ខឹងឪពុកមិនឲ្យកាដូរថយន្តថ្ងៃពិសេស រត់ចេញពីផ្ទះព្រោះឃើញរបស់ហួសចិត្ត
- 2017-01-26 00:20:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខឹងឪពុកមិនឲ្យកាដូរថយន្តថ្ងៃពិសេស រត់ចេញពីផ្ទះព្រោះឃើញរបស់ហួសចិត្ត
ចន្លោះមិនឃើញ
ជេមស៍ ជានិស្សិតរៀននៅមហាវិទ្យាល័យមួយ គេតែងតែសរសើរមិនដាច់ពីមាត់អំពីប្រភេទរថយន្តស្ព័រជាយូរមកហើយ និងចង់បានមកជិះនាពេលណាមួយ។ រូបគេដឹងថាឪពុកខ្លួនមានលទ្ធភាពអាចទិញឲ្យតែរងចាំឱកាសល្អមកដល់។
ថ្ងៃមួយ គេបានប្រាប់ត្រង់ៗទៅកាន់ឪពុកថា ខ្លួនចង់បានរថយន្តស្ព័រជាកាដូនៅថ្ងៃបញ្ចប់ការសិក្សារបស់ខ្លួន។ លុះថ្ងៃទទួលសញ្ញាប័ត្រមកដល់ ឪពុកបានហៅកូនប្រុសចូលទៅក្នុងបន្ទប់តែពីរនាក់ ហើយនិយាយទាំងរីករាយថា "ពុកមានមោទនភាពណាស់ដែលមានកូនប្រុសល្អដូចរូបកូន។ តើកូនស្រលាញ់ពុកប៉ុណ្ណា? ពុកជូនកាដូមួយកញ្ចប់នេះទៅឲ្យកូន តើកូនពេញចិត្តទេ?
ភ្លាមៗបន្ទាប់ពីទទួលបានកាដូ កូនប្រុសប្រែទឹកមុខជាក្រហមខឹងខ្លាំង ព្រោះមិនបានរថយន្តតាមការចង់បាន។ ទោះវាជាកញ្ចប់កាដូ តែគេនៅតែចង់បើកមើលថាមានអ្វីនៅក្នុងនោះ។ គេបានបើកប្រអប់យឺតៗអ៊ុតមើលស្រាប់តែឃើញសៀវភៅមួយក្បាលទៅវិញ។ កាដូរនេះធ្វើឲ្យ ជេមស៍ រឹតតែខឹងខ្លាំង រហូតស្រែកគំហកដាក់ឪពុកថា "ក្រែងពុកជាអ្នកមាន ម៉េចបានជាពុកឲ្យសៀវភៅនេះវិញ"។ និយាយចប់ គេបានគ្រវែងកាដូនេះនៅពីមុខឪពុក និងបានរត់ចេញពីផ្ទះជារៀងរហូត ដោយឃាត់លែងបាន។
ពេលវេលាកន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំ ជេមស៍ បានក្លាយជាអ្នកជំនួញកាក់កបម្នាក់។ គេបានរៀបការ និងមានកូន២នាក់ថែមទៀត។ គ្រួសាររបស់គេរស់នៅក្នុងផ្ទះដ៏ស្រស់ស្អាតមួយ ប៉ុន្តែអារម្មណ៍គេនៅតែឈឺចាប់ ព្រោះបានផ្ដាច់ទំនាក់ទំនងជាមួយឪពុក។ ជេមស៍ មិនដែលឃើញ និងមិនដែលទៅលេងឪពុកឡើយ ចាប់តាំងពីថ្ងៃបញ្ចប់ការសិក្សានោះមក។
ថ្ងៃមួយ រូបគេបានទទួលសារដ៏សោកសៅមួយដោយប្រាប់ថាឪពុករបស់គេបានលាចាកលោកទៅហើយ។ បន្ទាប់ពីផ្ទៀងផ្ទាត់លិខិតស្នាមនានា ជេមស៍ បានទទួលមរតកពីឪពុកទាំងអស់ដោយស្របច្បាប់។ ពេលទទួលដំណឹងថា ខ្លួនទទួលទ្រព្យសម្បត្តិពីឪពុកហើយ គេបានធ្វើដំណើរទៅកាន់ផ្ទះឪពុក រួចដើរចូលក្នុងបន្ទប់ឪពុក និងរកមើលលិខិតស្នាមសំខាន់ៗនៅសេសសល់ផ្សេងទៀត។
ពេលនោះ គេស្រាប់តែប្រទះឃើញសៀវភៅមួយក្បាលដែលឪពុកធ្លាប់ជូនកាលថ្ងៃចែកសញ្ញាប័ត្រ ហើយគេបានឃើញពាក្យមួយឃ្លា ឪពុកគូសបន្ទាត់ពីក្រោមដោយសរសេរថា "ប្រសិនបើអ្នកដឹងពីរបៀបជូនកាដូដ៏ល្អឲ្យកូន តើអ្នកនឹងជូនតម្លៃច្រើនប៉ុណ្ណា?" អានបណ្ដើរគិតបណ្ដើរ ស្រាប់តែកូនសោមួយធ្លាក់ចេញពីខ្នងសៀវភៅ។ រំពេចនោះ គេបានភ្ញាក់ខ្លួនព្រើតនឹកឃើញថា វាជាកូនសោរថយន្តស្ព័រ ដែលខ្លួនចង់បានកាលថ្ងៃបញ្ចប់សញ្ញាប័ត្រទេតើ។ ជេមស៍ ក៏បានឃើញនៅបន្តោងសោមានសរសេរថ្ងៃខែបញ្ចប់ការសិក្សារបស់ខ្លួន និងពាក្យមួយឃ្លាថា "ពុកបានជូនអ្វីដែលកូនចង់បានហើយ។" អ្វីៗបានកន្លងហួសអស់ ជេមស៍ បានត្រឹមសម្រក់ទឹកភ្នែកទាំងអារម្មណ៍ក្ដុកក្ដួល និងមានវិប្បដិសារីប៉ុណ្ណោះ៕
តម្លៃអប់រំរឿង៖ ភាពឆេវឆាវ ឆាប់ខឹង ធ្វើឲ្យមនុស្សខាតបង់ផលប្រយោជន៍ និងទំនាក់ទំនងមួយរំពេច។ គ្រប់គ្នាត្រូវរៀនទប់កំហឹង មិនឆាប់បញ្ចេញប្រតិកម្មពេកទេ ព្រោះនឹងធ្វើឲ្យយើងគិតមិនបានគ្រប់ជ្រុងជ្រោយ។ ឪពុកម្ដាយតែងតែសប្បាយរីករាយ មានមោទនភាព ពេលឃើញកូនខ្លួនរៀនសូត្រចេះដឹង។ ក្នុងនាមជាកូន ទោះបីជាយើងគិតថាឪពុកម្ដាយធ្វើឲ្យយើងមិនសប្បាយចិត្ត ក៏មិនត្រូវកាត់ផ្ដាច់ទំនាក់ទំនងជាមួយគាត់ដែរ យ៉ាងហោចណាស់គិតថាមានពួកគាត់ ទើបមានរូបអ្នកបានរស់នៅនាពេលនេះ។