​ជីក​រណ្ដៅ​សង់​ផ្ទះ​​ឃើញ​វត្ថុ​ទាំង​​​នេះ​ អាច​ប្រាប់​ម្ចាស់​ពី​សំណាង​ល្អ ឬអាក្រក់

  • 2017-02-03 01:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់​ នៅ​ពេល​​ដែល​​លោក​អ្នក​​ចង់​សង់​ផ្ទះ​ ​អ្នក​ត្រូវ​ពិនិត្យ​តាម​ដាន​អោយ​បាន​ដិត​ដល់​ចំពោះ​ការ​ងារ​សាង​សង់​តាំង​ពី​ដើម​រហូត​ដល់​ចប់​​។​ ជា​ពិសេស​ពេល​ជីក​រណ្ដៅ​​​ដើម្បី​ដាំ​បង្គោល​សង់​ផ្ទះ​​​ ពី​ព្រោះ​វា​អាច​ប្រាប់​ពី​ដំណឹង​ល្អ​ រឺដំណឹង​អាក្រក់​ដល់​អ្នក​​បាន​។​​

១ ​ឈើ​ទ្រាំង​

កាល​បើ​​លោក​អ្នក​ ជីក​រណ្ដៅ​សង់​ផ្ទះ​ ហើយ​ប្រទះ​ឃើញ​​ឈើ​ទ្រាំង​​ក្នុង​ដី​រណ្ដៅ​ នោះ​លោក​​ប្រាប់​ថា​ជា​រឿង​​ស៊យ​។​ ដូចនេះ​ត្រូវ​ប្រញាប់​​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត​ យក​ទឹក​ប្រោះ​ព្រំ​លើ​រណ្ដៅ​នោះ​ ទើប​បាន​សេចក្ដី​សុខ​​ដល់​​ជាង​ និង ម្ចាស់​ផ្ទះ​។​

២ ​កំណាត់​ខ្សែ​​ រឺ ​លួស

​បើ​​ពេល​ជីក​ទៅ​​ប្រទះ​ឃើញ​​កំណាត់​ខ្សែ​​ រឺ ​លួស​​ក្នុង​ដី​រណ្ដៅ​ នោះ​លោក​ថា​ជា​រឿង​​ស៊យ​មួយ​​​ផង​ដែរ​។​ អ្នក​ត្រូវ​ប្រញាប់​​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត​ យក​ទឹក​ប្រោះ​ព្រំ​ទៅ​លើ​រណ្ដៅ​នោះ​ ទើប​ជាង​ និង ម្ចាស់​ផ្ទះ​បាន​សេចក្ដី​សុខ​។

៣​ ដុំ​ឥដ្ឋ​ រឺ ដី​អាចម៍​កណ្ដុរ​

​​​​កាល​បើ​​លោក​អ្នក​ ជីក​រណ្ដៅ​សង់​ផ្ទះ​ ហើយ​ប្រទះ​ឃើញ​​ដុំ​ឥដ្ឋ​ រឺ ដី​អាចម៍​កណ្ដុរ​ ​ក្នុង​ដី​រណ្ដៅ​ ​លោក​​ចំណាំ​ថា​​ជា​រឿង​ស៊យ​​​។​ ដូច្នេះ​ដើម្បី​កុំ​អោយ​មាន​រឿង​មិន​ល្អ​​​ដល់​​ជាង​ និង ម្ចាស់​ផ្ទះ​ ​គេ​​ត្រូវ​ប្រញាប់​​យក​ទឹក​ឃ្មុំ​ទៅ​​ស្រោច​ក្នុង​​រណ្ដៅ​នោះ​ភ្លាម​​។​

៤​ បន្ទះ​​ដែក​ក្រាស់​

​​​ប្រការ​ដែល​ជា​រឿង​ស៊យ​មួយ​​ផង​ដែរ​ គឺ​ពេល​លោក​អ្នក​ ជីក​រណ្ដៅ​សង់​ផ្ទះ​ ហើយ​ប្រទះ​ឃើញ​​បន្ទះ​​ដែក​ក្រាស់​នៅ​ក្នុង​រណ្ដៅ​​ដី​។​ លោក​​ប្រាប់​ថា​វត្ថុ​បែប​នេះ​ នឹង​ធ្វើ​ទុក្ខ​ទោស​ដល់​ម្ចាស់​ផ្ទះ​ នៅ​មិន​សុខ​ឡើយ​។​ ​ដើម្បី​អោយ​​បាន​សេច​​ក្ដី​សុខ​​ដល់​​ជាង​ និង ម្ចាស់​ផ្ទះ​ នោះ​គេ​​ត្រូវ​ប្រញាប់​​យក​ផ្កា​ឈូក​ រឺ ស្មៅ​រណ្ដាស់​ រឺ ទឹក​លាង​ជើង​ព្រះ​សង្ឃ​ ដាក់​ចូល​​ទៅ​​ក្នុង​​រណ្ដៅ​​ភ្លាម​។

