កូន​​បង្កើត​និង​កូនប្រសា​​​អប្រិយ ធ្វើ​​បាប​ម្ដាយ​ចាស់​​បង្ខាំង​​ក្នុង​ទ្រុង​ដូច​ជ្រូក​រាប់​ឆ្នាំ

  • 2017-01-12 00:22:39
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក​យាយ​អាយុ​​៩២​​ឆ្នាំ ​កំពុង​ធ្វើ​​ឲ្យ​​មនុស្ស​​ជា​ច្រើន​អាណិត​អាសូរ​​ពន់​ពេក​​ ពេល​​គេ​ដឹង​ថា​​គាត់​ត្រូវ​​កូន​ប្រុស និង​​កូន​ប្រសា​ស្រី ​រួម​ដៃ​គ្នា​ធ្វើ​បាប​​ម្ដាយ​ជរា​ដោយ​បង្ខាំង​​ដូច​​ជ្រូក​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។

​ប្ដី​ប្រពន្ធ​​ចិត្ត​​ខ្មៅ​នេះ ​រស់​​នៅ​ក្នុង​ភូមិ​មួយ​​​នៃ​​តំបន់​​​ស្វយ័ត​ក្វាងស៊ីចុង ប្រទេស​​ចិន ដោយ​​បាន​បញ្ឆេះ​កំហឹង​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​​យ៉ាង​ច្រើន​​ក្រោយ​​ឃុំ​ម្ដាយ​នៅ​ទី​ងងឹត។ វីដេអូ​គួរ​​ភ្ញាក់ផ្អើល​​ខាង​ក្រោម​ ​​បាន​បែក​ធ្លាយ​​តាម​បណ្ដាញ​សង្គម​​ចិន​​​តាំង​​ពី​ថ្ងៃ​ម្សិលមិញ រហូត​ប៉ូលិស​​​ដុត​ដៃ​ដុត​ជើង​​តាម​ស្វែង​​​រក​កន្លែង​កើត​ហេតុ​ទាល់​តែ​ឃើញ។

តាម​ប្រភព​វីដេអូ​ដដែល​ គេ​ឃើញ​​លោក​យាយ​វ័យ​ចំណាស់​ស្គម​ស្គាំង​​អង្គុយ​​មាត់​បង្អួច​​​ដោយ​ដៃ​​ទាំង​ពីរ​ កាន់​របា​ទ្រុង​ដ៏​​កខ្វក់។ ស្ថានភាព​​នៅ​ទី​នោះ​គគ្រិច​គ្មាន​អនាម័យ​ ​បន្ទប់​ឃុំ​តូច​​ជាង​​១០​ម៉ែត្រការ៉េ ​មិន​មាន​​ទ្វារ​ ឬ​គ្រែ​សមរម្យ​ឡើយ​ តែ​​ជា​​បន្ទះ​​ក្ដារ​ចាស់​មួយ និង​​ភួយ​ចាស់​​​​មួយ​នៅ​ពី​លើ។

​​​ក្នុង​វីដេអូ​ គេ​បាន​ឮ​​សម្ដី​​លោក​យាយ​​និយាយ​តិចៗ​​ថា​ "​មាន​ដី​ខ្សាច់ តែ​ភ្នែក​ខ្ញុំ​​​មើល​មិន​ឃើញ​សោះ"។ បើ​យោង​ទៅ​តាម​​ប៉ូលិស​​​ប្រចាំ​តំបន់​អះអាង​ថា​ លោក​យាយ​​មាន​​ឈ្មោះ​ Yang ត្រូវ​​បាន​ជួយ​សង្គ្រោះ​​ពី​ខ្ទម​​ខាង​លើ រួច​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ហើយ។ ចំណែក​ជន​សង្ស័យ​ជា​ប្ដី​ប្រពន្ធ អាច​​ត្រូវ​ចោទ​​ប្រកាន់​ពី​​​បទ​ឧក្រិដ្ឋ​​​​ដោយ​បាន​ធ្វើ​បាប​ម្ដាយ​ខ្លួន៕


ប្រភព៖ people.cn ប្រែ​សម្រួល៖ ឡេង ភារុណ