Mata ​ស៊ុត​១​គ្រាប់ ​ជួយ​ឲ្យ​ Man Utd ​ឡើង​វគ្គ​៨​ក្រុម​ UEFA Europa League

  • 2017-03-16 23:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​ UEFA Europa League ​ហើយ​ បន្ទាប់​ពី​ឈ្នះ​ Rostov ​១-០ ​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម ជើង​ទី​២ ​នៅ​កីឡដ្ឋាន​ Old Trafford ​យប់​មិញ ​និង​សរុប​ទាំង​២​ជើង​ឈ្នះ​ ២-១។

បន្ទាប់​ពី​ជើង​ទី​១​នៅ​ទឹក​ដី​រុស្សី​ បញ្ចប់​លទ្ធផល​ស្មើ​គ្នា ១-១ ​Man Utd ​បាន​សម្រុក​ Rostov ​យ៉ាង​ខ្លាំង ​ដោយ​គ្រប់​គ្រង​បាល់​ដល់​ទៅ​៦៩% ​និង​ស៊ុត​សរុប​១៨​ជើង។ ​១​គ្រាប់​របស់​​បិសាច​ក្រហម ​ស៊ុត​ដោយ​ខ្សែ​បម្រើ​ Juan Mata ​នាទី​​៧០ ​បន្ទាប់​ពី​ Henrikh Mkhitaryan វាយ​កាត់​ពី​ស្លាប ​ហើយ​ Zlatan Ibrahimovic ​វាយ​កែង​បញ្ជូន​ឲ្យ​យ៉ាង​ល្អ។

UEFA Europa League ​ជា​ពាន​រង្វាន់​ធំ​មួយ​ ដែល​ក្រុម​ Man Utd ​មិន​ដែល​មាន​ប្រវត្តិ​ធ្លាប់​លើក​ពាន​នៅ​ឡើយ​ទេ ដូច្នេះ​រដូវ​កាល​នេះ​ពួកគេ​រំពឹង​ថា ​នឹង​​អាច​ឈ្នះ​ជា​លើក​ដំបូង​ ហើយ​ក៏​ចង់​ឈ្នះ​ ដើម្បី​បាន​​ទៅ​លេង​ UEFA Champions League ​ផង​ដែរ។

ក្រុម​ដែល​ជាប់​ទៅ​វគ្គ​៨​ក្រុម​​ UEFA Europa League ​ទាំង​អស់​មាន​៖ Ajax, Besiktas, Lyon, Man Utd, Genk, Celta Vigo, Anderlecht ​និង​ Schalke 04។ ​​ការ​ចាប់​ឆ្នោត​ នឹង​ធ្វើ​ឡើង​​នៅ​យប់​ថ្ងៃ​សុក្រ​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទថ្មី