អាយុ ៧០​ឆ្នាំ​ តែ​នៅ​ធាក់​កង់​​ជាង​ ៣០​គីឡូម៉ែត្រ​រក​លុយ​សង​គេ ព្រោះ​កូន​លួច​លក់​ដី

  • 2017-03-16 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាយុ​ជិត​ ៧០​ឆ្នាំ​ទៅ​ហើយ​នោះ​ លោក​តា ឃុត សុផាត ត្រូវ​ធាក់​កង់​ប្រវែង​ជាង​៣០​គីឡូ​ម៉ែត្រ ដើម្បី​មក​លក់​ក្រូច​ថ្លុងនៅ​រាជធានី​ភ្នំពេញ​ជា​រៀងរាល់​ថ្ងៃ​។ ​លោកតា​ប្រាប់​ថា ដោយសារ​តែ​ជីវភាព​ក្រីក្រ កូន​ៗ​មិន​អាច​ពឹង​អាស្រ័យ​បាន ហើយ​ប្រពន្ធ​លោកតា​មាន​ជំងឺ​ត្រូវ​ការ​លុយ​ដើម្បី​ព្យាបាល​ផង​នោះ​ ទើប​ជា​រៀង​រាល់​ថ្ងៃ​​ លោកតា​ត្រូវ​ភ្ញាក់​តាំង​ពី​ម៉ោង ៤​ទាប​ភ្លឺ​ដើម្បី​ធាក់​មក​ភ្នំពេញ​លក់​ក្រូច​ថ្លុងនេះ។

ក្នុង​សភាព​អស់​កម្លាំង​ដោយសារ​តែ​ហត់​នឿយ​នឹង​ការ​ធាក់​កង់​ លោកតា​រៀបរាប់​ទៀត​ ជាង​១០​ឆ្នាំ​ហើយ​ដែល​លោកតា ត្រូវ​ធាក់​កង់​ចម្ងាយ​រាប់​គីឡូ​ម៉ែត្រ​ ដើម្បី​លក់​​ក្រូច​ថ្លុងនេះ គ្រាន់​នឹង​បាន​​លុយ​ខ្លះ​ផ្គត់ផ្គង់​ជីវភាព​ និង​ព្យាបាល​ជំងឺ​លោកយាយ។ អ្វី​ដែល​ធ្វើ​ឱ្យ​លោកតា​ត្រូវ​តស៊ូ​លក់​ដូរ​នេះ ក៏​ដោយសារ​ត្រូវ​រក​លុយ​ដើម្បី​សង​បំណុល​គេ​រហូត​ដល់​​ទៅ​ជាង ៣​ពាន់​ដុល្លារ​ឯណោះ​។ ​មក​ដល់​ចំណុច​នេះ​លោកតា​និយាយ​ថា៖ "ហឹមម និយាយ​ឱ្យ​អស់​ទៅ​ខ្ញុំ​លក់​ដូរ​នេះ ដោយសារ​ត្រូវ​រកលុយ​សង​បំណុល​គេ​ ព្រោះ​កូន​យក​ដី​ទៅ​លក់ ម្លោះហើយ​ត្រូវ​រក​លុយ ​ដើម្បី​លស់យក​ដី​មក​វិញ​ចៅ​អើយ"។

​ទោះ​ឥទ្ធិពល​នៃ​កម្ដៅ​ព្រះ​អាទិត្យ​ហាក់​មិន​ប្រណី​ ក៏​លោកតា​កម្សត់​ម្នាក់​នេះ​​មិន​បោះ​បង់​ការ​តស៊ូ​ឡើយ ព្រោះ​បើ​មិនខំ​រក​គ្មាន​កូន​ណា​ចិញ្ចឹម​ទេ​។ ​លោកតា​រៀប​រាប់​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​អាច​រក​លុយ​បាន​ជាង​២០​ម៉ឺន​រៀល ក្នុង​នោះ​ប្រាក់​ចំណេញ​ត្រឹម​តែ​២ម៉ឺន​រៀល ឬ​ជាង​១ម៉ឺន​រៀល​ទេ​ ហើយលោកតា​ត្រូវ​ធាក់​កង់​​លក់​ក្រូច​ថ្លុងគ្រប់​ទី​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ពេញ​មួយ​ថ្ងៃ​ លុះ​ល្ងាច​ឡើង​ទើប​ធាក់​កង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

នៅ​ពេល​សួរ​ថា តើ​លោកតា​ត្រូវ​ធាក់​កង់​ទៅ​មក​ជា​រៀងរាល់​ថ្ងៃ​បែប​នេះ មិន​ប៉ះពាល់​​ដល់​សុខភាព ឈឺ​សន្លាក់​ជង្គង់​អី​ទេ? ​លោកតា​ សុផាត បាន​ប្រាប់​ថា មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ត្រូវ​តែ​ខំ​ប្រឹង​បន្ត​ទៀត ព្រោះ​មិន​ខំ​គ្មាន​អ្នក​ចិញ្ចឹម​ទេ ម្យ៉ាង​ត្រូវ​រក​លុយ​សង​បំណុល​គេ​ផង​។ ​លោកតា​ប្រាប់​ទៀត​ថា ឥឡូវ​នេះ​បាន​សង​ពាក់​កណ្ដាល​ហើយ​នៅ​ពាក់​កណ្ដាល​ទៀត ដោយសារ​តែ​ស្ដាយកេរ​អាករ​ទើប​ខំ​ទៅ​លស់យកដីមក​វិញ​។

​លោកតា​ប្រាប់​ទៀត​ថា ​កាល​ពី​មុន​លោកតា​មិន​មាន​កង់​ធាក់​លក់​នោះ​ទេ គឺ​ត្រូវ​រែក​ក្រូចលក់​ដោយ​កម្លាំង​កាយ​សុទ្ធ​តែ​ម្ដង​ ក្រោយ​ពេល​មាន​លទ្ធភាព​តិច​តួច​ទើប​អាច​ទិញ​កង់​ចាស់​មួយ​គ្រាននឹងធាក់​ លក់​ក្រូច​បន្ត​ទៅ​ទៀត ដើម្បី​ចិញ្ចឹម​ជីវិត​លោកតា និង​ភរិយា​លុះ​ដល់​ដើរ​លែង​​កើត​ទើប​ឈប់​លក់​៕ ​​ ​​​ ​​​​​​

អត្ថបទ៖ វឌ្ឍនៈ