​ផាន់ គ្រាន់ ​​ដង្ហោយ​រក​​ក្លឹប​ហាត់​​​ស្ដារ​ក្បាច់គុន​

  • 2017-01-12 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​ប្រដាល់​​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​គ្រាន់​បើ​ក្នុង​ពិភព​ប្រដាល់​សេរី​ ផាន់ គ្រាន់ ​កំពុង​​ស្វែង​​រក​ក្លឹប​ហ្វឹកហាត់​ ដើម្បី​បង្កើន​សមត្ថភាព​ឡើង​វិញ​ ​​ក្នុង​គោល​បំណង​ចង់​​មាន​​ទីផ្សារ​ឡើង​សង្វៀន​ញឹកញាប់​។ ​

កូន​សិស្ស​ក្នុង​ក្លឹប​​គុជសាលកីឡា​រូប​នេះ ​ ហាក់​ធ្លាក់​​ចុះ​សមត្ថភាព​មួយ​រយៈ​ចុង​​ក្រោយ​​នេះ​ ប៉ុន្តែ​​​ជា​ការ​ឆ្លើយ​តប​រូប​​គេ​​បង្ហើប​ថា មក​ពី​គ្មាន​ក្លឹប​ហ្វឹកហាត់​ត្រឹម​ត្រូវ ជាង​នេះ​ទៅ​ទៀត​គ្មាន​សូម្បី​បាវ​សាក់​សម្រាប់​ទាត់​បង្កើន​កម្លាំង​ជើង។ បន្ថែម​លើស​ពី​នេះ​គ្មាន​ដៃ​គូ​ហាត់​ចាប់​ឡាំ​ ដើម្បី​ពង្រឹង​​ស្នៀត​ចាប់​ ​ខណៈ​កន្លង​មក​ហ្វឹកហាត់​ម្នាក់​ឯង​​​បាន​ត្រឹម​រត់​​ និង​ពឹង​​អ្នក​ដ៏ទៃ​ជួយ​កាន់​​​ផ្ទាំង​ស៊ីប​ជា​ដើម។

​​ការ​ត្អូញត្អែរ​ខាង​លើ​​ក្រោយ​​លោក ផាន់​​ ផាន់ណាត ​ជា​គ្រូ​បង្វឹក​​​របស់​ ផាន់​ គ្រាន់​ ​​ទទួល​មរណភាព​។ ​​​​ពេល​នេះ​ជើង​ខ្លាំង​ធ្លាប់​យក​ឈ្នះ​ ឡៅ ចន្ទ្រា ​ដោយ​​ពិន្ទុ​​រូប​នេះ​​​កំពុង​ដង្ហោយ​​​ស្វែងរក​ក្លឹប​ហ្វឹកហាត់​​ត្រឹម​ត្រូវ​ពង្រឹង​សមត្ថភាព​​ស្វែងរក​ទីផ្សារ​ឡើង​វិញ។ ​​បច្ចុប្បន្ន​​មិន​សូវ​មាន​គេ​ហៅ​ឡើង​​សង្វៀន​​ឡើយ​គឺ​យ៉ាង​ច្រើន​បាន​ត្រឹម​មួយ​ខែ​ម្ដង​ប៉ុណ្ណោះ។

​​​ក្រៅ​ពី​ជា​កីឡាករ​ប្រដាល់​សេរី ផាន់ គ្រាន់​ ធ្លាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​សកល​ ដែល​ហ្វឹកហាត់​ជា​មួយ​លោក វ៉ែន សុផល គ្រូ​បង្ហាត់​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា​ផង​ដែរ​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​