ឡាំ សុវណ្ណី រៀន​ជាប់​លំដាប់​ពិន្ទុ​A​​គ្រប់​មុខវិជ្ជា​​៤​ឆ្នាំ​ ប្រាប់​គន្លឹះ​សំខាន់ៗ​ដើម្បី​ក្លាយ​ជា​និស្សិត​ឆ្នើម​

  • 2017-03-09 07:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​ ៤​ឆ្នាំ​នៃ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​រៀន​ជាប់​លំដាប់​ពិន្ទុ​ Aគ្រប់​មុខ​វិជ្ជា​ និង​គ្រប់​ឆមាស​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ​។ ​ប៉ុន្តែ​និស្សិត​ឆ្នើម​ ឡាំ សុវណ្ណី​ ដែល​ជិត​បញ្ចប់​ការ​សិក្សា​ជំនាញ​ ទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា តែង​ជាប់​លំដាប់​ពិន្ទុ​ Aគ្រប់​ឆមាស​រយៈពេល​៤​ឆ្នាំ​នៅ​ក្នុង​ការ​សិក្សា​។ ​ដូច្នេះ​តើ​មាន​គន្លឹះ​សំខាន់​អ្វី​ខ្លះ​ដើម្បី​ក្លាយ​ជា​សិស្ស​ឆ្នើម​ប្រចាំ​សាកលវិទ្យាល័យ​? ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​បទពិសោធន៍​របស់​និស្សិត​ឆ្នើម ឡាំ សុវណ្ណី​៖

១ .ខិត​ខំ​អាន​ឱ្យ​បាន​ច្រើន ​ និស្សិត ឡាំ សុវណ្ណី ​ដែល​រៀន​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លើក​ឡើង​ថា ​ចំណុច​សំខាន់​បំផុត​ដើម្បី​ក្លាយ​ជា​សិស្ស​ឆ្នើម​គឺ​ចាប់​ផ្ដើម​ពី​ការ​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន។ សុវណ្ណី ​បាន​និយាយ​ថា ​"ការ​អាន​គឺ​ជា​កូន​សោ​មួយ​សម្រាប់​ចាក់​យក​ពី​ភាព​ខ្លាំង ​និង​សក្ដានុពល​របស់​យើង"។

២. ​ចូលរួម​រាល់​សកម្មភាព​របស់​ក្លឹប​ប្រចាំ​សាកលវិទ្យាល័យ​

ឡាំ សុវណ្ណី ដែល​រៀន​ជាប់​លំដាប់​ពិន្ទុ​ A គ្រប់​ឆមាស​រយៈពេល ៤​ឆ្នាំ លើក​ឡើង​ទៀត ដើម្បី​បង្កើន​សមត្ថភាព និង​រៀន​​បាន​ពូកែ ​គឺ​ការ​ចូល​រួម​ក្លឹប​ការ​បញ្ចេញ​សមត្ថភាព​សិស្ស​ ក្លឹប​ជជែក​ពិភាក្សា ​សមាគម​និស្សិត និង​ចូលរួម​សកម្មភាព​ដទៃ​ទៀត​​​ជា​រឿង​សំខាន់​បំផុត​ ដើម្បី​ជួយ​​ឱ្យ​បង្កើន​​ចំណេះ​ដឹង​ឱ្យ​កាន់​តែ​​ទូលំទូលាយ និង​ផ្លាស់​ប្ដូរ​បទពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​។

៣. ​ស្វែង​រក​នូវ​ទី​ប្រឹក្សា​អ្នក​ដែល​មាន​ចំណេះ​ដឹង​ជាង

មក​ដល់​ចំណុច​នេះ ឡាំ សុវណ្ណី និយាយ​ថា៖ "ធម្មតា​មនុស្ស​យើង​មិន​អាច​ចេះ​សព្វគ្រប់​ទាំង​អស់​នោះ​ទេ សំខាន់​ត្រូវ​ចេះ​ដេញ​ដោល​សួរ​គេ អ្នក​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នឹង​ប្រាប់​ពី​គន្លឹះ​​ធ្វើ​យ៉ាង​ណា​រៀន​សូត្រ ​ឱ្យ​បាន​កាន់​តែ​​រីក​ចម្រើន"។ ជាក់ស្ដែង​បទពិសោធន៍​របស់​កញ្ញា​ផ្ទាល់​តែង​រក​នរណា​ម្នាក់​ដើម្បី​ធ្វើ​ជា​អ្នក​ប្រឹក្សា ដូចជា​លោក​គ្រូ អ្នក​គ្រូ​ សិស្ស​ច្បង​ ដែល​មាន​សមត្ថភាព​ជាង ​ដើម្បី​រៀន​សូត្រ​ពី​អ្នក​ទាំង​នោះ​នូវ​រាល់​ចំណុច​ណា​ដែល​ខ្លួន​ឯង​ខ្វះ​ខាត​។

