អ្នក​ជំនាញ៖ សត្វ​ពាក់​កណ្ដាល អាច​ត្រូវ​វិនាស​ពី​ផែន​ដី​ចុង​សតវត្ស​នេះ

  • 2017-02-27 12:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ជំនាញ បាន​ចេញ​សេចក្ដី​ព្រមាន​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ ដោយ​បញ្ជាក់​ថា​នៅ​ដំណាច់​សតវត្ស​ទី២១ នេះ ចំនួន​សត្វ​ពាក់​កណ្ដាល​នៅ​លើ​ពិភព​លោក អាច​ត្រូវ​វិនាស​ហិនហោច ដោយសារ​រង​ការ​គំរាម​កំហែង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។

ក្រុម​អ្នក​ជីវវិទូ​ធំ​ៗ​នៅ​លើ​ពិភពលោក​នឹង​​ចូល​រួម​សន្និសីទ​នៅ​បុរី​វ៉ាទីកង់​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​បន្ទាន់ ក្នុង​ការ​រក​ដំណោះ​ស្រាយ​អភិរក្ស​សត្វ​ទាំង​អស់​នៅ​លើ​ពិភពលោក។ តាម​ស្ថានភាព​បច្ចុប្បន្ន ខ្លា និង​រមាស កំពុង​រង​ការ​គំរាម​កំហែង​ខ្លាំង​ជាង​គេ ដោយ​សារ​អ្នក​ប្រមាញ់​យក​ផ្នែក​មួយ​ចំនួន​ទៅ​លក់​ឲ្យ​ប្រទេស​ចិន​ធ្វើ​ថ្នាំ។

ជីវវិទូ Paul Ehrlich មក​ពី​សាកលវិទ្យាល័យ Stanford University រដ្ឋ California សហរដ្ឋអាមេរិក​បាន​និយាយ​ថា បណ្ដា​ប្រទេស​លោក​ខាង​លិច កំពុង​បូម​យក​ធនធាន​ធម្មជាតិ​លើ​ភព​ផែនដី និង​បំផ្លាញ​ប្រព័ន្ធ​​បរិស្ថាន​ក្នុង​អត្រា​ដ៏​ឆាប់​រហ័ស​មួយ មិន​ធ្លាប់​មាន​ពី​មុន​មក។ បញ្ហា​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​សត្វ​ទាំង​អស់​លើ​ផែន​ដី។

​បើ​តាម​របាយការណ៍​ចុង​ក្រោយ​មួយ បាន​បង្ហាញ​ថា ចំនួន​សត្វ​រមាស​ខ្មៅ​នៅ​សល់​ត្រឹម ៥០០០​ក្បាល​ប៉ុណ្ណោះ​លើ​ពិភពលោក។ សត្វ​នេះ​រង​ការ​គំរាម​កំហែង​ខ្លាំង​បំផុត ដោយសារ​កុយ​របស់​វា​អាច​លក់​បាន​ដល់​ទៅ​ជាង ៦ម៉ឺន​ដុល្លារ​ឯ​ណោះ​ក្នុង​មួយ​គីឡូក្រាម៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ គង់ វិសាល