ហេតុ​ផល​៥​យ៉ាង​ ​​ដែល​ធ្វើ​ឲ្យ​ Barca អាច​វ៉ា​ដាច់​ Real ​លើក​ពាន​ La Liga រដូវ​កាល​នេះ

  • 2017-01-17 23:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការពារ​តំណែង​ជើង​ឯក​អេស្ប៉ាញ​​ FC Barcelona ​​ស្ថិត​នៅ​លេខ​៣ ​​ក្នុង​តារាង​ La Liga ​បច្ចុប្បន្ន​ មាន​៣៨​ពិន្ទុ ដោយ​ចាញ់​ក្រុម​លេខ​២ Sevilla ​១​ពិន្ទុ និង​ចាញ់​ក្រុម​កំពូល​តារាង​ Real Madrid ដែល​សល់​មួយ​ប្រកួត​ក្នុង​ដៃ ចំនួន​២​​ពិន្ទុ។ បន្ទាប់​ពី​ Real ​ភ្លាត់​ចាញ់​កាល​ចុង​សប្តាហ៍​កន្លង​ទៅ​ ​បាន​ធ្វើ​ឲ្យ​លីគ​កំពូល​អេស្ប៉ាញ ​ប្រជែង​គ្នា​ដណ្ដើម​ពាន​កាន់​តែ​ស្វិតស្វាញ​ជា​មុន។

កីឡាករក្រុម Barcelona អបអរ ក្រោយ​រក​គ្រាប់​ចូល​ទី​បាន​

ESPN FC ​បាន​​បង្ហាញ​ជូន​​មូលហេតុ​៥​យ៉ាង​ ដែល​អាច​ធ្វើ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​ វ៉ា​ដាច់​ Sevilla ​និង​ Real Madrid ​លើក​ពាន​ La Liga ​រដូវ​​កាល​នេះ​បាន។ ចង់​ដឹង​មាន​អ្វី​ខ្លះ សូម​​មើល​​ខាង​ក្រោម៖

១. ក្រុម​កីឡាករ​ខ្លាំង​ស្រុះ​គ្នា

បន្ទាប់​ពី​មាន​បញ្ហា​កីឡាករ​​លេង​មិន​សូវ​ត្រូវ​គ្នា​មួយ​រយៈ​ ​ពេល​នេះ​ Barcelona ​ហាក់​​ល្អ​ជាង​មុន​ឆ្ងាយ។ ជាក់ស្ដែង​​អ្នកចាត់ការ​ Luis Enrique ​បាន​ឲ្យ​ Neymar, Andres Iniesta, Gerard Pique និង​ Sergi Roberto ​សម្រាក​កាល​ប៉ះ​ Las Palmas ​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ Barca ​នៅ​តែ​អាច​ឈ្នះ​ ៥-០។ Luis Suarez និង​ Sergio Busquets ​ត្រឡប់​ទៅ​ទម្រង់​ល្អ​បំផុត​វិញ ខណៈ​ដែល​ Andre Gomes, Rafinha និង​ Arda Turan ​ក៏​ប្រសើរ​ជាង​មុន។ ដូច្នេះ​មាន​ន័យ​ថា លោក​ Enrique ​​អាច​ចល័ត​កីឡាករ​​​​​ឲ្យ​ចូល​លេង​បាន​ច្រើន ​ព្រោះ​ពួកគេ​មាន​សមត្ថភាព​ មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ។

២. អ្នកចាត់ការ​ Enrique ​​រក​ឃើញ​យុទ្ធសាស្ត្រ​ដ៏​ត្រឹម​ត្រូវ

អ្នកចាត់ការ​ Enrique ​បាន​ចំណាយ​ពេល​ជា​ច្រើន​មក​ហើយ​ ដើម្បី​ស្វែង​យល់​ពី​កីឡាករ​ និង​ទម្រង់​លេង​របស់​ក្រុម។ ការ​ហ្វឹកហាត់​យ៉ាង​ម៉ត់ចត់​ធ្វើ​នៅ​​ទីលាន​​ហ្វឹកហាត់​ Joan Gamper ​មុន​ដល់​​​ពេល​អនុវត្ត​ជាក់ស្ដែង​លើ​ទីលាន​ប្រកួត។ "ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ នូវ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​​ក្នុង​ទីលាន​ហ្វឹកហាត់ ​​ហើយ​ឥឡូវ​​ខ្ញុំ​សប្បាយ​ចិត្ត​ ពេល​ឃើញ​ពួក​យើង​​ធ្វើ​ល្អ​​ក្នុង​​ការ​ប្រកួត”។ អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ ​និយាយ​ក្រោយ​ឈ្នះ​ Las Palmas។

