ត្រណម​ ៤យ៉ាង​​ត្រូវ​ចៀស​ដាច់​ខាត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​​របស់​ដូនតា​ខ្មែរ​

  • 2017-01-17 06:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៩ខែ​ដប់​ថ្ងៃ​ ជា​រយៈពេល​ដែល​ស្ត្រី​​គ្រប់​រូប​ត្រូវ​ពពោះ​​កូន​ក្នុង​ផ្ទៃ ហើយ​ក៏​ជា​រឿង​ដ៏​លំបាក​បំផុត​របស់​ស្ត្រី​។ ក្នុង​កំឡុង​ពេល​ពពោះ ​ស្ត្រី​ជា​ម្ដាយ​ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​ល្អ ថែ​ទាំ​កូន​ក្នុង​ផ្ទៃ​រង់ចាំ​ថ្ងៃ​ដែល​កូន​ប្រសូត​ចេញ​ពី​ពោះ​ម្ដាយ។ ចំណែក​តាម​ទំនៀមទម្លាប់​តាំង​ពី​បុរាណក្នុងសង្គមខ្មែរ​ លោកយាយ វែន រ៉េត ឆ្មប​បុរាណ​ក្នុង​ខេត្ត​កំពង់ស្ពឺ ស្រុក​សំរោងទង ឃុំ​តាំង​ក្រូច ភូមិ​ក្រាំង​ម្កាក់ បាន​រៀប​រាប់​ត្រណម​ ៤​ចំណុច​។​​​

១. ​ហាម​មិន​ឱ្យ​អង្គុយ​មាត់​ជណ្ដើរ

​ លោកយាយ​ វ៉ែន រ៉េត ​ជា​ឆ្មប​បុរាណ​ធ្លាប់​មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​មក​ហើយ បច្ចុប្បន្ន​លោក​យាយ​មាន​អាយុ ៨៥​ បាន​ឆ្នាំ​បាន​​ប្រាប់​ថា ត្រណម​តាំង​ពី​បុរាណ​មក​ចាស់​ៗ​តែង​ហាម​ប្រាម​ស្រ្តី​មាន​ផ្ទៃ​ពោះ​មិន​ឱ្យ​អង្គុយ​មាត់​ជណ្ដើរ​នោះ​ទេ​។ លោកយាយ​ប្រាប់​ថា ការ​ដែល​ស្រ្តី​មាន​ផ្ទៃពោះ​អង្គុយ​មាត់​ជណ្ដើរ ខ្លាច​ពិបាក​សម្រាល​កូន​​ កូន​នោះ​ក្រ​ចេញ​ពី​ផ្ទៃ​ពោះ​ម្ដាយពេលសម្រាល​​ត្រូវ​ប្រើ​រយៈពេល​យូរ​។ ម្យ៉ាង​វិញ​ទៀត ខ្លាច​លោ​វិល​មុខ​ ឬ​ក៏​រអិល​ជើង​ធ្លាក់​ចុះ​មក ហេតុនេះ​ហើយ​បាន​ជា​ចាស់ៗ​មិន​ឱ្យ​អង្គុយ​មាត់​ជណ្ដើរ​ដាច់​ខាត​។

២.ហាម​មិន​ឱ្យ​ឈោង​ចាប់​នេះ​ចាប់​នោះ

​ លោក​យាយ​ប្រាប់​ទៀត​ថា កាល​ណា​ស្ត្រី​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ តាំង​ពី​ខែ​ដំបូង​ដាច់​ខាត​មិន​ឱ្យ​ឈោង​ចាប់​នេះ​ចាប់​នោះ​ទេ។ លោកយាយ​បន្ត​ទៀត​ថា មូលហេតុ​ដែល​ចាស់ៗ​ហាម​មិន​ឱ្យ​ឈោង​ដៃ​ខ្ពស់​ៗ​ព្រោះ​ខ្លាច​ទង​សួត​របូត​ចេញ​ពី​មាត់​កូន អាច​បណ្ដាល​ឱ្យ​កូន​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ក្នុង​ផ្ទៃ​ម្ដាយ​ក៏​មាន​ដែរ​។​

៣.​មិន​ឱ្យ​ងូត​ទឹក​ពេល​យប់

លោកយាយ វ៉ែន រ៉េត ប្រាប់​ទៀត​ថា តាំង​ពី​ជំនាន់​តាយាយ​របស់​​លោកយាយមកម្វ៉េះ ហាម​ដាច់​ខាត​មិន​ឱ្យ​ងូត​ទឹក​ពេល​យប់​ទេ​។ ងូត​ទឹក​ពេល​យប់​ លោក​យាយ​ប្រាប់​ថា អាច​ធ្វើ​ឱ្យ​កូន​នោះ​ថ្លោស​ពេក ពិបាក​សម្រាល​ព្រោះ​ទឹក​ពេល​យប់​ត្រជាក់​ខ្លាំង ធ្វើ​ឱ្យ​កូន​ក្នុង​ពោះ​ត្រជាក់​នាំ​ឱ្យ​ថ្លោស​។ ម្យ៉ាង​វិញ​ទៀត​ ងូត​ទឹក​ពេល​យប់​ខ្លាច​សត្វ​ចង្រៃ ដូចជា​ពស់ ក្អែប​ ចេញ​រកស៊ី​ពេល​យប់​ ខ្លាច​មាន​គ្រោះ​ថ្នាក់​។​

៤.​ កុំ​ដំអក់​

ចាស់ៗ​ពី​ដើម តែង​ហាម​ប្រាម​ស្រ្តី​មាន​ផ្ទៃ​ពោះ​កុំ​ទម្លាប់​ដំអក់​ ខ្ជិល ធ្វើ​អី​យឺត​ៗ ដូចជា​ ហូប​បាយ​មិន​ត្រូវ​ឡេះឡោះ ព្រឹក​ឡើង​ត្រូវ​ក្រោក​មុន​ប្ដី ប្រញាប់​ចូល​គេង​ជា​ដើម​។ មូល​ហេតុ​បាន​ជា​ចាស់ៗ​ក្នុង​សង្គម​ខ្មែរ ឱ្យ​ធ្វើ​ដូចនេះ​ព្រោះ​ខ្លាច​កូន​នោះ​កើត​មក​មិន​រហ័ស​រហូន ខ្ជិល​ច្រអូស ព្រោះ​ឆ្លង​តាម​ម្ដាយ​តាំង​ពី​នៅ​ក្នុង​ពោះ​។ ​ទំនៀម​ទម្លាប់​នេះ​ លោកយាយ​ប្រាប់​ថា មិន​អាច​មិន​ជឿ​បាន​ទេ ត្រូវ​តែ​ប្រតិបត្តិ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។

​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី