ជើង​ឯក​គោជល់​រដូវ​ការ​ទី៧​ ប្រជុំ​ដោយ​ជើង​ខ្លាំង​នៅ​ CNC

  • 2017-03-12 09:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ចប់​ទៅ​និង​រក​ឃើញ​ម្ចាស់​ខ្សែ​ក្រវាត់​រដូវ​ការ​ទី៦​ ដែល​បាន​ទៅ​លើ​កីឡាករ​ មឿន​ សុខហ៊ុច​ រួច​មក​ កាល​ពី​ម្សិលមិញ​ថ្ងៃ​ទី១១​ ខែ​មិនា​ ឆ្នាំ​ ២០១៧​នេះ​ ទូរទស្សន៍​ CNC​ បាន​ប្រកាស​បើក​ឆាក​ខ្សែ​ក្រវាត់​រដូវ​ការ​ទី៧​ ទម្ងន់​ ៦៣.៥កីឡាក្រាម​ជា​ថ្មី​ម្ដង​ទៀត។​

លោក​ ស៊ីថូ​ ណាថាន់​

លោក​ ស៊ីថូ​ ណាថាន់​ តំណាង​ឲ្យ​ផ្នែក​កីឡា​របស់​ទូរទស្សន៍​ CNC​ បាន​ឲ្យ​ដឹង​នា​ពេល​សន្និសីទ​សារព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃទី១១​ ខែ​មិនា​ ឆ្នាំ​ ២០១៧​ នៅ​ស្ថានីយ​ឬស្សីកែវ​ថា​ ក្រោយ​ពេល​សម្រាក​មួយ​រយៈ​ពេល​បន្ទាប់​ពី​បញ្ចប់​ខ្សែ​ក្រវាត់​រដូវ​ការ​ទី៦​ កន្លង​ទៅ​នេះ​ដោយ​ដាក់​ឲ្យ​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជំនួស។​ ឥលូវ​នេះ​ក្រវាត់​រដូវ​ការ​ទី៧​ បាន​ចាប់​ផ្ដើម​ឡើង​វិញ​ហើយ​ គឺ​ទម្ងន់​ ៦៣.៥​គីឡូក្រាម​ ដោយ​មាន​សុទ្ធ​តែ​កំពូល​កីឡាករ​នៅ​កម្ពុជា​ចូល​រួម។​

ពានរង្វាន់

អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ កីឡាករ​កម្ពុជា​ដែល​ចូល​រួម​សុទ្ធ​តែ​មាន​មានឈ្មោះបោះសម្លេង​នា​ពេល​បច្ចុប្បន្ន​ រី​ឯ​កីឡាករ​មក​ពី​ប្រទេស​ថៃ​ក៏​មិន​ធម្មតា​នោះ​ដែល។​ លោក​និង​ក្រុម​ការងារ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដល់​ក្លឹប​ពួក​គេ​ហ្វឹកហាត់​តែ​ម្ដង​ កីឡាករ​ទាំង​នោះ​ ២នាក់​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ ហើយ​ពួក​គេ​មាន​ថ្វី​ដៃ​ល្អ​ណាស់។​ កូន​លោក​ ម៉ា​ សេរី​ រូប​នេះ​សង្ឃឹម​ថា​ខ្សែ​ក្រវាត់​រដូវ​ការ​នេះ​នឹង​ធ្វើ​ឲ្យ​ទស្សនិកជន​ជក់ចិត្ត​និង​កក្រើក​មិន​ខាន។​

ចៅក្រមនិងអាជ្ញាកណ្ដាល

កីឡាករ​កម្ពុជា​ ៤រូប ​ដែល​នឹង​ត្រូវ​ចូល​រួម​ប្រកួត​ប្រជែង​មាន​ដូច​ជា​ ឃីម​ ឌីម៉ា,​ ឆៃ ​សារ៉ា,​ ឌុម​ កែវដា​ និង​ សេន​ គឹមរួន​ ខណៈ​ជើង​ខ្លាំង​ថៃ​មាន​ ៤រូប​ ដូច​គ្នា។ ​ប្រាក់​រង្វាន់​សម្រាប់​ម្ចាស់​ខ្សែ​ក្រវាត់​រដូវ​ការ​ទី៧​នេះ​ នឹង​ទទួល​បាន​ ពាន​ជើង​ឯក១​ ខ្សែក​មាស​ និង​ទឹកប្រាក់​ ២០លាន​រៀល,​ លេខ២​ ពានរង្វាន់១​ ខ្សែក​មាស​ និង​ទឹកប្រាក់​ ១០លានរៀល,​ លេខ៣​ ពានរង្វាន់១​ ខ្សែក​មាស​ និង​ទឹកប្រាក់​ ៦លាន​រៀល​ និង​លេខ៤​ ពានរង្វាន់១​ និង​ទឹកប្រាក់​ ៤លាន​រៀល។​ ការ​ប្រកួត​សប្ដាហ៍​ទី១​ នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​មិនា​ ឆ្នាំ​ ២០១៧​ វេលា​ម៉ោង​ ៥.៤០​ល្ងាច​ ដល់​ម៉ោង​ ៨យប់៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី