៍​​ប៉ុណ្ណោះ ក៏​នឹក​ឃើញ​គម្រោង​នេះ​តែម្ដង។

​អ្វី​ដែល​ប្លែក ពេល​ប៉ូលិស​​​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ពួក​គេ​​ឃើញ​នាង​មិន​ការ​ឈឺ​ចាប់​ ឬ​តក់​ស្លុត​​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ​​។ បន្ទាប់​​ពី​ស៊ើប​អង្កេត​​បញ្ចប់ ប៉ូលិស​បាន​​​ស្រាវជ្រាវ​ឃើញ​​ថា​​ វា​មិនមែន​​​ជា​គ្រោះថ្នាក់​រថភ្លើង​បុក​ឡើយ​ ​ទើប​​​នាង​ចេញ​​មុខ​សារភាព​​​ទាំង​បង្ខំ​ចិត្ត​ថា​​ នាង​បាន​ជួល​មិត្តភ័ក្ដិ​ប្រុស​ឲ្យ​ជួយ​កាត់​ដៃ និង​ជើង​​ ដូច្នេះ​​នាង​អាច​បោក​ប្រាស់​​​ក្រុម​ហ៊ុន​ទាំង​ ២​ខាង​លើ​បាន​។ មូលហេតុ​​​​ជំរុញ​ឲ្យ​ធ្វើ​បែប​នេះ ​ព្រោះ​នាង​​​​ធុញ​ថប់​​​​ខ្លាំង​ពី​បញ្ហា​គ្រួសារ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ​និង​ត្រូវ​ការ​លុយ​​ជា​ចាំបាច់។

​ចំណែក​ ការ​ជ្រើស​​​កន្លែង​​​ធ្វើ​សកម្មភាព​ គឺ​នៅ​​​ក្បែរ​ប៉ុស្តិ៍​​ប៉ូលិស​ដើម្បី​​​ងាយ​ស្រួល​ឲ្យ​គូកន​​របស់​នាង​រត់​ទៅ​ប្រាប់​​ប៉ូលិស​បាន​រហ័ស​​នៃ​ដំណើរ​​រឿង​នៅ​ក្ដៅៗ។​

​ចុង​បញ្ចប់​ ​ស្ត្រី​រូប​​នេះ​​ក្រៅ​ពី​ពិការ​ដៃជើង​​អស់​មួយ​ជីវិត​​ហើយ​ ប៉ូលិស​បាន​​​ពិន័យ​នាង​បន្ថែម​ពី​លើ​ទៀត​​​​ចំនួន​​៦៦​ដុល្លារ ​និង​​មិត្ត​ភក្តិ​​នាង​ចំនួន​ ៣០​ដុល្លារ​ ពី​បទ​​ធ្វើ​ល្បិច​​បោក​ប្រាស់​ ដើម្បី​កេង​ចំណេញ​ផល​ប្រយោជន៍​អ្នក​ដទៃ៕

​តម្លៃ​អប់រំ៖ ភាព​លោភលន់ ចង់​បាន​​ទ្រព្យ​​អ្នក​ដទៃ​ ជា​ផ្លូវ​​នាំ​ទៅ​រក​​សេចក្ដី​វិនាស​។ ​ការ​សេព​គប់​មិត្ត​អាក្រក់ គំនិត​​មិន​​ល្អ​​ តែង​តែ​នាំ​សេចក្ដី​ទុក្ខ​ទាំង​​​នោះ​មក​ដល់​ខ្លួន​ដែរ​។


ប្រភព៖ Mirror   ប្រែ​សម្រួល៖ ឡេង ភារុណ