ផ្លូវមរណៈទាំង១៥ គ្រោះថ្នាក់បំផុត លើពិភពលោក
- 2017-01-16 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវមរណៈទាំង១៥ គ្រោះថ្នាក់បំផុត លើពិភពលោក
ចន្លោះមិនឃើញ
គ្មានអ្វីប្រសើរជាងការសម្រាកលំហែកាយ ដោយជិះម៉ូតូ ឬរថយន្តយឺតៗតាមដងផ្លូវ នៃទីជនបទឡើយ ព្រោះផ្លូវ បរិយាកាស និងទេសភាពនៅទីនោះ សុទ្ធតែស្រស់ស្អាត។ ក្រៅពីផ្លូវស្ងប់ស្ងាត់ ជនបទក៏មានផ្លូវគ្រោះថ្នាក់ជាច្រើន ដែលមនុស្សម្នាស្ទើរតែមិនហ៊ានជិះឆ្លងកាត់ផងដែរ។
ខាងក្រោមនេះគឺជា ផ្លូវមរណៈទាំង១៥ ដែលគ្រោះថ្នាក់បំផុត លើពិភពលោក៖
#១ ផ្លូវភ្នំ Zoji La – ប្រទេសឥណ្ឌា៖ តំបន់ Ladakh និង Kashmir ត្រូវបានតភ្ជាប់ដោយផ្លូវដែលមានសភាពតូចចង្អៀតខ្លាំង ប្រវែង ៩គីឡូម៉ែត្រនេះ។
#២ ផ្លូវ Transfăgărășan – ប្រទេសរ៉ូម៉ានី៖ វាស្ថិតនៅលើភ្នំ Carpathian Mountains និងប្រជុំភ្នំ Făgăraș ដែលអាចធ្វើដំណើរទៅទីខ្ពស់កម្ពស់ ២០៣៤ម៉ែត្រ ហើយជាផ្លូវដែលខ្ពស់បំផុត នៅរ៉ូម៉ានី។
#៣ ផ្លូវ Dalton Highway – រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក៖ វាគឺជាផ្លូវហាយវេដាច់ឆ្ងាយពីគេបំផុត នៅក្នុងពិភពលោក។ វាមានប្រវែង ៦៦៦គីឡូម៉ែត្រ និងតភ្ជាប់ តែ៣ស្រុកប៉ុណ្ណោះ។
#៤ ផ្លូវភ្នំ Khardung La – ប្រទេសឥណ្ឌា៖ វាមានកម្ពស់ ៥ ៦០២ម៉ែត្រ ជាផ្លូវឆ្លងកាត់ភ្នំខ្ពស់បំផុតលើពិភពលោក។
#៥ ផ្លូវ Yungas Road – ប្រទេសបូលីវី៖ វាមានកម្ពស់ ៦០០ម៉ែត្រ គឺជាផ្លូវគ្រោះថ្នាក់បំផុតលើពិភពលោក ដោយឆក់យកជីវិតមនុស្ស ពី ២០០ ទៅ ៣០០នាក់ ក្នុងមួយឆ្នាំ។
#៦ ផ្លូវ Atlantic Ocean Road – ប្រទេសន័រវេស៖ វាតភ្ជាប់ស្រុក និងឆ្នេរសមុទ្រតូចៗ ហើយមានន័យបំផុតសម្រាប់ភ្ញៀវទេសចរ ដោយសារតែទេសភាពដ៏អស្ចារ្យរបស់វា។
#៧ ផ្លូវរូងភ្នំ Guoliang Tunnel – ប្រទេសចិន៖ វាត្រូវបានសាងសង់ឡើងដោយអ្នកស្រុក ហើយជាផ្លូវតែមួយគត់ សម្រាប់ទំនាក់ទំនងរវាងអ្នកភូមិ និងពិភពលោកខាងក្រៅ។
#៨ ផ្លូវ Le Passage du Gois – ប្រទេសបារាំង៖ ផ្លូវប្រវែង ៤,៥គីឡូម៉ែត្រមួយខ្សែនេះ បើកដំណើរការតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ ព្រោះវាលាក់ខ្លួននៅក្រោមទឹក នៅពេលមានទឹកជោរ។
#៩ ផ្លូវភ្នំ Tianmen Mountain – ប្រទេសចិន៖ វាមានប្រវែង ១០គីឡូម៉ែត្រ និង កន្លែងបត់ចោទ ចំនួន៩៩ ហើយកម្ពស់ខុសគ្នារវាងដើម និងចុងផ្លូវ គឺប្រហែល ១ ០០០ម៉ែត្រ។
#១០ ផ្លូវ Hana – រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក៖ ផ្លូវប្រវែង ១១២គីឡូម៉ែត្រនេះ តភ្ជាប់តំបន់ Kahului និង Hana នៅលើកោះហាវ៉ៃ Maui។ ផ្លូវតូចចង្អៀតមួយនេះ តភ្ជាប់ដោយស្ពាន ចំនួន៥៩ ប៉ុន្តែ ៤៦ស្ពាន មានផ្លូវតែ១ប៉ុណ្ណោះ។ ផ្លូវមួយខ្សែនេះឧស្សាហ៍បិទញឹកញាប់ណាស់ ដោយសារការបាក់ដី។
#១១ ផ្លូវ Kolima – ប្រទេសរុស្ស៊ី៖ មនុស្សជាច្រើនតែងហៅវាថា ជា «ផ្លូវមរណៈ»។ ផ្លូវប្រវែង ៩០គីឡូម៉ែត្រដំបូង ត្រូវសាងសង់រួចរាល់ នៅក្នុងឆ្នាំ១៩៣២ ដោយក្រុមអ្នកទោស ខណៈផ្លូវទាំងមូល ត្រូវបញ្ចប់ការសាងសង់ នៅឆ្នាំ១៩៥៣។
#១២ ផ្លូវភ្នំ Col de la Bonette – ប្រទេសបារាំង៖ ផ្លូវឆ្លងកាត់ភ្នំ ដែលមានទីតាំង លើជួរភ្នំ French Alps កម្ពស់ ២ ០០០ម៉ែត្រនេះ មានកន្លែងបត់ចោទគ្រោះថ្នាក់ជាច្រើន។
#១៣ ផ្លូវភ្នំ Gotthard Pass – ប្រទេសស្វីស៖ វាមានប្រវែង ៦៤គីឡូម៉ែត្រ គឺជាផ្លូវឆ្លងកាត់ភ្នំខ្ពស់បំផុត នៅលើជួរភ្នំ ក្នុងប្រទេសស្វីស។
#១៤ ផ្លូវ Caucasus – ប្រទេសរុស្ស៊ី៖ ផ្លូវតូចចង្អៀតនេះ តភ្ជាប់ទីក្រុង Sochi និងបឹង Ritsa តាមរយៈភ្នំ។ វាជាផ្លូវគួរឲ្យភ័យខ្លាច និងចាប់អារម្មណ៍ ក្នុងពេលតែមួយ។
#១៥ ផ្លូវស្ពាន Eshima Ohashi – ប្រទេសជប៉ុន៖ ទោះបីជាវាគឺជាស្ពាន ប៉ុន្តែវាមានគ្រោះថ្នាក់មិនចាញ់ផ្លូវខាងលើប៉ុន្មានឡើយ។ វាតភ្ជាប់ទីក្រុង Sakaiminato និងទីក្រុង Matsue។ វាមានប្រវែង ១,៧គីឡូម៉ែត្រ និងទំហំទទឹង ១១,៣ម៉ែត្រ។ ស្ពានមួយខ្សែនេះមានកម្ពស់ខ្ពស់ខ្លាំងណាស់ រហូតអាចឲ្យកប៉ាល់ធំ បើកបរឆ្លងកាត់ខាងក្រោមវាបាន៕