ម្ដាយ​​កាត់​ទោស​ប្រហារ​ជីវិត ក្រោយ​ដុត​កូន​ស្រី​ទាំង​រស់​ព្រោះ​រឿង​រៀបការ

  • 2017-01-17 10:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តុលាការ​​​ប្រទេស​ប៉ាគីស្ថាន​​បាន​កាត់​ទោស​ប្រហារ​ជីវិត​​​ស្ត្រី​ជា​ម្ដាយ​​​មួយ​រូប​ បន្ទាប់​ពី​​ដុត​​កូន​ស្រី​វ័យ​១៨​ឆ្នាំ​ទាំង​​រស់​ ទុក​ជា​ការ​ដាក់ទណ្ឌកម្ម​ ព្រោះ​នាង​បាន​​រៀបការ​ដោយ​មិន​មាន​ការ​យល់​ព្រម​​ពី​គ្រួសារ។

អ្នក​ស្រី​ Parveen Bili

អ្នក​ស្រី​ Parveen Bili បាន​សារភាព​​នៅ​មុខ​តុលាការ​ពិសេស​​ប្រចាំ​ទីក្រុង​ Lahore ​​ពី​ការ​សម្លាប់​​កូន​ស្រី​​ខ្លួន​កាល​ពី​ខែ​​មិថុនា​​​ឆ្មាំ​មុន​ ​ព្រោះ​គាត់​គិត​ថា​កូន​ស្រី​​បាន​នាំ​ភាព​អាម៉ាស់​​ឲ្យ​គ្រួសារ។

បើ​តាម​ប្រភព​ប៉ូលិស​ នាង​ Zeenat Rafig អាយុ​ ១៨​ឆ្នាំ​​បាន​​រៀប​ការ​ជាមួយ​លោក​ Hassan Khan ​រួច​បាន​​សម្ងំ​រស់​នៅ​​ជាមួយ​គ្រួសារ​ខាង​ប្ដី​​បាន​មួយ​សប្ដាហ៍​​មុន​ពេល​​​ត្រូវ​ម្ដាយ​បង្កើត​​សម្លាប់។

លើស​ពី​នេះ​​ តុលាការ​​បាន​កាត់​ទោស​​​បងប្រុស​ជន​រងគ្រោះ​​​​ម្នាក់​​ទៀត​​ឲ្យ​ជាប់​គុក​​អស់​មួយ​ជីវិត​​​ ក្រោយ​រក​ឃើញ​ថា​​ លោក​ និង​ម្ដាយ​​លោក​​បាន​​វាយ​​ដំ​កូន​ស្រី​​យ៉ាង​ព្រៃ​ផ្សៃ​ មុន​​ចាក់​ប្រេងកាត​ដុត​នាង​ទាំង​រស់។

ក្នុង​អំពើ​​ឃាតកម្ម​​ក្នុង​​សង្កាត់​ក្រីក្រ​​មួយ​នេះ ​សាច់​ញាតិ​ អ្នក​ភូមិ​​​បាន​​ឃើញ​សាកសព​​​ឡើយ ​​តែ​ប៉ូលិស​រក​​ឃើញ​​​ស្នាម​​ឆេះ​រោល​ពណ៌​ខ្មៅ​នៅ​ទី​ធ្លា​មួយ​កន្លែង​។​

គួរ​បញ្ជាក់​ថា​ ​អំពើ​ហិង្សា​ប្រឆាំង​​ស្ត្រី​ភេទ​​បាន​កើត​ឡើង​ច្រើន​​នៅ​ប៉ាគីស្ថាន​។ បើ​តាម​ប្រភព​​​​គណៈកម្មការ​ការពារ​សិទ្ធិមនុស្ស​​​​ប៉ាគីស្ថាន បាន​រក​ឃើញ​ថា​​ក្នុង​​ឆ្នាំ​ ២០១៥​ មាន​ការ​សម្លាប់​ស្ត្រី​​ក្នុង​គ្រួសារ​​​ដែល​រង​ចោទ​ថា​​បាន​នាំ​ភាព​អាម៉ាស់​ឲ្យ​គ្រួសារ​​មាន​ចំនួន​​ជាង​ ១១០០​នាក់​ឯណោះ។

ចំណែក​​សភា​​ប៉ាគីស្ថាន ​​​ទើប​បាន​​អនុម័ត​ច្បាប់​​​ប្រឆាំង​​ការ​សម្លាប់​បែប​នេះ​កាល​ពី​ខែ​តុលា​ ពោល​គឺ​​​៣​ខែ​ បន្ទាប់​ពី​ឃាត​កម្ម​​​កូន​ស្រី​ខាង​លើ៕

កូន​ស្រី Zeenat Rafig
លោក Hassan Khan​ ជាប្ដីជនរងគ្រោះ និងគ្រួសារ

ប្រភព៖ Reuters   ប្រែ​សម្រួល៖ ឡេង ភារុណ