៣. Barca ​ធ្លាប់​មាន​បទពិសោធន៍​តាម​ពី​ក្រោយ​ Real ​បាន​លើក​ពាន​ កាល​២​ឆ្នាំ​មុន

រដូវ​កាល​ដំបូង​របស់​ Luis Enrique ​​ក្រុម​អ្នក​មាន​បុណ្យ​ ​បាន​ចាញ់​ពិន្ទុ​ Real Madrid ​៤​ពិន្ទុ ​ដែល​កាល​នោះ​ ក្រុម​ស្តេច​ស​ដឹក​នាំ​ដោយ​លោក​ Carlo Ancelotti ​និង​ឈ្នះ​២២​ប្រកួត​ជាប់​ៗគ្នា។ ប៉ុន្តែ​ទី​បំផុត​ Barca អាច​តាម​ទាន់ រហូត​​អាច​លើក​ពាន​រដូវ​កាល​២០១៤-២០១៥ ​បាន។ រីឯ​​ប្រកួត​ក្រៅ​ដី​​ពិបាកៗ​ដូច​ជា​ប៉ះ​ Valencia, Celta Vigo, Sevilla, Real Sociedad និង​ Athletic Bilbao រដូវ​កាល​នេះ​ចប់​រួច​រាល់​អស់​ហើយ ដូច្នេះ​ប្រកួត​ខាង​មុខៗ​នេះ​​ មិន​មែន​ជា​ការ​ពិបាក​​​ប៉ុន្មាន​ទេ សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ។

៤. Lionel Messi ​​​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ

មាន​កីឡាករ​ Super Star ​ដូច​ជា​ Lionel Messi ​​ក្នុង​ក្រុម​ Barcelona ​នោះ​ពួកគេ​​នៅ​តែ​មាន​ក្តី​សង្ឃឹម​លើក​ពាន​ខ្ពស់។ Messi ​បាន​ស៊ុត​បញ្ចូល​ទី​៧​ប្រកួត​ជាប់ៗ​គ្នា​ ក្នុង​៧​ប្រកួត​ចុង​ក្រោយ​នេះ។ ជា​ពិសេស​គឺ ស៊ុត​បាល់​ហ្វ្រីឃីក​យ៉ាង​សាហាវ ​​ចូល​​​ទី​នៅ​៣​ប្រកួត​ចុង​ក្រោយ​ជាប់ៗ​គ្នា។ Messi ជា​បេះដូង​របស់​ Barca ​ដែល​ត្រូវ​ការ​លើក​ពាន​រដូវ​កាល​នេះ។ ក្រៅ​ពី​ស៊ុត​បញ្ចូល​ទី​ ម្ចាស់​ពាន​ Ballon d'Or ​៥​សម័យ​កាល​​ ក៏​ជា​អ្នក​​ពូកែ​ចែក​បាល់​នាំ​លេង ​និង​​ជួយ​ Assists ច្រើន​ផង​ដែរ។

៥. Barca ​មាន​ក្បួន​ជា​អ្នក​ឈ្នះ​ ហើយ​កីឡាករ​មាន​ជំនឿ​ចិត្ត​ខ្ពស់

ទោះបី​កន្លង​មក​ ប្រកួត​ខ្លះ​មិន​បាន​ល្អ​​ដូច​ជា​ស្មើ​ Real Sociedad ​១-១, ចាញ់​ Celta Vigo ៤-៣, ស្មើ​ Malaga ០-០ និង​ស្មើ Villarreal ​១-១ ​​ប៉ុន្តែ​សម្រាប់​​អ្នកចាត់ការ​ Enrique ​នៅ​តែ​​ជឿ​ជាក់​លើ​សមត្ថភាព​ក្រុម​របស់​លោក​ខ្លាំង។ "អារម្មណ៍​របស់​យើង​ ប្រសើរ​ជាង​មុន​ហើយ​ឥឡូវ​នេះ និង​​ល្អ​ជាង​ចុង​ឆ្នាំ​​២០១៦។ យើង​ត្រូវ​បំភ្លេច​រឿង​មិន​ល្អ​ចេញ”។ លោក​ ​Enrique ​និយាយ​ក្រោយ​ស្មើ Villarreal។ រីឯ​កីឡាករ​ Barca វិញ ពួកគេ​ធ្លាប់​ឈ្នះ​ពាន​ច្រើន​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​ ដូច្នេះ​​ពួកគេ​មាន​ជំនឿ​ចិត្ត​ខ្លាំង​ណាស់ ក្នុង​ការ​ប្រកួត​នីមួយៗ។

យ៉ាងណាក្ដី ​ខាង​លើ​នេះ​គ្រាន់​តែ​ជា​ការ​វិភាគ​របស់​ ESPN ប៉ុណ្ណោះ ​​សម្រាប់​លទ្ធផល​ជាក់​ស្តែង​យើង​នឹង​ឃើញ​ទាំង​អស់​គ្នា​​ថា​ក្រុម​ណា​នឹង​លើក​ពាន​ La Liga រដូវ​កាល​នេះ​​​ ខណៈ​ដែល​ការ​ប្រកួត​​​នៅ​សល់​២០​ប្រកួត​ទៀត​ ទើប​ចប់​រដូវ​កាល៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​