​គឹម ហ៊ាង៖ ​​ធ្វើ​ការ​កុំ​ឱ្យ​លើស​ពី​៣​ឆ្នាំ ​គួរ​រកស៊ី​មុខ​របរ​៣​នេះ​វិញ​ទើប​ក្លាយ​ជា​អ្នក​មាន​ ​

  • 2017-02-17 03:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​"ជា​អ្នក​ធ្វើ​ការ ការងារ​ដំបូង​ដែល​ចាប់​ផ្ដើម​ធ្វើ​កុំ​ឱ្យ​លើស​ពី​ ៣​​ឆ្នាំ​ ធ្វើ​បណ្ដើរ​រៀន​បណ្ដើរ ពីរបៀបរកស៊ី ធ្វើ​យូរ​បំផុត​ត្រឹម​៣​ឆ្នាំ។ ប្រសិន​បើ​ធ្វើ​លើស​ពី​៣​ឆ្នាំ​នោះ​នឹង​ចាប់​ផ្ដើម​លង់​នឹង​ការងារ​ នៅ​​ពេល​ដែល​​លង់នឹង​ការងារ​ហើយ នោះ​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ការងារ​ទេ"​។ នេះ​ជា​ការ​​លើក​ឡើង​របស់​លោក គឹម ហ៊ាង ជា​ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​ "ស្ថាបនា​ធន​ធាន​ (Wealth Building)​​" ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន 360 ads & events ។

​លោក​ គឹម ហ៊ាង បន្ថែម​ទៀត​ថា "ប្រសិន​បើ​អ្នក​ចាប់​ផ្ដើម​ធ្វើ​ការងារ ​ជា​យោបល់​របស់​ខ្ញុំ​ កុំ​លង់​ស្នេហ៍​នឹង​ការងារ​ ​ពីព្រោះ​បើ​សិន​ជា​អ្នក​ធ្វើ​ការងារ​លង់​នឹង​ការងារ​ អ្នក​មិន​អាច​រីក​ចម្រើន​បាន​ទេ​"។ លោក​បន្ត​ទៀត​ថា គ្មាន​ក្រុមហ៊ុន​ណា​ហ៊ាន​ឱ្យ​ប្រាក់​ខែ​បុគ្គលិក​រាប់​ពាន់​ដុល្លារ ទៅ​ទិញ​ឡាន ទិញ​ផ្ទះ​នោះ​ទេ​។ ដូច្នេះ​ធ្វើ​ការ ដើម្បី​ចង់​មាន​លុយ​ទិញ​ឡាន ទិញ​ផ្ទះ​គឺ​មិន​អាច។

ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ប្រាប់​ទៀត​ថា ប្រសិន​បើ​ចង់​មាន​គួរ​ធ្វើ​ការ​ត្រឹម ៣​ឆ្នាំ​យ៉ាងយូរ​បំផុត​ហើយមក​រកស៊ី​វិញ​។ លោក​ប្រាប់​ថា ​ក្នុង​ប្រទេស​កម្ពុជា​មាន​មុខ​របរ​៣​កំពុង​ត្រូវ​ប៉ាន់​មាន​ដូចជា មុខ​របរ​ដី​ធ្លី (Real Estate) ហិរញ្ញវត្ថុ​ និង​ការ​សាងសង់​។ ​មុខ​របរ​រកស៊ី​ទាំង​នេះ​កំពុង​មាន​តម្រូវ​ការ​ខ្លាំង ទោះ​ក្នុង​រយៈ​ពេល​ ១០ ឬ​២០​ឆ្នាំ​ទៅ​មុខ​ទៀត​ក៏​មិន​ចេះ​រីង​ស្ងួត​។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​របៀប​នៅ​ក្នុង​ការ​រកស៊ី​លើ​មុខ​របរ​ទាំង​៣​នេះ​នៅ​ឡើយ​ទេ​។

ក្រៅ​ពី​មុខ​របរ ៣​កំពុង​ត្រូវ​ប៉ាន់​ខាង​លើ ​លោក​ប្រាប់​មាន​មុខ​របរ​ដែល​កំពុង​ត្រូវ​ប៉ាន់​ដែរ​នោះ គឺ​ការ​អប់រំ ម្ហូប​អាហារ​ ភេសជ្ជៈ​ និង​ការ​លំហែ​កម្សាន្ត។ ​មុខ​របរ​ទាំង​នេះ​សុទ្ធ​តែ​មាន​ទី​ផ្សារ​មិន​ចេះ​រីង​ស្ងួត​​។ ​លោក​បញ្ជាក់​ថា មុខ​របរ​ទាំង​នេះ​សុទ្ធ​តែ​អាច​ក្លាយ​ជា​អ្នក​មាន​គួរ​ហ៊ាន​សាក​ល្បង ប៉ុន្តែ​រកស៊ី​អ្វី​ក៏​ដោយ​សូម​កុំ​រកស៊ី​មុខ​របរ​ណា​ប៉ះពាល់​ដល់​សង្គម និង​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​៕​ ​​​

អត្ថបទ៖ វឌ្ឍនៈ