Showroom ថ្មី​ Mercedes ទំនើប​អស់​លេខ​នៅ​ខ្មែរ ហើយ​មាន​សេវា​ជួស​ជុល​ឡាន​បុក​ខ្លាំង​ឲ្យ​ថ្មី​ដូច​ឡាន​ចេញ​ពី​រោងចក្រ

  • 2017-02-28 12:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • សង់​អស់​ជាង ៩ លាន​ដុល្លារ ហើយ​ទំនើប​ប្រើ​សុទ្ធ​តែ​ថាមពល​ពន្លឺ​ព្រះអាទិត្យ
  • ដាក់​តាំង​រថយន្ត​ទំនើប​ស្អាតៗ​ដល់ ១៦ ម៉ូដែល
  • រថយន្ត​តម្លៃ​ចាប់​ពី​ជាង ៩ ម៉ឺន​ដុល្លារ ដល់​ជាង ៣០ ម៉ឺន​ដុល្លារ
  • សេវា​ជួសជុល​រថយន្ត​ដែល​បុក​ខូច​កំប៉ឹត​ឲ្យ​ស្អាត​ភ្លឹង​ដូច​ថ្មី​ចេញ​ពី​រោងចក្រ

អគារ Showroom ថ្មី​លំដាប់​យក្ស​ដាក់​តាំង​បង្ហាញ​រថយន្ត Mercedes-Benz ទំនើបៗ​របស់​អាល្លឺម៉ង់ ត្រូវ​បាន​សម្ពោធ​ផ្លូវ​ការ​កាល​ពី​ព្រឹក​មិញ​នេះ ខណៈ Showroom ទំហំ ៥០០០ ម៉ែត្រ​ការ៉េ​មួយ​នេះ ត្រូវ​បាន​អះអាង​ថា​ទំនើប​បំផុត និង​ធំ​ជាង​គេ​នៅ​កម្ពុជា។

សង់​អស់​ជាង ៩ លាន​ដុល្លារ អគារ​លេច​ធ្លោ​នៅ​កណ្ដាល​ទីក្រុង​រណប ING City ឬ​ផ្លូវ ៦០ ម៉ែត្រ ជាប់​សាលា​ភ្នំពេញ​អន្តរជាតិ (ISPP) មួយ​នេះ មាន​ដាក់​តាំង​រថយន្ត​ទំនើបៗ​របស់ Mercedes-Benz សរុប ១៦ ម៉ូដែល​ស៊េរី​ចុង​ក្រោយ។ ឯ​អគារ​ទាំង​មូល​ដំណើរ​ការ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ ដោយ​ប្រើ​បន្ទះ​ស្រូប​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ធំៗ​ដល់​ទៅ ៣១៥ បន្ទះ​ដែល​អាច​ប្រើ​បាន​ដល់ ២០ ទៅ ៣០​ឆ្នាំ។

លោក ឃុន ចាន់ថា ប្រធាន​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់ Mercedes-Benz ប្រាប់ Sabay ក្នុង​ឱកាស​សម្ពោធ​ព្រឹក​មិញ​ថា៖ "យើង​មាន​រថយន្ត Mercedes-Benz សរុប ១៦ ម៉ូដែល​ផ្សេងៗ​គ្នា ហើយ Showroom នេះ​អាច​ដាក់​រថយន្ត​ក្រោម ១០០ គ្រឿង។ តម្លៃ​រថយន្ត​មាន​ចាប់​ពី​ជាង ៩ ម៉ឺន​ដល់​ជាង ៣០ ម៉ឺន​ដុល្លារ។ ហើយ Showroom នេះ​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ ដែល​អាច​សន្សំ​សំចៃ ៣០% ថាមពល​អគ្គិសនី​សរុប"។

ក្រៅ​ពី​ដាក់​បង្អួត​រាង​រថយន្ត​ស្អាតៗ Showroom មួយ​នេះ ក៏​មាន​សេវា​កម្ម​ប្ដូរ​គ្រឿង​បន្លាស់ និង​ជួសជុល​ទំនើប​ដំបូង​គេ​នៅ​កម្ពុជា។ បុក​ខូច​តិច ឬ​ខ្លាំង ធ្វើ​ម៉ា​ស្អាត​ត្រង់​ភ្លឹង​ដូច​ចេញ​ពី​រោងចក្រ​ហ្ស៊ីន។ សេវាកម្ម​ជួលជុលនេះ គឺ​សម្រាប់​រថយន្ត​គ្រប់​ប្រភេទ មិន​សំដៅតែ Mercedes-Benz ទេ។

"យើង​មាន​ឧបករណ៍ [ជួសជុល] ទំនើប​ដែល​ធ្វើ​ឡាន​ខូច [បុក] ខ្ទេច​ឲ្យ​ក្លាយ​ជា​ឡាន​ថ្មី​ដូច​ចេញ​ពី​រោងចក្រ​វិញ​ក៏​បាន​ដែរ។ […] ឡាន​ខ្លះ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កម្រិត​ធ្ងន់ ឬ​កម្រិត​ស្រាល...បើ​កម្រិត​ធ្ងន់​វា​ធ្វើ​ឲ្យ​វៀច​តួ​របស់​ឡាន ហើយ​កន្លែង​ខ្លះ​ក៏​កំប៉ឹត​ខ្លាំង​ដែរ ចឹង​យើង​មាន​ឧបករណ៍​ម្យ៉ាង​សម្រាប់​តម្រែតម្រង់​តួ​ដែល​វៀច​កោង​វិល​ទៅ​រក​ស្ថាន​ភាព​ដើម​វិញ​ដូច​ចេញ​ពី​រោងចក្រ​ចឹង ដោយ​យើង​ប្រើ​ឧបករណ៍ គេ​ហៅ​ថា Frame Alignment ...ជា​ឧបករណ៍​ទំនើប​ជាង​គេ​ដែល​មាន​តែ​នៅ Star Auto ទេ"។ នាយក​គ្រប់​គ្រង​ផ្នែក​លក់ និង​ទីផ្សារ រូប​នេះ​អះអាង។

Mercedes-Benz ត្រូវ​បាន​នាំ​ចូល​ផ្ដាច់​មុខ​ជា​ផ្លូវ​ការ​ដោយ​ក្រុមហ៊ុន ស្ដារ អូតូ ខាមបូឌា (Star Auto Cambodia) តាំង​ពី​ចុង​ឆ្នាំ​២០១៤ មក​ម្ល៉េះ ខណៈ​ក្រុមហ៊ុន​រំពឹង​ថា នឹង​លក់​រថយន្ត​ទំនើបៗ​ទាំង​នេះ បាន ១០០ គ្រឿង​នៅ​ឆ្នាំ​២០១៧៕

អត្ថបទ៖ លី សុផាត