​​របរ​រកស៊ី​ ចំណាយ​ដើម​ទុន​តិច​ ចំណេញ​ច្រើន យុវវ័យ​អាច​ចាប់​ផ្ដើម​បាន​

  • 2017-03-15 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​យុវវ័យ ឬ​និស្សិត​ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា​មួយ​ចំនួន​ មាន​ដើម​ទុន​ចង់​ចាប់​ផ្ដើម​​រកស៊ី​ដោយ​ខ្លួន​ឯង​ តែ​​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ ​មុខ​របរ​ណា​ដែល​ចំណាយ​ដើម​ទុន​តិច ចំណេញ​ច្រើន និង​ប្រឈម​ហានិភ័យ​ទាប។ ដូច្នេះ​ប្រសិន​បើ​យុវវ័យ​ចង់​រកស៊ី​ដោយ​ខ្លួន​ឯង ឬ​ជា​ក្រុម​ តើ​គួរ​រកស៊ី​មុខ​របរ​អ្វី​ទៅ​?

លោក​សាស្ត្រាចារ្យ ​សេដ្ឋកិច្ច សេង សុខហាក់ ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ និង​ជា​អ្នក​រកស៊ី​ដ៏​ឆ្នើម​ម្នាក់​ផង​នោះ​បាន​លើក​ឡើង​ថា ​មុខ​របរ​ចំណាយ​ដើម​ទុន​តិច ចំណេញ​ច្រើន និង​ប្រឈម​ហានិភ័យ​ទាប​នោះ គឺ ​មុខ​របរ​លំហែ​កម្សាន្ត និង​ម្ហូប​អាហារ។ លោក​បានប្រាប់ថា កូន​សិស្ស​របស់​លោក​​មួយ​ក្រុម​គ្នា ៥​នាក់​ចំណាយ​ដើម​ទុន​​ម្នាក់​បន្តិច​ បើក​ជា​កន្លែង​លក់​ Fast food មាន​ជា​ចំណី​អាហារ បាយ កាហ្វេ នៅ​តាម​ផ្លូវ​ហើយ​​អាច​រក​លុយ​បាន​ច្រើន​ដោយ​មិន​ចាំ​បាច់​អស់​ដើម​ទុន​ច្រើន និង​ពេល​វេលា​យូរ​នោះ​ទេ​​។ ដូច្នេះ​​ហើយ​មុខ​របរ​ផ្នែក​សេវា​ម្ហូប​អាហារ​នេះ​ ​ជា​មុខ​របរ​មិន​ចេះ​រីង​ស្ងួត​​នោះ​ទេ​។

លោក​សាស្ត្រាចារ្យ សេង សុខហាក់ លើ​ឡើង​ទៀត​ថា និស្សិត​អាច​ចូល​លុយ​គ្នា ម្នាក់​ ១​ពាន់​ដុល្លារ ២​ពាន់​ដុល្លារ​ ហើយ​ធ្វើ​ជា​ម្ចាស់​ខ្លួន​ឯង អ្នក​បម្រើ​សេវា​ខ្លួន​ឯង​​បាន​ដោយ​មិន​ចាំ​ប្រើ​កម្លាំង​ពលកម្ម​ផ្សេង​នោះ​ទេ​។ លោក​និយាយ​​ទៀត​ថា ​អ្នក​ណា​ក៏​ត្រូវ​ការ​ហូប អ្នក​ណា​ក៏​ត្រូវ​ការ​សប្បាយ បើ​និយាយ​ពី​វិស័យ​អប់រំ ​ចង់​បើក​​សាលា​រៀន​ត្រូវ​ការ​ដើម​ទុន​ តែ​ការ​ហូប​ចុក ការ​កម្សាន្ត​គឺ​មនុស្ស​ត្រូវ​ការ​ជា​រៀងរាល់​ថ្ងៃ។ ​

​ម្ចាស់​ចម្ការ​ទុរេន នៅ​ខេត្ត​កំពត​រូប​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បើ​ចង់​រកស៊ី​ទាំង​វ័យ​ក្មេង កុំ​រកស៊ី​តែ​ឯង ដូចជា​ពាក្យ​គេ​និយាយ​ថា៖ "បើ​ចង់​ដើរ​លឿន​គឺ​ដើរ​តែ​ឯង​ចុះ តែ​បើ​ចង់​យូរ ហើយ​ដើរ​ឱ្យ​ឆ្ងាយ​គឺ​ដើរ​ជា​ក្រុម" មិន​ខុស​ពី​ការ​រកស៊ី​ដែរ គួរ​មាន​ក្រុម​ការងារ​ពី ​៣ ទៅ​៥​នាក់ ដើម្បី​ចាប់​ផ្ដើម​អាជីវកម្ម​។ ដូច្នេះ​ចាំ​បាច់​ត្រូវ​មាន​ការ​ សហការ​ជា​​មួយ​អ្នក​ណា​​ដែល​មាន​អ្វី​ ហើយ​ខ្លួន​ឯង​មិន​មាន​​ ហើយ​អ្វី​ដែល​ខ្លួន​ឯង​​មាន​ប៉ុន្តែ​គេ​មិន​​មាន​។ បន្ថែម​លើ​ពី​នេះ​ទៀត ក្នុង​ក្រុម​ត្រូវ​មាន​អ្នក​មាន​​គំនិត ត្រូវ​មាន​ពេល អ្នក​មាន​ពេល​វេលា ទើប​ការ​រកស៊ី​ជា​ក្រុម​ទទួល​បាន​ជោគជ័យ​៕​​

អត្ថបទ៖ វឌ្ឍនៈ