​​ ៤. ​រៀន​កត់​ចំណាំ​អ្វី​ដែល​ជា​ចំណុច​សំខាន់​របស់​មេរៀន

និស្សិត​ឆ្នើម​ ឡាំ សុវណ្ណី ដែល​ចូលចិត្ត​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ក្នុង​សង្គម​ប្រាប់​ទៀត​ថា ​ដើម្បី​ប្រឡង​ឱ្យ​បាន​ពិន្ទុ​ខ្ពស់ ចំណុច​សំខាន់​បំផុត​នោះ​គឺ​កំឡុង​ពេល​សិក្សា​ក្នុង​ថ្នាក់​រៀន​តែ​ម្ដង​។ ​និស្សិត​ឆ្នើម​រូប​នេះ​លើក​ឡើង​ថា ​កំឡុង​ពេល​រៀន​ក្នុង​ថ្នាក់​គន្លឹះ​សំខាន់​បំផុត​នោះ ​គឺ​ការ​កត់​ចំណាំ​អ្វី​ដែល​ជា​ចំណុច​សំខាន់​បំផុត​របស់​មេរៀន និង​រក​ឱ្យ​ឃើញ​នូវ​ចំណុច​ពិសេស​របស់​មេរៀន​នោះ ហើយ​ត្រូវ​យក​វា​មក​សិក្សា​ឱ្យ​បាន​​លម្អិត​។ ​

​​៥. ត្រូវ​រំលឹក​ឡើង​វិញ​នៅ​ផ្ទះ​

ឡាំ សុវណ្ណី ដែល​ជា​តំណាង​និស្សិត​ប្រចាំ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បន្ត​ទៀត​ថា ​ការ​រៀន​តែ​នៅ​ក្នុង​សាលា​មិន​គ្រប់គ្រាន់​នោះ​ទេ ដូច្នេះ​ហើយ​ត្រូវ​រំលឹក​មេរៀន​ឡើង​វិញ​នៅ​ផ្ទះ​ជា​និច្ច​។ សុវណ្ណី និយាយ​ថា ឱ្យ​តែ​មាន​ពេល​ពេល មិន​ថា​នៅ​ផ្ទះ ឬ​​នៅ​ទីណា​ក៏​ដោយ​គឺ​ជា​កន្លែង​សិក្សា​រៀន​សូត្រ​ទាំង​អស់ កុំ​ចំណាយ​ពេល​វេលា​ចោល​ទទេ​ៗ។

​​​ ៦. ​ព្យាយាម​យល់​កុំ​ព្យាយាម​ចាំ

ត្រង់​ចំណុច​នេះ និស្សិត​ជិត​បញ្ចប់​ការ​សិក្សា​ជំនាញ ទំនាក់ទំនង​អន្តរជាតិ​រូប​នេះ បាន​លើកឡើង​ថា ​ដើម្បី​រៀន​ឱ្យ​បាន​ពូកែ ធ្វើ​យ៉ាង​ម៉េច​ត្រូវ​ព្យាយាម​យល់​ឱ្យ​ច្បាស់​នូវ​រាល់​ចំណុច​ដែល​គ្រូ​បាន​បង្រៀន ឬ​ចំណុច​សំខាន់​ៗ​ក្នុង​មេរៀន​ ​ហើយ​កុំ​ទន្ទេញ​ឱ្យ​ចាំ​។ ​ការ​ទន្ទេញ​ឱ្យ​ចាំ​គឺ​អាច​ភ្លេច​ទៅវិញ ហើយ​មិន​ចេះ​ពិត​ប្រាកដ​នោះ​ទេ បើ​រៀន​ឱ្យ​យល់​វិញ​ចាំ​មួយ​ជីវិត​តែ​ម្ដង​។ ​ដូច្នេះ​ហើយ​គ្មាន​អ្វី​ក្រៅ​ពី​ការ​សួរ​នោះ​ទេ បើ​មិន​​យល់​ត្រូវ​សួរ​មិន​ត្រូវ​ខ្លាច​​ឡើយ មិន​ថា​មិត្ត​ភក្ដិ​ លោក​គ្រូ​អ្នក​អ្នក​គ្រូ​។

៧. ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ឯង

និស្សិត​ឆ្នើម​រៀន​មិន​ដែល​ជាប់​លំដាប់​ពិន្ទុ B រូប​នេះ​លើក​ឡើង​ទៀត​ថា ការ​សិក្សា​ និង​ក្នុង​ពេល​ប្រឡង​ត្រូវ​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ឯង កុំ​ពឹង​អ្នក​ដទៃ​។ ឡាំ សុវណ្ណី និយាយ​ថា៖ "នៅ​ក្នុង​ខួរ​ក្បាល​មនុស្ស​ម្នាក់ៗ​តែង​តែ​មាន​សក្ដានុពល​រៀង​ៗ​ខ្លួន​ ដូច្នេះ​ត្រូវ​រក​ឱ្យ​ឃើញ​ឱ្យ​សក្ដានុពល​របស់​ខ្លួន​ឯង ​ហើយ​ត្រូវ​ប្រើ​ភាព​ខ្លាំង​ឱ្យ​អស់"។ ​​​

អត្ថបទ៖ វឌ្ឍនៈ