ភរិយា​ឧកញ៉ា ម៉ុង ឫទ្ធី ធ្វើ​ប្រហុក​ម្ដង​ជាង ៣០០០គីឡូ ទុក​ទទួល​ភ្ញៀវ​ជំនួស​គ្រឿង​សមុទ្រ

  • 2017-03-16 07:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ភរិយា​របស់​សេដ្ឋី​មាន​ជំនួញ​ក្នុង​ដៃ​ច្រើន​មែន​ពិត ប៉ុន្តែ​លោក​ជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី មិន​ធ្លាប់​ទុក​ខ្លួន​ឲ្យ​ទំនេរ​ទេ គឺ​តែង​ធ្វើ​ការងារ​ផ្ទះ​ជា​ប្រចាំ​ដូច​នារី​ធម្មតា​ម្នាក់។ កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ លោក​ជំទាវ​ទើប​ធ្វើ​ប្រហុក​ដាក់​ពាង​ដោយ​ផ្ទាល់​ដៃ​ប្រមាណ​ជាង ៣​ពាន់​គីឡូក្រាម​ទៀត ដើម្បី​ទុក​ទទួល​ភ្ញៀវ​ជំនួស​ជា​ម្ហូប​បែប​ខ្មែរ ជំនួស​គ្រឿង​សមុទ្រ​នានា។

លោក​ជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី

លោក​ជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី បាន​បញ្ជាក់​ថា ប្រហុក​ដែល​ធ្វើ​ទុក​ក្នុង​ឃ្លាំង​ទាំង​អស់​នេះ គឺ​សម្រាប់​ទទួល​ទាន​ក្នុង​ក្រុម​គ្រួសារ និង​ទទួល​ភ្ញៀវ​ជា​មន្ត្រី​ជាន់​ខ្ពស់​នានា​ដែល​តែង​ទៅ​លេង​គេហដ្ឋាន​របស់​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ជា​ប្រចាំ​នៅ​ឃុំ​កែវផុស ជាប់​នឹង​មាត់​សមុទ្រ​ផ្ទាល់​តែ​ម្ដង។ ក្រៅ​ពី​នេះ លោក​ជំទាវ​ក៏​ត្រៀម​សម្រាប់​ការ​ជប់លៀង​ជូន​កម្មករ ព្រោះ​លោក​ជំទាវ​ចង់​ឲ្យ​សាក​ម្ហូប​បែប​ខ្មែរ ជា​ជាង​គ្រឿង​សមុទ្រ។

ម្ហូប​ដែល​លោក​ជំទាវ​ទទួល​ភ្ញៀវ​ភាគ​ច្រើន គឺ​ប្រហុក​ចំហុយ និង​សម្ល​ម្ជូរ​គ្រឿង ហើយ​ម្ហូប​ទាំង​អស់​នោះ លោក​ជំទាវ​តែង​ចូល​រួម​ធ្វើ​ដោយ​ផ្ទាល់​ដៃ បើ​ទោះ​មាន​ចុងភៅ​ប្រចាំ​ផ្ទះ​ក៏​ដោយ។ លោក​ជំទាវ បាន​ប្រាប់​ថា នេះ​ជា​ទម្លាប់​ទៅ​ហើយ ព្រោះ​ជា​ប្រចាំ​តែង​ធ្វើ​ម្ហូប និង​ការងារ​ផ្ទះ មិន​ចេះ​ទុក​ខ្លួន​ឲ្យ​ទំនេរ​ឡើយ។

បើ​គិត​មក​ទល់​ពេល​នេះ ជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ធ្វើ​ប្រហុក​ដាក់​ពាង​បាន ៥​ដង៖​

ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០០៥ ដាក់​ចូល​ពាង ៤៦៨៧​គីឡូក្រាម

ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០១១ ដាក់​ចូល​ពាង ៣៧០០គីឡូក្រាម

ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០១៤ ដាក់​ចូល​ពាង ៣៧០០គីឡូក្រាម

ថ្ងៃ​ទី១០ ខែ​មិថុនា ឆ្នាំ​២០១៦ ដាក់​ចូល​ពាង ១៧៩៧គីឡូក្រាម

ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ​២០១៦ ដាក់​ចូល​ពាង ៣០៨២​គីឡូក្រាម

អត្ថបទ៖ គង់ វិសាល