៥ ទង់​ដែង​

មួយ​វិញ​ទៀត​ កាល​​​បើ​​លោក​អ្នក​ ជីក​រណ្ដៅ​ហើយ​ប្រទះ​ឃើញ​​ទង់​ដែង​ ​នោះ​លោក​​​ជឿ​ថា​ជា​រឿង​មិន​ល្អ​ ​ដែល​អាច​កើត​មាន​ហេតុ​ចម្លែក​ៗ​​ជា​ញឹក​ញាប់​ក្នុង​ផ្ទះ​​​នោះ​ជា​មិន​ខាន​។​ ​បើ​ជួប​រឿង​​បែប​នេះ​ ​​ម្ចាស់​ត្រូវ​ប្រញាប់​​​​​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត​ យក​ទឹក​ប្រោះ​ព្រំ​ទៅ​លើ​រណ្ដៅ​នោះ​ ទើប​​រួច​ផុត​ពី​​គ្រោះ​ភ័យ​។​

៦​ សំណក​ពោះ​ដី​

​​ប៉ុន្តែ​បើ​​​​លោក​អ្នក​ ជីក​រណ្ដៅ​សង់​ផ្ទះ​ ហើយ​ប្រទះ​ឃើញ​​សំណក​ពោះ​ដី​ក្នុង​ដី​រណ្ដៅ​​ដោយ​ចៃដន្យ​វិញ​​ នោះ​លោក​ថា​មាន​លាភ​ធំ​​​​ហើយ​ គឺ​ពេល​សង់​ផ្ទះ​រួច​នឹង​មាន​ទ្រព្យ​ធន​បរិបូរណ៍​ ចំណែក​ជាង​សង់​ផ្ទះ​​ក៏​នឹង​​ជួប​តែ​សេចក្ដី​សុខ​សប្បាយ​​​ដែរ​។​​

៧​ វត្ថុ​ធ្វើ​ពី​ប្រាក់ រឺ មាស​ រឺ ធ្យូង​បុរាណ​

​​កាល​ណា​ជីក​រណ្ដៅ​ហើយ​ប្រទះ​ឃើញ​​វត្ថុ​ធ្វើ​ពី​ប្រាក់ រឺ មាស​ រឺ ​មួយ​ធ្យូង​បុរាណ ​ក្នុង​ដី​រណ្ដៅ​ បុរាណ​​​ប្រាប់​ថា​ជា​វត្ថុ​នាំ​ក្ដី​​ចំរើន​សុខដុម​​​​​ គឺ​គ្រួសារ​​ម្ចាស់​ផ្ទះ​នឹង​​រួម​​រស់​ជាមួយ​គ្នា​ដោយ​ក្ដី​សុខ​ មាន​អាយុ​យឺន​យូរ​ និង ឈ្នះ​អស់​សត្រូវ​​យាយី​ទាំង​ពួង​ផង​ដែរ​។​

៨​ ថ្ម​មាន​តម្លៃ​ រឺ រ៉ែ​​

​មួយ​វិញ​ទៀត​ ថ្ម​មាន​តម្លៃ​ រឺ រ៉ែ ដែល​នៅ​ក្នុង​ដី​រណ្ដៅ​ដែល​ជីក​ឃើញ​ ​​ក៏​ជា​វត្ថុ​ដែល​មាន​សំណាង​ផង​ដែរ​។​ ​លោក​​រៀប​រាប់​ថា​ ​ម្ចាស់​ផ្ទះ​នឹង​មាន​​ទ្រព្យ​សម្បត្តិ​ច្រើន​ហូរហៀរ​ បាន​កូន​មាន​រូប​ឆោម​ស្អាត​​ ហើយ​រស់​នៅ​ចុះ​សម្រុង​ក្នុង​ក្រុម​គ្រួសារ​ទៀត​ផង​។​

៩​ សំណ​

ប្រសិន​​បើ​​លោក​អ្នក​ ជីក​រណ្ដៅ​ហើយ​ឃើញ​​សំណ​​នៅ​ក្នុង​រណ្ដៅ​​ដី​ ​នោះ​លោក​ទាយ​ថា​ជា​រឿង​ល្អ​​សម្រាប់​ម្ចាស់​ផ្ទះ​​ គឺ​អ្នក​​នឹង​មាន​បាវ​ព្រាវ​ប្រើ​មិន​អស់​ ចិត្ត​ស្មោះ​ត្រង់​ ធ្វើ​ស្រែ​បាន​ស្រូវ​ និង​ ធ្វើ​ការ​នាំ​ភោគ​ទ្រព្យ​ចំរើន​​ក្រៃ​លែង​។​

អត្ថបទថ្មី