ស៊ុន ចាន់ថុល៖ ចាប់ពីថ្ងៃនេះទៅ ទិញឡាន ម៉ូតូ ថ្មីលែងពិបាក
- 2017-01-30 05:04:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ុន ចាន់ថុល៖ ចាប់ពីថ្ងៃនេះទៅ ទិញឡាន ម៉ូតូ ថ្មីលែងពិបាក
ចន្លោះមិនឃើញ
ថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ផ្ដល់ប័ណ្ណបើកបរយានយន្ត ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ចាប់ពីថ្ងៃនេះទៅ នៅពេលទិញឡាន ម៉ូតូថ្មី ប្រជាពលរដ្ឋលែងត្រូវការ មកអគ្គនាយកដ្ឋានដឹកជញ្ជូន ដើម្បីធ្វើផ្លាកលេខ ធ្វើប័ណ្ណសម្គាល់យានជំនិះទៀតហើយ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា រាល់ការ ចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ផ្ដល់ប័ណ្ណបើកបរយានយន្តចាប់ពីថ្ងៃនេះទៅ អត់មានការជួបគ្នាទៀតទេ ពោលគឺកាត់បន្ថយជំនួបរវាងអ្នកផ្ដល់សេវា និងទទួលសេវា លុបបំបាត់ការចំណាយក្រៅផ្លូវការ ធ្វើតាមប្រព័ន្ធអនឡាញទាំងអស់។
ឯកឧត្ដម ស៊ុន ចាន់ថុល មានប្រសាសន៍បន្តទៀតថា៖ "គ្រប់ហាងលក់ម៉ូតូទាំងអស់ គាត់បង់លុយជំនួសប្រជាពលរដ្ឋ ឧទាហរណ៍ម៉ូតូតម្លៃ ១៥០០ដុល្លារ ថ្លៃសេវា ១០ដុល្លារ ដូចនេះប្រជាពលរដ្ឋចំណាយតែ ១៥១០ ដុល្លារ ចប់រឿងហើយ។ ប្រជាពលរដ្ឋលែងត្រូវការ មកអគ្គនាយកដ្ឋានដឹកជញ្ជូនទៀតហើយ ដោយសារទិញម៉ូតូ មានទៅចាំយកផ្លាកលេខនៅនាយកដ្ឋានធ្វើអី មាននៅហាងម៉ូតូហើយ ទិញឡានមានផ្លាកនៅកន្លែងឡានហើយ ប័ណ្ណសម្គាល់យានជំនិះចេញនៅកន្លែងហ្នឹងហើយ ចឹងលែងមកហើយ។ លុះត្រាមានករណីពិសេស មានបញ្ហាអីទើបមកពិភាក្សាគ្នា"។
លោកក៏បានបញ្ជាក់ផងដែរថា ការចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ផ្ដល់ប័ណ្ណបើកបរយានយន្តតាមប្រព័ន្ធអនឡាញនេះ គឺដើម្បីបម្រើសេវាសាធារណឱ្យកៀកនឹងប្រជាពលរដ្ឋ ក៏ដូចជាគោលដៅរបស់រដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋទទួលបាន សេវាសាធារណប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និង ធ្វើឱ្យបានលឿន លែងឱ្យប្រជាពលរដ្ឋលំបាកទៀត៕