លោកយាយសម្រាលកូននៅអាយុ៧២ឆ្នាំ ប្រាប់ផលលំបាកមិននឹកស្មាន
- 2017-03-10 03:44:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកយាយសម្រាលកូននៅអាយុ៧២ឆ្នាំ ប្រាប់ផលលំបាកមិននឹកស្មាន
ចន្លោះមិនឃើញ
លោកយាយម្នាក់បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីដឹងថាសម្រាលបានកូនប្រុសមួយក្នុងវ័យ ៧២ឆ្នាំ តែសុខភាពគាត់ហាក់យ៉ាប់យ៉ឺនខ្លាំងហួសការរំពឹងទុក។
លោកយាយ Daljinder Kaur មានវ័យ៧៣ឆ្នាំ បានសម្រាលកូនដំបូងកាលពីខែមេសាឆ្នាំ ២០១៦ នៅភាគខាងជើងប្រទេសឥណ្ឌា។ ចាប់តាំងពីពេលនោះមក គាត់បានកើតជំងឺលើសឈាម និងខ្សោយសន្លាក់។
លោកយាយរៀបរាប់ថា "ជំងឺលើសឈាមធ្វើឲ្យឆាប់ហត់អស់កម្លាំងណាស់។ ខ្ញុំបានទៅជួបគ្រូពេទ្យជាច្រើននាក់ ប៉ុន្តែពួកគេឲ្យតែថ្នាំលេប និងតមអាហារប៉ុណ្ណោះ។ ខ្ញុំបារម្ភពីសុខភាពកូនរបស់ខ្ញុំ (Armaan)។ ខ្ញុំត្រូវតែថែរក្សាសុខភាពខ្លួនឯងផង និងកូនផង។"
លោកយាយបន្ត "ចាប់តាំងពី Armaan ចេះលូនវារមក ដៃ និងជង្គង់របស់ខ្ញុំចាប់ផ្ដើមលំបាកព្រោះត្រូវដេញចាប់វា។ រាងកាយរបស់ខ្ញុំមិនអាចកម្រើកបានរហ័ស គឺពិបាកជាងអ្វីខ្ញុំធ្លាប់គិតទៅទៀត។"
លោកយាយមិនអាចមានកូនបែបធម្មជាតិបាន ទើបរកគ្រូពេទ្យឲ្យព្យាបាល IVF ជាមួយប្ដីវ័យ៨០ឆ្នាំ ដោយអ្នកទាំងពីរបានរៀបការរយៈពេល ៤៦ឆ្នាំមកហើយ។ ប្រភពខាងលើបន្ថែមថា "ខ្ញុំមានអារម្មណ៍តូចចិត្តព្រោះមិនអាចមានកូន តែពេលវ័យកាន់តែចាស់នឹកចង់បានកូនខ្លាំងម្ដងទៀត។"
អ្នកទាំងពីរបានធ្វើដំណើរពីស្រុកកំណើតនៅទីក្រុង Amritsar រដ្ឋ Punjab ទៅកាន់មន្ទីរពេទ្យកុមារ National Fertility and Test Tube Baby នៅទីក្រុង Hisar រដ្ឋ Haryana ដើម្បីព្យាបាល។
កូនប្រុសរបស់អ្នកទាំងពីរមានទម្ងន់ត្រឹមតែ ១,៦គីឡូប៉ុណ្ណោះ ហើយពេលនេះអាយុជិតមួយឆ្នាំហើយគេមានទម្ងន់ ៦,៨គីឡូ គឺនៅតែស្រាល។ ទោះបីជួបបញ្ហាច្រើន លោកយាយបង្ហើបថា ខ្លួនមិនស្ដាយក្រោយទេ និងស្រលាញ់កូនខ្លាំងទៀតផង៕