យ៉េន​ ឌីណា​ និង​​​ប្អូន​ប្រុស​​រួម​ដៃ​គ្នា​រក​លុយ​ជួយ​ឪពុក​ម្តាយ​​

  • 2017-03-10 01:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​មក​ពី​ខេត្ត​ជាប់​សមុទ្រ​ យ៉េន​ ឌីណា​ ប្រភព​ចំណូល​ក្នុង​គ្រួសារ​គឺ​ពឹង​លើ​រូប​គេ​និង​ប្អូន​ប្រុស​បង្កើត​ទាំង​ស្រុង​ ព្រោះ​ឪពុក​ម្ដាយ​មាន​វ័យ​ចាស់​ទៅ​ហើយ​ មិន​អាច​ចុះ​នេសាទ​បាន​ទៀត​ទេ។​

កីឡាករ យ៉េន​ ឌីណា​ ពេលឈ្នះខ្សែក្រវាត់

អ្នក​លេង​គុន​ខ្មែរ​ យ៉េន​ ឌីណា​ បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​មួយ​ចំនួន​ របស់​ក្រុម​គ្រួសារ​ ដោយ​មាន​បញ្ហា​ជីវភាព​ពេក​ ក្នុង​នាម​ជា​បង​ប្រុស​បង្កើត​ក៏​សម្រេច​ចិត្ត​ឲ្យ​ប្អូន​បញ្ឈប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី៨​ ដើម្បី​រក​ចំណូល​ជួយ​បន្ថយ​សម្រាល​គ្រួសារ។​ ម្ដាយ​ឈ្មោះ​ កែវ​ ផុន​ និង​ឪពុក​ ប៉ោ​ សុខ​ មាន​វ័យ​ជាង​ ៥០ឆ្នាំ​ទៅ​ហើយ​ មិន​អាច​បន្ត​អាជីព​នេសាទ​បាន​ទៀត​ឡើយ។​

កីឡាករ យ៉េន​ ឌីណា​ ពេលឈ្នះខ្សែក្រវាត់

ឪពុក​ម្ដាយ​របស់​ ឌីណា​ អតីត​ជា​អ្នក​នេសាទ​សមុទ្រ​ ដោយ​ឃើញ​អ្នក​មាន​គុណ​របស់​គេ​ មាន​អាយុ​ច្រើន​ទៅ​ហើយ​ អ្នក​ប្រដាល់​សាច់​ស​រូប​នេះ​ ប្រាប់​ឲ្យ​ឈប់​សម្រាក​នៅ​ផ្ទះ​ទៅ​ ប្រាក់​ចំណូល​ចាំ​គេ​និង​ប្អូន​ជា​អ្នក​រ៉ាប់រង។​ ប្អូន​ប្រុស​របស់​ជើង​ខ្លាំង​ម្នាក់​នេះ​ឈ្មោះ​ ប៉ោ​ ធារ៉ា​ អាយុ​១៩​ឆ្នាំ​ ធ្វើ​ការ​រោងចក្រ​នៅ​ឯ​ខេត្ត​កោះកុង​ បាន​ប្រាក់​ជិត​ ២០០​ ដុល្លារ​​ក្នុង​មួយ​ខែ ​ស្រប​ពេល​ យ៉េន​ ឌីណា​ ឡើង​ប្រកួត​ជា​មួយ​បរទេស​បាន​លុយ​ជាង​ ៣០០​ដុល្លារ​ ហើយ​ផ្ញើ​ឲ្យ​គ្រួសារ​បាន​ជាង​ពាក់​កណ្ដាល​ផង​ដែរ។​ យ៉េន​ ឌីណា​ មាន​បងប្អូន​៣នាក់​ ប្រុស​ទាំង​អស់​ បង​ប្រុស​ឈ្មោះ​ ប៉ោ​ កុសល​ និង​ប្អូន​ឈ្មោះ​ ប៉ោ​ ធារ៉ា​ ជា​អ្នក​ខេត្ត​កោះកុង។​ កីឡាករ​រូប​នេះ​ទើប​បាន​ឡើង​ប្រកួត​១លើក​វិញ​ទេ ក្រោយ​មាន​របួស​បាក់​ក្ដោង​ច្រមុះ​ ហើយ​គេ​នឹងឡើង​ប្រកួត​នៅ​ថ្ងៃ​ទី១២​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​នៅ​សង្វៀន​ អាស៊ីអាគ្នេយ៍៕​

អត្ថបទ៖ នួន ស៊ីណា​