Duterte នឹង​លាលែង​តំណែង​ភ្លាម បើ​រក​ភស្តុតាង​បញ្ជាក់​រឿង​មួយ​នេះ​បាន

  • 2017-02-17 09:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​និយាយ​ថា លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​លាលែង​តំណែង ប្រសិន​បើ​គូប្រឆាំង​អាច​រក​ភស្តុតាង​បញ្ជាក់ ពី​ការ​ចោទ​ប្រកាន់​ថា លោក​បាន​ទទួល​លុយ ចំនួន​៤០​លាន​ដុល្លារ​ដោយ​ខុស​ច្បាប់។

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte

សមាជិកព្រឹទ្ធសភា លោក Antonio Trillanes ដែល​បាន​នាំ​ពាក្យ​បណ្ដឹង​ប្រឆាំង​លើ លោក Duterte ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត កាលពីឆ្នាំមុន បាន​បន្ថែម​ថា ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ ក៏​មិន​បាន​បង្ហាញ​ប្រតិបត្តិការ​ធនាគារ នៃ​ទឹក​ប្រាក់​ចំនួន​១៥​លាន​ដុល្លារ ផ្សេង​ទៀត របស់​ភរិយា និង​កូនស្រី​របស់​លោក​ផង​ដែរ។

«ប្រសិនបើ លោក Trillanes អាច​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​របស់​លោក ថា​ខ្ញុំ​ទទួល​យក​លុយ​ដោយ​ខុសច្បាប់ ឬ​គណនី​ធនាគារ ដែល​ស្ថិត​ក្រោម​ឈ្មោះ​របស់​ខ្ញុំ បាន​ដក​ប្រាក់​លើស​ពី​កន្លះ​លាន ខ្ញុំ​នឹង​លាលែង​ពី​តំណែង​ជា​ប្រធានាធិបតី​ភ្លាម»។ នេះ​បើ​តាម​សារ​របស់ លោក Duterte បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក។

ជា​មួយ​គ្នា​នេះ​ដែរ លោក Duterte បាន​ហៅ​ការ​ចោទប្រកាន់​នេះ​ថា ជា​រឿង​ចាស់​គំរឹល និង​បង្ក​ឡើង​ដដែលៗ៕

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី