ច្បាស់ការហើយ! រឿងខ្មែរថតដោយ Angelina Jolie បញ្ចាំងជូនទស្សនា ថ្ងៃ១៨កុម្ភៈ នៅតំបន់អង្គរ
- 2017-01-31 07:15:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ការហើយ! រឿងខ្មែរថតដោយ Angelina Jolie បញ្ចាំងជូនទស្សនា ថ្ងៃ១៨កុម្ភៈ នៅតំបន់អង្គរ
ចន្លោះមិនឃើញ
ភាពយន្តខ្មែរមួយរឿងទាញចេញពីរបបខ្មែរក្រហម ដែលថតដោយតារាលំដាប់ពិភពលោក Angelia Jolie រឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" នឹងបញ្ចាំងជូនប្រជាពលរដ្ឋខ្មែរ បានទស្សនា ថ្ងៃ១៨កុម្ភៈ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់ពីលោក ស៊ិន ចន្ទសាយ៉ា។
តាមប្រសាសន៍របស់ប្រធាននាយកដ្ឋានភាពយន្ត ស៊ិន ចន្ទសាយ៉ា បានឲ្យដឹងថារឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" នឹងចាក់បញ្ចាំងនៅ សួនឧទ្យានអង្គរ ខេត្តសៀមរាប ដែលក្នុងនោះប្រជាពលរដ្ឋខ្មែរប្រហែលខ្ទង់ជាង ១០០០នាក់អាចចូលរួមកម្មវិធីនេះបាន ដោយសារទីតាំង និងការអញ្ជើញមានចំនួនកំណត់។
យ៉ាងនេះក្ដី លោកមានជំនឿថា ពលរដ្ឋខ្មែរនឹងគាំទ្ររឿងនេះ ព្រោះជាស្នាដៃរបស់ Angelia Jolie ជាបុគ្គលដែលមានឈ្មោះល្បីល្បាញស្រាប់ក្នុងឧស្សហកម្មភាពយន្តពិភពលោក ហើយនោះជាហេតុផល ដែលលោកមើលឃើញថា ពួកគេ(ពលរដ្ឋខ្មែរ)ចង់ទស្សនារឿងនេះណាស់ ដូច្នេះអ្នកចូលរួមអាចនឹងច្រើនលើសកំណត់។
ឆ្លើយតបបែបនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលអវត្តមានទស្សនាភាពយន្តបែបប្រវត្តិសាស្ត្រមួយនេះនៅខេត្តសៀមរាប លោក ស៊ិន ចន្ទសាយ៉ា ប្រាប់ថាអាចរង់ចាំមើលនៅ រាជធានីភ្នំពេញផងដែរ។ បន្ថែមលើសនេះទៀត ភាពយន្ត "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ដែលបានប្រកាសថតកាលពីពាក់កណ្ដាលឆ្នាំ ២០១៦ ដោយក្នុងនោះបានជ្រើសរើសយកខេត្តបាត់ដំបងជាទីតាំងថតភាគច្រើន នោះ ប្រធាននាយកដ្ឋានក៏បានបន្ថែមថា អាចនឹងយកទៅ បញ្ចាំងនៅខេត្តមួយនេះផងដែរ ប៉ុន្តែលោកមិនច្បាស់លាស់ថាថ្ងៃណាឡើយសម្រាប់ទីតាំងទាំងពីរនេះ។
អ្វីដែលពិសេសការចាក់បញ្ចាំងភាពយន្ត "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" នឹងមានការយាងចូលរួមយ៉ាងខ្ពង់ខ្ពស់ពីព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ភាពយន្ត "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" និយាយពីការចងចាំរបស់កុមារីម្នាក់កាលពីអតីត បច្ចុប្បន្នជាសកម្មជនសិទ្ធិមនុស្សនៅអាមេរិក និងជាអ្នកនិពន្ធនៃរឿងនេះដែរឈ្មោះ លឿង អ៊ឹង៕
វីដេអូសកម្មភាពក្រៅឆាកថតរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ខេត្តបាត់ដំបង ដែលក្រុមការងារ Sabay ផ្តិតបានកន្លងមក៖