ត្រាំ ពឹងមេសំណង់ឲ្យសង់ជញ្ជាំងព្រំដែន បែរទទួលចម្លើយចុកឈាម
- 2017-02-03 10:31:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រាំ ពឹងមេសំណង់ឲ្យសង់ជញ្ជាំងព្រំដែន បែរទទួលចម្លើយចុកឈាម
ចន្លោះមិនឃើញ
មហាសេដ្ឋីអចលនទ្រព្យប្រចាំទីក្រុងម៉ៃអាមី និងជាមេសំណង់លោក Jorge Perez បានបង្ហើបកាលប៉ុន្មានថ្ងៃនេះថា លោកបានបដិសេធការអញ្ជើញរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីសង់ជញ្ជាំងព្រំដែនអាមេរិកជាមួយមិកស៊ីកូ ដោយហៅថាជាគម្រោងឆ្កួតឡប់(Idiotic)។
មហាសេដ្ឋីពាន់លាន Perez ដែលធ្លាប់ជាអ្នកម៉ៅការសាងសង់ប៉ម Trump Tower នៅ South Florida និយាយថា ត្រាំបានផ្ញើម៉េលមកគាត់ បន្ទាប់ពីដាក់ចេញគម្រោងសង់ជញ្ជាំងរួច និងសួរថាតើលោកចាប់អារម្មណ៍សង់ដែរ ឬទេ។
មេសំណង់កើតក្នុងប្រទេសអាហ្សង់ទីនរូបនេះ បានឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានពីការិយាល័យក្រុមហ៊ុន Related Group របស់ខ្លួនថា លោកបានបដិសេធយ៉ាងគួរសម និងអស់សំណើចពីការសង់នេះផង។
លោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃច័ន្ទថា ការស្វែងរកប្រាក់សង់ជញ្ជាំងដោយយកពន្ធនាំចូលតាមព្រំដែនម៉ិកស៊ីកូ វាក៏នឹងប៉ះពាល់អ្នកប្រើប្រាស់នៅអាមេរិកដែរ ហើយចាត់ទុកការការពារនេះ នឹងបង្កទៅជាសង្គ្រាមពាណិជ្ជកម្មជាមួយម៉ិកស៊ីកូ។
ជាមហាសេដ្ឋីផង ជាមិត្តភ័ក្ដិនឹងដូណាល់ ត្រាំផង លោកបានហៅគម្រោងថា "ជញ្ជាំងព្រំដែននេះ គឺជារឿងឆ្កួតឡប់បំផុត ដែលខ្ញុំមិនធ្លាប់ឃើញ ឬបានឮក្នុងមួយជីវិតរបស់ខ្ញុំ។ សង់ជញ្ជាំងដើម្បីអ្វី? អ្នកគិតថាជញ្ជាំងអាចនឹងរារាំងមនុស្សអត់ឃ្លានបាន? មានការងារល្អ សេដ្ឋកិច្ចលូតលាស់ និងសមភាពនៅម៉ិកស៊ីកូ ទៅវិញទេដែលអាចរារាំងអន្តោប្រវេសន៍មកតាមព្រំដែនបាន។" ចំណែកការិយាល័យកាសែតសេតវិមាន មិនបានឆ្លើយតបនឹងការលើកឡើងនេះឡើយ។
គួររម្លឹកថា Perez ត្រូវគេស្គាល់ថាជាស្ដេចខុនដូ (Condo King) កំពុងធ្វើគម្រោងអចលនទ្រព្យជាច្រើននៅទីក្រុងម៉ិកស៊ីកូ ដែលមានទឹកប្រាក់សរុបប្រមាណ២ពាន់លានដុល្លារ៕