ពិត​​ដូច​អ្នក​វិទ្យាសាស្រ្ត​ទស្សន៍ទាយ​ទេ​​? ឆ្នាំ ២០២២ ​​ផ្កាយ​ពីរ​​នឹង​បុក​គ្នា​ ​និង​អាច​មើល​ឃើញ​ភ្នែក​ទទេ​​ទៀត​ផង​

  • 2017-01-12 03:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​រួម​ទាំង​និស្សិត​ដែល​មាន​ការ​ចង្អុល​បង្ហាញ​ពី​សាស្ត្រាចារ្យ​ Larry Molnar នៃ​សកលវិទ្យាល័យ​ Calvin College បាន​ទស្សន៍ទាយ​ពី​ព្រឹត្តិការណ៍​ផ្កាយ​ពីរ​ដួង​អាច​បុក​គ្នា​នៅ​អំឡុង​ឆ្នាំ​ ២០២២ ដែល​ព្រឹត្តិការណ៍​នេះ​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ។

​​​​​​​​​​សាស្ត្រាចារ្យ​ Molnar ដែល​ជា​អ្នក​បង្ហាញ​ពី​ការ​ទស្សន៍ទាយ​​ក្នុង​ជំនួប​​សហគមន៍​តារាវិទូ​​អាមេរិក​កាល​ពី​ថ្មីៗ​នេះ​ បាន​និយាយ​ថា​​ គាត់​និង​ក្រុមការងារ​បាន​តាមដាន​​ផ្កាយ​ប្រព័ន្ធ​គោល​ពីរ​ KIC 9832227 នេះ​អស់​រាប់​ឆ្នាំ​មក​ហើយ។ ដូច​ដែល​រៀបរាប់​​ផ្កាយ​ប្រព័ន្ធ​គោល​ពីរ​នេះ​គឺ​ជា​ផ្កាយ​ពីរ​ដែល​ធ្វើ​ដំណើរ​ជុំវិញ​គ្នា។ ផ្កាយ​មួយ​មាន​ទំហំ​ធំ​ជាង​ព្រះអាទិត្យ​ ៤០% និង មួយ​ទៀត​ធំ​ជាង​ព្រះអាទិត្យ​ ៣ ដង។

គេ​សន្និដ្ឋាន​ថា​ផ្កាយ​ដែល​មាន​ចម្ងាយ​ ១ ៨០០ ឆ្នាំ​ពន្លឺ​ពី​ផែនដី​នេះ​គឺ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​នៃ​ការ​បុក​គ្នា​ដែល​មិន​អាច​ជៀស​ផុត​ ដើម្បី​បង្កើត​បាន​ជា​​​ការ​បំផ្ទុះ​​ពណ៌​ក្រហម​មួយ​ដែល​ចុង​ក្រោយ​ក្លាយ​ជា​ផ្កាយ​មួយ​ដ៏​ធំ។ ប្រសិន​បើ​ការ​បុក​គ្នា​នេះ​កើត​ឡើង​ដូច​ជា​ការ​ទស្សន៍ទាយ​មែន​ នោះ​វា​នឹង​ក្លាយ​ជា​ការ​ទស្សន៍ទាយ​លើក​ដំបូង​បង្អស់​អំពី​ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ។

ការ​បុក​គ្នា​នេះ​ដែរ​បង្កើត​បាន​ជា​ពន្លឺ​ភ្លើង​ដែល​ភ្លឺ​ជាង​​ផ្កាយ​ប្រព័ន្ធ​គោល​ពីរ​នេះ​នា​ពេល​បច្ចុប្បន្ន​ដល់​ទៅ​ ១០ ០០០​ ដង ដែល​អាច​ឲ្យ​មនុស្ស​លើ​ផែនដី​​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន៕​​​​​​​​​​​​

ប្រភព៖ techspot   ប្រែ​សម្រួល៖ សុខហេង