​គឹម ហ៊ាង៖ ​​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម​៤០០​ដុល្លារ​កុំ​​បង់​រំលស់​ផ្ទះ ព្រោះ​ទប់​មិន​រួច​ទេ

  • 2017-02-24 03:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទិញ​ផ្ទះ​បង់​រំលស់​គឺ​ជា​​ជម្រើស​​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ​ជាពិសេស​ប្ដី​ប្រពន្ធ​ទើប​តែ​រៀប​ការ​រួច​ចង់​មាន​លំនៅ​ឋាន​ផ្ទាល់​ខ្លួន​ក៏​ជ្រើស​រើស​រើស​វិធី​នេះ​ដែរ​។ ប៉ុន្តែ​ប្រសិន​បើ​ពីរ​នាក់​ប្ដី​ប្រពន្ធ​មាន​ប្រាក់​ខែ​ត្រឹម ៤០០​ដុល្លារ​តើ​គួរ​ទិញ​ផ្ទះ​បង់​រំលស់​ដែរ​ឬ​ទេ​?​

ក្នុង​កិច្ច​សម្ភាស​ដោយ​ផ្ទាល់​ជាមួយ​ Sabay ​លោក​ គឹម ហ៊ាង ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​និយាយ​ថា៖ "ខ្ញុំ​គិត​ថា​ពីរ​នាក់​ប្ដី​ប្រពន្ធ មាន​​ប្រាក់​ខែ​ត្រឹម​៤០០​ដុល្លារ​ចង់​ទិញ​ផ្ទះ​បង់​រំលស់​គឺ​មិន​អាច។ ព្រោះ​ការ​ចំណាយ​ក្នុង​រាជធានី​ភ្នំពេញ​ប្រចាំ​ថ្ងៃ​​គឺ​ច្រើន​ណាស់ ដូច្នេះ​មិន​អាច​ទប់ទល់​ឈ្នះ​នោះ​ទេ​"។

លោក​បាន​បន្ត​ទៀត​ថា ប្រសិន​បើ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម ៤០០​ដុល្លារ ​អ្វី​ដែល​នាក់​ទាំង​ពីរ​​អាច​ធ្វើ​បាន ហើយ​ល្អ​បំផុត​នោះ​​ គឺ​ជួល​បន្ទប់​​ស្នាក់​នៅ​តម្លៃ​ត្រឹម ​៣០ ដុល្លារ ឬ​៤០​ដុល្លារ​ស្នាក់​នៅ​បាន​ហើយ​ ដើម្បី​ទុក​លុយ​ជាង២០០​ដុល្លារ​ទៀត​ទិញ​ដី​ឡូត៍​បង់​រំលស់​វិញ​។ លោក​ប្រាប់​ថា​ ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​គ្រប់គ្រង​ចំណាយ​​ឱ្យ​បាន​ល្អ​ គឺ​ចំណាយ​ច្រើន​បំផុត​​ក្នុង​១​ខែ​ ១៨០​ដុល្លារ​បាន​ហើយ​។ ដូច្នេះ​នាក់​ទាំង​ពីរ ​អាច​សល់​ជាង​២០០​ដុល្លារ​ទិញ​​ដី​ឡូត៍ ព្រោះ​ដី​ឡូត៍​បច្ចុប្បន្ន​អាច​ទិញ​បង់​រំលស់​ក្នុង​១​ខែ​ត្រឹម​៨០​ដុល្លារ​ប៉ុណ្ណោះ​។

ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​អ្នក​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ផង​នោះ​ បាន​លើក​ឡើង​ទៀត​ថា ត្រឹម​រយៈពេល​ ​៥​ឆ្នាំ ឬ​១០​ឆ្នាំ​ក្រោយ​​ពីរ​នាក់​ប្ដី​ប្រពន្ធ អាច​មាន​លទ្ធភាព​ទិញ​ដី​នោះ​បាន​ ហើយ​​បើ​ចង់​ធ្វើ​ផ្ទះ​នៅ​លើ​ដី​នោះ​​ក៏​បាន​ដែរ​​។ ដូចនេះ​ហើយ​ បើ​​ចង់​យក​លុយ​៤០០​ទៅ​ទិញ​ផ្ទះ​​បង់​រំលស់​គឺ​មិន​អាច​ ពី​ព្រោះ​ប្រាក់​ខែ​៤០០​ដុល្លារ​មែន ​ប៉ុន្តែ​​ក៏​​ត្រូវ​ចំណាយ​ទៅ​លើ ​ការ​ស្នាក់​នៅ​ បាយ​ទឹក ​ហើយ​ក៏​គ្មាន​បុរី​ណា​មួយ​ ​រំលស់​ក្រោម​១០០​ដុល្លារ​នោះ​ទេ។ ​លោក គឹម ហ៊ាង ប្រាប់​ថា​ ដី​ឡូត៍​អាច​រំលស់ ៨០​ ៩០ ១០០ ដុល្លារ​ក្នុង​១​ខែ​​បាន​។

លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា អ្វី​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​មុន​ទិញ​ដី​ឡូត៍ គឺ​ត្រូវ​សិក្សា​ឱ្យ​ច្បាស់​ថា ដី​ឡូត៍​នោះ​មាន​ច្បាប់​ឬ​ក៏​អត់? ​តាម​រយៈ​ការ​សាក​​សួរ​មេ​ភូមិ សង្កាត់​ ខណ្ឌ​ និង​​ការិយាល័យ​​ដែន​ដី​តាម​ខណ្ឌ​ទើប​អាច​បញ្ចៀស​ហានិភ័យ​ផ្សេងៗ​បាន​៕​​​​​​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី