ជម្លៀស​មនុស្ស​រាប់ម៉ឺន​នាក់នៅ​អាមេរិក ព្រោះ​ទំនប់​ទឹក​ខ្ពស់​បំផុត​អាច​បាក់​ស្រុត​គ្រប់​ពេល

  • 2017-02-13 06:56:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​យ៉ាង​ហោច​ណាស់ ១៣០ ០០០​នាក់ នៅ​ភាគ​ខាងជើង នៃ​រដ្ឋ California ត្រូវ​បាន​ប្រាប់​ឲ្យ​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ បន្ទាប់​ពី​ទំនប់​ទឹក​ខ្ពស់​បំផុត នៅ​សហរដ្ឋអាមេរិក បាន​ចុះ​ខ្សោយ​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក។

ក្រុម​មន្ត្រី​អាមេរិក​បាន​ឲ្យ​ដឹង​ថា ទំនប់​ទឹក​កម្ពស់ ២៣០​ម៉ែត្រ មាន​ឈ្មោះ​ថា Oroville Dam នេះ អាច​នឹង​បាក់​ស្រុត​ចុះ​មក​គ្រប់​ពេល ខណៈ​ប្រជាជន​ដែល​កំពុង​រស់​នៅ ក្នុង​តំបន់​ប្រឈម​នឹង​ហានិភ័យ​ទឹក​ជំនន់ ត្រូវ​បាន​បញ្ជា​ឲ្យ​ចាកចេញ​ជា​បន្ទាន់។ ជាមួយ​គ្នា​នេះ​ដែរ កម្រិត​ទឹក​នៅ​ក្នុង​អាង​ស្តុក​ទឹក​ខាងលើ បាន​កើន​ឡើង​ដោយសារ​តែ​ភ្លៀង និង​ព្រិល​ធ្លាក់​ខ្លាំង នៅ​ក្នុង​រដ្ឋ California បន្ទាប់​ពី​មាន​ភាព​រាំងស្ងួត​ធ្ងន់ធ្ងរ កាល​ពី​ឆ្នាំ​មុខ។

គួរ​បញ្ជាក់​ថា វា​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​អាង​ស្តុក​ទឹក​នៃ​បឹង Lake Oroville ជួប​ប្រទះ​រឿងរ៉ាវ​បន្ទាន់​បែប​នេះ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ជិត​៥០​ឆ្នាំ​មក​នេះ។

មន្ទីរ​ធនធាន​ទឹក California Department of Water Resources បាន​ប្រាប់​ឲ្យ​ដឹង កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ថា វា​ត្រូវ​បាន​គេ​បង្ហូរ​ទឹក​ប្រមាណ​ជា ២ ៨៣០​ម៉ែត្រគីប ពី​ទំនប់​បង្ហៀរ​ទឹក​សំខាន់ ដើម្បី​ព្យាយាម​បង្ហូរ​វា​ឲ្យ​អស់​ចេញ​ពី​បឹង​ខាងលើ។ មន្ទីរ​ដដែល​នេះ​បាន​បន្ថែម​ទៀត​ថា កម្រិត​ទឹក​បាន​ថយ​ចុះ​ខ្លះ​ហើយ ខណៈ​លំហូរ​លើ​ទំនប់​បង្ហៀរ​ទឹក​បន្ទាន់ ក៏​បាន​កាត់​បន្ថយ​ចុះ​ខ្លះ​ផង​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង