ដើម​ពោធិ៍​យក្ស​មួយ​ដើម​នៅ​វត្ត​ភ្នំ​ជី​សូរ​ មាន​អាយុកាល​ជាង​ ២០០​ឆ្នាំ​?​

  • 2017-01-19 11:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ពេល​ប្រិយមិត្ត​បាន​ទៅ​ទស្សនា​ប្រាសាទ​ភ្នំ​ជី​សូរ​ពិតជា​បាន​ពើប​ប្រទះ ​និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​បែប​ធម្មជាតិ​នៅ​លើ​កំពូល​ភ្នំ ​រួម​ទាំង​ប្រាសាទ​បូរាណ​សតវត្ស​ទី ​១១​ផង​។ ​បើ​យើង​ងាក​មក​ខាងជើង​ប្រាសាទ​បន្តិច​ពិត​ជា​បាន​ឃើញ​ដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម​មាន​ម្លប់​ត្រឈឹងត្រឈៃ​ទាក់ទាញ​អ្នក​មក​កម្សាន្ត​អោយ​ចូល​ឈប់​សម្រាក​លេង​។​

តាម​ការ​អោយ​ដឹង​ពី​លោកតា​សូ​សាន​អាយុ​៧៣​ឆ្នាំ ​ជា​ឆ្មាំ​ប្រាសាទ​នៅ​ទី​នោះ​បាន​ប្រាប់ ​Sabay​ ថា “ដើម​ពោធិ៍​នេះ​មាន​អាយុកាល​ជាង​ពី​រយ​ឆ្នាំ​មក​ហើយ ​គឺ​ចាប់​តាំងពី​ខ្ញុំ​កើតមក​ឃើញ​តែ​ដើម​ពោធិ៍​ធំ​តែ​ប៉ុណ្ណឹង​។​ ដើម​ពោធិ៍​នេះ​ គ​ល់​វា​ធំ​ទូលាយ​ និង​មាន​កម្ពស់​ជាង​ ៣០​ម៉ែត្រ ហើយ​ពី​ចុង​មែក​ម្ខាង​ទៅ​ម្ខាង​មាន​ប្រវែង​ពី​៣០​ទៅ​៤០​ម៉ែត្រ​ មាន​មែក​សាខា​ច្រើន​ដែល​ផ្ដល់​ម្លប់​យ៉ាង​ត្រជាក់​ដល់​អ្នក​ទេសចរណ៍​មក​កម្សាន្ត​។​”​

ចំណែក​អ្នកស្រី​ ណិល សា​រុំ​អ្នក​លក់ដូរ​នៅ​ក្បែរ​ម្លប់​ពោធិ៍​នេះ​ប្រាប់​ថា “​កាល​លោកយាយ​ខ្ញុំ​នៅ​មាន​ជីវិត​គាត់​ធ្លាប់​និយាយ​ប្រាប់​ចៅៗ​ថា ​ដើម​ពោធិ​នេះ​ធំ​ស្រាប់​ទៅ​ហើយ​តាំងពី​ជំនាន់​ម្ដាយ​ឪពុក​គាត់​ម្លេះ​។ ​ពេល​នេះ​លោកយាយ​មាន​អាយុ​១០១​ឆ្នាំ​បាន​ចែក​ឋាន​ទៅ​ថ្មីៗ​នេះ​”​។

ទន្ទឹម​នឹង​ដើម​ពោធិ៍​ដ៏​ធំ​នេះ អ្នក​ភូមិ​តែង​មាន​ជំនឿ​ ហើយ​រមែង​បន់ស្រន់​សុំ​សេចក្ដី​សុខ និង រកស៊ី​មាន​បាន​ ហើយ​ក៏​តែងតែ​ទទួល​បាន​ផល​ដូច​ក្ដី​ប៉ង​ប្រាថ្នា។ អ្នកភូមិ​និយាយ​ប្រាប់៕

​ ​

អត្ថ​ប​ទ៖ ​ជិន វេន​

​រូបភាព៖ ​ទូរសព្ឌ​ដៃ​