CR7 ​ជួយ​ក្មេង​ស៊ីរី​ ដែល​ឪពុកម្ដាយ​ស្លាប់​ចោល​ បាន​រស់​នៅ​ជាមួយ​ពូ​មីង​នៅ​អង់គ្លេស

  • 2017-01-23 03:07:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid ​កំពុង​ជួយ​ក្មេង​កំព្រា​ស៊ីរី ​អាយុ​៤​ឆ្នាំ​ ដែល​ឪពុក​ម្ដាយ​ស្លាប់​ចោល​​អស់ អាច​ឆ្លង​ដែន​ទៅ​រស់​នៅ​ប្រទេស​អង់គ្លេស​ ជាមួយ​ពូ​មីង​របស់​គេ​បាន។

ក្មេង​ប្រុស​ Haidar Mustafa កាល​ជួប​ Ronaldo

​កុមារា​ Haidar Mustafa ​វ័យ​៤​ឆ្នាំ ​​ត្រូវ​ឪពុកម្ដាយ​ស្លាប់​ចោល​ ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​ Beirut ​កាល​ខែ​ធ្នូ​ ឆ្នាំ​២០១៥ ​ខណៈ​ដែល​ទង្វើ​នោះ​គេ​ជឿ​ថា​ គឺ​បង្ក​ឡើង​ដោយ​ពួក​ ISIS។ ពូ​របស់​គេ​ Mohammad ​និង​ភរិយា ​​ដែល​រស់​នៅ​ប្រទេស​អង់គ្លេស ​ចង់​នាំ​ក្មួយ​ទៅ​ទី​នោះ​ ប៉ុន្តែ​​ជាង​១​ឆ្នាំ​មក​ហើយ​ នៅ​តែ​មិន​អាច​នាំ​យក​មក​បាន។ ប៉ុន្តែ​ The Sun ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​​ការ​​នាំ​យក​ក្មេង​ប្រុស​ម្នាក់​នេះ​ទៅ​អង់គ្លេស គឺ​​ជិត​បាន​ជោគជ័យ​១០០%​ហើយ បន្ទាប់​ពី​ Ronaldo ជា​អ្នក​ជួយ​ជ្រោមជ្រែង​ពី​ក្រោយ។

​កុមារា Mustafa ​ជា​​អ្នកគាំទ្រ​​ក្រុម​ Real Madrid និង​​​ជា​ Fan របស់​ CR7។ Ronaldo ​ធ្លាប់​ជួប​ Mustafa ​រួច​ហើយ​ ​នៅ​កីឡដ្ឋាន​ Santiago Bernabeu ​កាល​ឆ្នាំ​២០១៥។ ​​ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​លើ​លោក​របស់​ FIFA ធ្លាប់​និយាយ​ថា៖ "ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​លឺ​ថា​ Mustafa ​​សុវត្ថិភាព។ ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​គេ​ ទទួល​បាន​សេចក្ដី​សុខ​រហូត​ ​នា​ពេល​អនាគត​ ទោះ​នៅ​ទីណា​ក៏​ដោយ។ សូម​ធ្វើ​អ្វី​តាម​សុបិន​របស់​អ្នក និង​ខិត​ខំ​​ធ្វើ​វា​ ឲ្យ​ក្លាយ​ជា​ការ​ពិត”៕

  • សូម​ទស្សនា​វីដេអូ​ CR7 ជួប​ក្មេង​ប្រុស​ Mustafa កាល​ឆ្នាំ​២០១៥៖

ប្រភព៖ 101 Great Goals   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​