អ្នក​ស្វាយ​រៀង​លែង​ពិបាក​ហើយ មិន​ចាំបាច់​ទៅ​ព្យាបាល​ជំងឺ​នៅ​វៀតណាម​ទៀត​ទេ​ ​

  • 2017-02-23 04:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​ការ​ឱ្យ​ដឹង​ពី​លោក កែរ រដ្ឋា ជា​​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​​បាន​ប្រាប់​ថា​ ​ ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ JICA បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង​ ៩​លាន​ដុល្លារ​ និង​មាន​ការ​ចូលរួម​ពី​​ថវិកា​រដ្ឋាភិបាល​ប្រមាណ​​ជាង​១០​ម៉ឺន​ដុល្លារ​ផង​នោះ​ ឥឡូវ​នេះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយ​រៀង​​មាន​អគារ​ថ្មី​​ដ៏​ទំនើប​មួយ​ ត្រៀម​​បម្រើ​សេវា​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដើម​ខែ ឧសភា​នេះ​ហើយ​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​បាន​ប្រាប់​ថា អគារ​ថ្មី​នេះ​ត្រូវ​បាន​បំពាក់​បរិក្ខារ​​ពេទ្យ​ទំនើប​ៗ និង​បច្ចេកទេសសាងសង់​អគារ​​ទាំង​មូល គឺ​ស្រប​ទៅ​តាម​ស្តង់ដារ​ប្រទេស​ជប៉ុន ​ជា​ពិសេស​នោះ​ សូម្បី​តែ​គ្រូពេទ្យ​ក៏​ត្រូវ​បាន​បណ្ដុះបណ្ដាល​ឱ្យ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ៗ​ក្នុង​មន្ទីរ​ពេទ្យ​ផង​ដែរ​។ ​ដូច្នេះ​ហើយ​ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្វាយរៀង​លែង​ពិបាក​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម ឬ​ក៏​ឡើង​មក​រាជធានី​ភ្នំពេញ​ទៀត​ហើយ​។

លោក​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អគារ​ថ្មី​​ដ៏​ស្កឹមស្កៃ​នេះ មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​ព្យាបាល​ជំងឺ​ហើយ​មាន​ច្រើន​ផ្នែក​ផ្សេង​ៗ​ពី​គ្នា ក្នុង​នោះ​រួម​មាន​ ផ្នែក​ទទួល​ព្យាបាលជំងឺ​ទូទៅ​ បន្ទប់​សង្គ្រោះ​បន្ទាន់​ បន្ទប់​ថត​ឆ្លុះ បន្ទប់​វះកាត់ ​និង​​ផ្នែក​សម្ភព​រោគ​ស្ត្រី។ល។

​លោក​បញ្ជាក់​ថា តាម​គម្រោង​នឹង​​ត្រូវ​បញ្ចប់​ការ​សាងសង់​ដើម​ខែ​ឧសភា​នេះ ហើយ​បើក​បម្រើ​ជូន​ប្រជាពលរដ្ឋ​តែ​ម្ដង​។

លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង​ ជួប​ផល​វិបាក​ច្រើន​ណាស់​ដូចជា​ខ្វះ​អគារ​ និង​បរិក្ខារ​ពេទ្យ​ ដើម្បី​បម្រើ​សេវា​ព្យាបាល​ដល់​ប្រជាជន​ ​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​សម្រេច​ចិត្ត​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ ឬ​ឡើង​មក​ដល់​រាជធានី​ភ្នំពេញ​។ ដូច្នេះ​ហើយ​ទើប​ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ JICA បាន​ធ្វើ​ការ​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ​ដើម្បី​សាងសង់​អគារ​ថ្មី​នេះ​ឡើង​៕​​​

​​​​​​

អត្ថបទ៖ វឌ្ឍនៈ