អ្នកមាន​ចំណូលចន្លោះ ២០០-៥០០ដុល្លារ ទិញដីឡូត៍ជាយក្រុងជារឿងល្អបំផុត

  • 2017-03-02 06:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដី​ឡូត៍​នៅ​តំបន់​ជាយ​ក្រុង​មាន​ការ​កើន​ឡើង​ជា​លំដាប់ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ចាប់​អារម្មណ៍​ក្នុងការ​វិនិយោគ​លើ​ដី​ឡូត៍​ទាំង​នោះ​។ ​ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​តែ​មិន​ទាន់​ហ៊ាន​សម្រេច​ចិត្ត​ក្នុង​ការ​ទិញ​ដី​ឡូត៍​ទាំង​នោះ​ព្រោះ​ខ្លាច​មាន​ហានិភ័យ​ផ្សេងៗ​។ ​ដូចនេះ​តើ​ការ​ទិញ​ដី​ឡូត៍​នៅ​ជាយ​ក្រុង​ល្អ​ឬ​ទេ? ​ហើយ​ត្រូវ​សិក្សា​លើ​បញ្ហា​អ្វី​ខ្លះ​?

ជួប​ជាមួយ​អ្នក​ជំនាញ​​ក្នុង​វិស័យ​អចលនទ្រព្យ លោក​ គីម ហ៊ាង ដែល​ជា​ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​ថា ការ​ទិញ​ដៅ​ឡូត៍​នៅ​តំបន់​ជាយ​ក្រុង​គឺ​ជា​រឿង​ល្អ​បំផុត​ ជា​ពិសេស​អ្នក​ចំណូល​ក្រោម​មធ្យម ចន្លោះ​ពី ២០០​ដុល្លារ ទៅ​៥០០​ដុល្លារ​។ លោក​ប្រាប់​ថា ជាទូទៅ​អ្នក​ចំណូល​​ក្រោម​​មធ្យម​ ចង់​ទិញ​អចលនទ្រព្យ​ក្នុង​ក្រុង​​គឺ​ជា​រឿង​មិន​អាច តែ​អាច​ទិញ​ដៅ​ឡូត៍​បាន។ លោក​ប្រាប់​ទៀត​ថា ក្នុង​នោះ​គួរ​តែ​ជួល​បន្ទប់​ស្នាក់​នៅ​តម្លៃ​សមរម្យ​​ ​ហើយ​ទុក​លុយ​ទិញ​ដី​ឡូត៍​បង់​រំលស់​វិញ ត្រឹម​រយៈពេល ៣​ឆ្នាំ​ទៅ​៥​ឆ្នាំ​ក្រោយ​អាច​ទិញ​ដី​ធ្វើ​ផ្ទះ​បាន​ហើយ​។​​

ចំពោះ​ផល​អវិជ្ជមាន​នៃ​ការ​ទិញ​ដី​ឡូត៍​វិញ​ ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូប​នេះ និយាយ​ថា៖ ​​"ផល​អវិជ្ជមាន​នៃ​ការ​ទិញ​ដី​ឡូត៍ គឺ​ការ​បែង​ចែក​ប្លង់​កម្មសិទ្ធិ​តែ​ម្ដង ​អ្វី​ដែល​ឈឺ​ក្បាល​វិល​មុខ​នោះ ​គឺ​ដី​ឡូត៍​ដែល​​មាន​ប្លង់​រឹង​ តែ​ពេល​លក់​ចេញ​ទៅ​កាន់​អ្នក​ទិញ​ធ្វើ​ត្រឹម​ខណ្ឌ​។ ​ប៉ុន្តែ​ប្រសិន​បើ​ម្ចាស់​ដី​ឡូត៍​មាន​ប្លង់​រឹង​ ហើយ​សុំ​អាជ្ញាធរ​ដែន​ដី​​ដើម្បី​សុំ​ច្បាប់​ពុះ​ដី​ឡូត៍​លក់​ និង​បំបែក​ក្បាល​ដី​មាន​ប្លង់​រឹង​ត្រឹមត្រូវ​ទៅ​ឱ្យ​អ្នក​ទិញ​នោះ​ជា​រឿង​វិសេស​វិសាល​មែន​ទែន​ហ្មង​"។ លោក​គីម ហ៊ាង ក៏​បាន​ណែនាំ​ទៅ​ម្ចាស់​ដី​ឡូត៍​ផង​ដែរ​ថា ​ប្រសិន​បើ​មាន​ប្លង់​ទន់​ធ្វើ​ត្រឹម​ខណ្ឌ​ តែ​បើ​​មាន​ប្លង់​រឹង​ហើយ​គួរ​បំបែក​ក្បាល​ដី​មាន​ប្លង់​រឹង​ត្រឹមត្រូវ​ទៅ​ឱ្យ​អ្នក​ទិញ​។

ដោយ​ឡែក​ចំពោះ​ផល​វិជ្ជមាន​វិញ ម្ចាស់​​​ក្រុមហ៊ុន​ KHMER REAL ESTATE លើក​ឡើង​ថា ដោយសារ​បច្ចុប្បន្ន​នេះ កំណើន​ប្រជាជន​ក្នុង​ទីក្រុង​កាន់​តែ​ច្រើន​ឡើង​ ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ ប្រជាជន​រាប់​ម៉ឺន​នាក់​ចូល​ទីក្រុង​ដើម្បី​រក​ការងារ​ធ្វើ ដើម្បី​សិក្សា ដើម្បី​ធ្វើ​អាជីវកម្ម​។ ​ដោយ​ឡែក​ក្រោម​មធ្យម​ ២០០​ដុល្លារ ទៅ​៥០០​ដុល្លារ​ គួរ​តែ​ទៅ​ទិញ​ដី​បង់​រំលស់​នៅ​ជាយ​ក្រុង​គឺ​ជា​ល្អ​បំផុត​។

ប៉ុន្តែ​ដើម្បី​បញ្ចៀស​ហានិភ័យ មុន​ពេល​សម្រេច​ចិត្ត​ទិញ​ដី​ឡូត៍ គួរ​តែ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់​ តាម​រយៈ​ការ​សាកសួរ ការិយាល័យ​​សុរិយោដី​តាម​ខណ្ឌ អាជ្ញាធរ​ដែន​ដី​ ហើយ​ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់​តែ​ម្ដង គួរ​តែ​ទាក់ទង​មេ​ភូមិ​ដែល​​ដឹង​រឿង​ច្បាស់​ជាង​គេ ​ឬ​មួយ​សាកសួរ​ដល់​សង្កាត់​ក៏​បាន​ដែរ​៕​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម