​​មិន​ធ្លាប់​មាន​ Sabay Osja បង្កើត​កម្មវិធីប្រើ​បច្ចេកវិទ្យា​​អស្ចារ្យ​ដំបូង​លើ​ទូរសព្ទ​

  • 2017-02-16 03:05:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay Osja បាន​បង្កើត​កម្មវិធី​ទូរសព្ទ​ប្លែក​​​​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ ឈ្មោះ Osja AR ដើម្បី​លើក​តម្កើង​​វប្បធម៌​និង​ប្រាក់​រៀល​ខ្មែរ។

បច្ចេកវិទ្យា​លើ​កម្មវិធី Osja AR

លោក អៀ អ៊ុយ ស្ថាបនិក​ក្រុមហ៊ុន Sabay Osja ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា កម្មវិធី Osja AR ដែល​ខាង​លោក​ទើប​ប្រកាស​នេះ ប្រើ​រយៈ​ពេល​ប្រមាណ ២ ខែ​ក្នុង​ការ​ផលិត។ បច្ចេកវិទ្យា AR (Augmented Reality) លើ​កម្មវិធី​នេះ ស្រដៀង​គ្នា​នឹង​​បច្ចេកវិទ្យា​ហ្គេម Pokemon Go ដែល​ល្បី​​​ពេញ​​​ពិភពលោក កាល​ពី​ចុង​ឆ្នាំ​ ២០១៦។

Osja AR ប្រើប្រាស់​កាមេរ៉ា​ទូរសព្ទ ថត​រូប​លុយ ហើយ​បញ្ចូល​តួអង្គ​បែប Animation មាន​ចលនា​ថែម​ពី​លើ​ ដែល​មើល​ទៅ​កាន់​តែ​ទាក់ទាញ​និង​អស្ចារ្យ។

តួអង្គ Animation យក្ស​ (ឆ្វេង) លើ Osja AR

បច្ចុប្បន្ន​កម្មវិធី​នេះ អាច​ដំណើរការ​បាន​លើ​លុយ​រៀល​ខ្មែរ​ មាន​ក្រដាស ១០០ រៀល, ៥០០ រៀល, ១ ០០០ រៀល, ២ ០០០ រៀល, ៥ ០០០ រៀល និង ១០ ០០០ រៀល។

  • សម្រាប់​ក្រដាស ១០០ រៀល​នឹង​បង្ហាញ​តួអង្គ បុរាណ​កំពុង​ស្ទូច​ត្រី។
  • ក្រដាស ៥០០ និង ១ ០០០ រៀល បង្ហាញ​រូប​ក្ងោក​ញី​ឈ្មោល​កំពុង​រាំ។
  • ក្រដាស ២ ០០០ រៀល បង្ហាញ​រូប​ប្រាសាទ​ព្រះវិហារ​រួម​នឹង​អក្សរ​​នៅ​ពី​លើ។
  • ក្រដាស ៥ ០០០ និង ១០ ០០០ រៀល បង្ហាញ​រូប​តួអង្គ​ស្វា​និង​យក្ស។

លោក អៀ អ៊ុយ អះអាង​ AR បាន​ដំណើរការ​នៅ​បរទេស​ប៉ុន្មាន​ឆ្នាំ​ហើយ តែ​សម្រាប់​​ប្រទេស​កម្ពុជា វា​ជា​បច្ចេកវិទ្យា​ថ្មី​ដំបូង​គេ ដែល​បង្កើត​ដោយ​ក្រុម Sabay Osja របស់​លោក។

លោក​ ជឿ​ថា​កម្មវិធី​នេះ​នឹង​ទទួល​​ការ​គាំទ្រ​​ច្រើន​ពី​អ្នក​ប្រើប្រាស់ ព្រោះ​វា​ជា​បច្ចេកវិទ្យា​ថ្មី​ប្លែក​ ដែល​បង្កើត​ដោយ​កូន​ខ្មែរ។ អនាគត ស្ថាបនិក​ហ្គេម​ល្បី​ឈ្មោះ​​រូប​នេះ​ថា នឹង​ស្រាវជ្រាវ​​ថែម​មុខងារ​ថ្មីៗ លើ​កម្មវិធី Osja AR ដើម្បី​ឲ្យ​រឹត​តែ​អស្ចារ្យ ហើយ​​អ្នក​ប្រើប្រាស់​កាន់​តែ​រីករាយ​​ប្រើ​ប្រាស់។

កម្មវិធី Osja AR ដាក់​ឲ្យ​ទាញ​យក​ផ្លូវការ​លើ Android ថ្ងៃ​នេះ ឯ​សម្រាប់ iOs អាច​ដោនឡូត​បាន​ឆាប់​ៗនេះ។

មើលដំណើរការ​បច្ចេកវិទ្យា AR លើ​កម្មវិធី​ទូរសព្ទ Osja AR ទាំងអស់គ្នា៖

អត្ថបទ៖ ផាន់និត