នារីមាន ១០ចំណុចនេះហើយ ដែលបុរសបាក់ចិត្តស្រលាញ់ងើបមុខមិនរួច
- 2017-02-28 23:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីមាន ១០ចំណុចនេះហើយ ដែលបុរសបាក់ចិត្តស្រលាញ់ងើបមុខមិនរួច
ចន្លោះមិនឃើញ
ភាពទាក់ទាញរបស់នារីៗ គឺលក្ខណៈសម្បត្តិមួយចំនួនដែលជាមន្តស្នេហ៍ទាក់ទាញ បុរសៗឲ្យស្រលាញ់ ដកចិត្តមិនបាន។ លក្ខណៈសម្បត្តិទាំងនោះគឺមានដូចជា៖
១. រូបសម្បត្តិ
នារីមានរូបសម្បត្តិស្អាតបាត គឺមានន័យថា មានសុខភាពល្អ មានអនាម័យក្នុងខ្លួន និងការរស់នៅ។ នារីត្រូវចេះស្លៀកពាក់ និងតុបតែងកាយ ទៅតាមឋានៈ ទីកន្លែង ពេលវេលា និងកាលៈទេសៈ។ បើស្អាតតែរូប គ្មានអនាម័យក្នុងខ្លួន និងក្នុងការរស់នៅទេ គ្មាននរណាបេតីឡើយ។
២. វិជ្ជាសម្បត្តិ
នារីត្រូវមានការសិក្សាជ្រៅជ្រះគួរសម និងចេះដឹងច្រើនទាំងផ្នែកសង្គម និងជីវិត។ នារីក៏ត្រូវចេះជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធ នឹងការរស់នៅ និងជីវិតផងដែរ។
៣. ចរិយាសម្បត្តិ
នារីត្រូវមានសីលធម៌ សុជីវធម៌ ដឹងខុសត្រូវ ស្គាល់បុណ្យ ស្គាល់បាប និងចេះគោរពច្បាប់ទម្លាប់ប្រពៃណីទំនៀមទម្លាប់របស់សង្គម។ បើចរិយាសម្បត្តិមិនល្អទេ រហេតរហូត ប្រព្រឹត្តអំពើល្មើសច្បាប់សង្គម ទោះជាមានសម្ផស្សស្រស់ស្អាតប៉ុណ្ណា ក៏គ្មានអ្នកណារាប់រកដែរ កុំថាឡើយដល់ទៅស្រលាញ់នោះ។
៤. ប្រាជ្ញាសម្បត្តិ
នារីត្រូវតែមានទាំងចំណេះដឹង និងប្រាជ្ញាវាងវៃផងដែរ។ អ្នកខ្លះចេះតែរៀនមួយមុខគត់ មិនចេះគិតមុខក្រោយ គ្មានប្រាជ្ញា ធ្វើអ្វីៗមិនចេះបត់បែនតាមកាលៈទេសៈ និងពេលវេលាឡើយ។ ប្រាជ្ញាឆ្លាតវៃ ជារឿងសំខាន់ណាស់របស់មនុស្ស។ រៀនចេះហើយ បើមិនវាងវៃទេ គឺមិនមានជោគជ័យឡើយ។
៥. គុណសម្បត្តិ
នារីត្រូវតែមានគុណសម្បត្តិផងដែរ ដូចជាបានធ្វើល្អដល់សហគមន៍ ដល់សង្គម និងមនុស្សទូទៅ។ មានឈ្មោះល្អក្នុងសហគមន៍ និងក្នុងសង្គម ដូចជា និស្សិតពូកែ រាជការឆ្នើម អ្នកនិពន្ធល្បីល្បាញ តារាល្បីឈ្មោះ អ្នកជំនួញមានមុខមាត់...។ កត្តិនាម និងកិត្តិយសនេះហើយដែលជាកត្តាទាក់ទាញធំបំផុតរបស់នារីៗ។
៦. ទ្រព្យសម្បត្តិ
នារីដែលមានទ្រព្យសម្បត្តិ ក៏ជាកម្លាំងទាក់ទាញដ៏សំខាន់ផងដែរ។ ទ្រព្យសម្បត្តិ ក៏អាចជួយស្នេហា និងជីវិតរុងរឿងផងដែរ។ ប៉ុន្តែ បើមានទ្រព្យសម្បត្តិក្នុងផ្លូវអាក្រក់ ក៏គ្មានមនុស្សណាបេតីដែរ។
៧. ឋានៈតួនាទី
ឋានៈ-តួនាទីធំដុំ និងខ្ពង់ខ្ពស់នៅក្នុងរាជការ ក្នុងសហគមន៍ ក្នុងជំនួញ និងក្នុងការងារផ្សេងៗទៀតក៏ជាភាពទាក់ទាញដ៏ពិសេសរបស់នារីៗដែរ។
៨. សេចក្ដីស្មោះត្រង់
ភាពស្មោះត្រង់ និងភក្ដីភាពរបស់នារី គឺជារឿងសំខាន់បំផុត។ នារីដែលគ្មានភក្ដីភាព គឺសង្គមស្អប់ខ្ពើមបំផុត។ ទ្រព្យសម្បត្តិរបស់នារីៗមិនអាចជួយជួសជុលរឿងមិនស្មោះត្រង់បានឡើយ។
៩. ការងារផ្ទះ
ភាពស្ទាត់ជំនាញខាងការងារផ្ទះសម្បែង និងចេះរៀបចំផ្ទះសម្បែងឲ្យបានសមសួន គឺជាកត្តាគន្លឹះក្នុងការទាក់ទាញបេះដូងបុរសផងដែរ។ នារីដែលពូកែធ្វើម្ហូបអាហារ ពូកែចាត់ចែងការងារផ្ទះ និងពូកែរៀបចំផ្ទះ គឺជាមន្តស្នេហ៍ដ៏មានឥទ្ធិពល។
១០. ភាពគួរឲ្យស្រលាញ់
ធាតុផ្សំចុងក្រោយនេះ ក៏សំខាន់មិនតិចដែរ។ បើខ្វះធាតុផ្សំចុងក្រោយនេះ ក៏កម្លាំងទាក់ទាញរបស់នារីត្រូវចុះខ្សោយដែរ។ នារីខ្លះស្អាតមែនហើយ តែគ្មានភាពគួរឲ្យស្រលាញ់សោះ។ នារីខ្លះមិនសូវស្អាតទេ តែមានបុរសជាច្រើនស្រលាញ់ និងចូលចិត្ត។ ចំណែកនារីខ្លះស្អាត តែសោះកក្រោះ ក៏គ្មាននរណាបេតីដែរ៕