Asus បើក Showroom ​ដំបូង​បំផុត​នៅ​កម្ពុជា ព្រឹក​មិញ និង​លក់ Smartphone-កុំព្យូទ័រ​ ធានា​ដល់​២​ឆ្នាំ

  • 2017-01-11 09:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​របស់​តៃវ៉ាន់ Asus បាន​បើក Showroom ជា​ផ្លូវ​ការ​ដំបូង​បំផុត​នៅ​កម្ពុជា កាល​ពី​ព្រឹក​មិញ​នេះ នៅ​ផ្លូវ​កម្ពុជា​ក្រោម ដោយ​មាន​ដាក់​លក់ Smartphone ម៉ាក Zenfone និង​កុំព្យូទ័រ​ទំនើបៗ​សុទ្ធ​របស់​ក្រុមហ៊ុន​ផ្ទាល់ ជាមួយ​នឹង​ការ​ធានា​រហូត​ដល់ ២ ឆ្នាំ​ឯណោះ។

Showroom ដែល​ត្រូវ​គេ​ឌីហ្សាញ​យ៉ាង​ស្អាត​មួយ​នេះ ក៏​ដើរ​តួ​ជា​មជ្ឈមណ្ឌល​សេវាកម្ម​ជួស​ជុល​ម៉ាក Asus ដែល​អតិថិជន​អាច​ទទួល​សេវាកម្ម​ធានា​ជួសជុល​ដោយ​ឥត​គិត​ថ្លៃ​នៅ​ទី​នោះ។

លោក Jeff Lo ប្រធាន​ក្រុមហ៊ុន Asus ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ថ្លែង​ថា៖ "នេះ​ជា​លើក​ដំបូង​បំផុត​ដែល​យើង​មាន​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​នៅ​កម្ពុជា។ ការ​បង្កើត​មជ្ឈមណ្ឌល​សេវាកម្ម​នេះ គឺ​ដើម្បី​ឲ្យ​អតិថិជន Asus គ្មាន​ការ​ព្រួយ​បារម្ភ បន្ថែម​លើ Asus ផលិត​ផលិត​ផលមាន​គុណភាព​ស្រាប់"។

ទាក់ទង​នឹង Smartphone លោក​បន្ត​ថា Zenfone កំពុង​តែ​ពង្រីក​ទីផ្សារ​យ៉ាង​ឆាប់​រហ័ស ទោះ​បី Smartphone មួយ​នេះ​ទើប​ប្រឡូក​ក្នុង​ទីផ្សារ​បាន ២ ឆ្នាំ ក៏ដោយ។

អតិថិជន​ដែល​ទិញ​ផលិតផល Asus ទាំង​អស់​នៅ Showroom ឬ​មជ្ឈមណ្ឌល​សេវាកម្ម​ជួស​ជុល​ម៉ាក Asus និង​ហាង​ទូរសព្ទ​ជា​ដៃគូ​សហការ នឹង​ទទួល​បាន​សេវាកម្ម​ធានា​​ជួសជុល​ដោយ​ឥត​គិត​ថ្លៃ​លើ Hardware។

  • Smartphone ទទួល​ការ​ធានា​រយៈ​ពេល ១ ឆ្នាំ
  • កុំព្យូទ័រ ទទួល​ការ​ធានា​រយៈ​ពេល ២ ឆ្នាំ។

លោក ហុង លីម អគ្គនាយក​ក្រុមហ៊ុន VIT ​អ្នក​ចែក​ចាយ​ផលិត​ផល Asus ផ្ដាច់​មុខ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​មជ្ឈមណ្ឌល​នេះ​ចង់​ឲ្យ​អ្នក​គាំទ្រ Asus កក់​ក្ដៅ និង​ទុក​ចិត្ត​លើ​សេវាកម្ម​ជួស​ជុល​លក្ខណៈ​ស្តង់ដារ​លើ​កុំព្យូទ័រ Desktop, Laptop និង Smartphone។

“នេះ​ជា​យុទ្ធសាស្ត្រ​ទាក់ទាញ​អតិថិជន​ថ្មីៗ ដោយ​យើង​មាន​បុគ្គលិក​ពេញ​ដោយ​សមត្ថភាព និង​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​ជួសជុល​ត្រឹម​ត្រូវ"។ លោក​បញ្ជាក់។

កម្មវិធី​សម្ពោធ​ព្រឹក​មិញ រៀបចំ​ដោយ​ក្រុមហ៊ុន VIT សហការ​ជាមួយ​ក្រុមហ៊ុន Asus ដែល​មាន​បទ​ពិសោធន៍​ផលិត​កុំព្យូទ័រ​ជាង ២៨ ឆ្នាំ និង Smartphone ម៉ាក Zenfone ជាង ២ ឆ្នាំ និង​បុគ្គលិក​ជាង ១២ ០០០ នាក់​ជុំវិញ​ពិភព​លោក៕

អត្ថបទ៖ វិទូ