យុវតី ១០០ នាក់​ប្តេជ្ញា​សម្រេច​គោលដៅ​ការ​ប្រជែង Technovation ២០១៧

  • 2017-01-10 05:28:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​ជិត ១០០ នាក់​បាន​ចូលរួម​ស្តាប់​ការ​ធ្វើ​បទ​បង្ហាញ​ពី​កម្មវិធី Technovation 2017 ដែល​​បាន​រៀបចំ​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ​នៅ​អាគារ Development Innovations។ អ្នក​ចូលរួម​ជា​សិស្សកំពុង​សិក្សា​នៅ​​ថ្នាក់​​វិទ្យាល័យ​ស្ថិត​នៅ​វ័យ​អាយុ​ចន្លោះ​ពី ១០ ទៅ ១៨ ឆ្នាំ​ ​ដែល​ភាគ​ច្រើន​​មិន​សូវ​មាន​បទពិសោធន៍​និង​ចំណេះដឹង​ពី​បច្ចេកវិទ្យា។

អ្នក​នាង ហ៊ាង អូមួយ ឯកអគ្គរដ្ឋទូត Technovation កម្ពុជា​ ២០១៧​ បាន​ឲ្យ​ដឹង​ថា Technovation ជា​កម្មវិធី​ប្រកួតប្រជែង​បច្ចេកវិទ្យា​អន្តរជាតិ​សម្រាប់​ក្មេង​ស្រី​ទូទាំង​សាកលលោក ដែល​បង្កើត​ឡើង​ក្នុង​គោលដៅជំរុញ​យុវតី​វ័យ​ក្មេងៗ​ងាក​មក​ចាប់​អារម្មណ៍​លើ​វិស័យ​បច្ចេកវិទ្យា ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម។

អ្នក​នាង​ថា អ្នកចូលរួមនឹងទទួល​បាន​ការ​បណ្ដុះបណ្ដាលរយៈ​ពេល ១២ សប្ដាហ៍ លើ​ការ​រៀន​ជំនាញ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ថ្នាក់​មូលដ្ឋាន និង​ការ​អភិវឌ្ឍ​គម្រោង​ធុរកិច្ច ដើម្បី​​មាន​សមត្ថភាព​គ្រប់គ្រាន់​អាចចូលរួម​ប្រកួតប្រជែង​ក្នុងកម្មវិធីនេះ។

"អ្វី​ពួកគេ​ត្រូវ​ធ្វើ​គឺ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ជឿជាក់​លើ​​សមត្ថភាព​ខ្លួន​ឯង​កុំ​បោះបង់ក្តី​សុបិន្ត​ដើម្បី​អាច​ឈាន​ទៅ​សម្រេច​គោលដៅ​ចុងក្រោយ​"។ អ្នក​នាង​បន្ថែម។

កញ្ញា​កែវ មុយលៀង មក​ពី​សាលា AIS បង្ហាញចំណាប់​អារម្មណ៍សម្រាប់ការចូលរួមប្រកួតប្រជែងក្នុងកម្មវិធី​នេះ។ យុវតីរូបនេះគ្រោង​បង្កើត​កម្មវិធី​​ដែល​ផ្តោត​លើ​ផ្នែក​វេជ្ជសាស្រ្ត​ដោយសារ​មើល​ឃើញ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​មាន​បញ្ហា​ផ្នែក​សុខភាព​និង​ខ្វះខាត​ព័ត៌មាន​​ ដេីម្បីងាយស្រួលអាចស្វែងរកសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព។

Technovation 2017 ជា​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា និង​ផែនការ​ធុរកិច្ច​អន្តរជាតិ​សម្រាប់​​ក្មេង​ស្រី​​ដែល​មាន​អាយុ​ពី ១០ ទៅ ១៨ ឆ្នាំ ទូទាំង​សកលលោក។ ការប្រកួតប្រជែងតាម​រយៈ​ការអភិវឌ្ឍ​កម្មវិធី​លើ​ទូរសព្ទ​ដែល​អាច​​ជួយ​ដោះស្រាយ​បញ្ហា​​​កើត​ឡើង​នៅ​ក្នុង​សហគមន៍។ ក្រុម​ដែល​ឈ្នះ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ១០ ក្រុម​ពី​ជុំវិញ​ពិភពលោក​នឹង​ត្រូវ​អញ្ជើញ​ទៅ​ធ្វើ​បទ​បង្ហាញ​នៅ​ទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូល សហរដ្ឋ​អាមេរិក​ក្នុង​ខែ​កក្កដា​ ក្នុង​នោះ ២ ក្រុម​ចុងក្រោយ​ដែល​ឈ្នះ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១០ ០០០ ដុល្លារ​អាមេរិក។

Technovation កម្ពុជា ត្រូវ​បាន​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា Development Innovations ក្រុមហ៊ុន Digital Mobile Innovations ក្រុមហ៊ុន Smart Axiata និង​ក្រុមហ៊ុន Sabay។

អត្ថបទ៖ ប៊ុណ្ណារ៉ា