បុរស​បារាំង​ជាប់​ចិត្ត​គុន​ខ្មែរ​ Derek​ មិន​សូវ​បង្ហាញ​មុខ​លើ​សង្វៀន​ញឹកញាប់​​ ព្រោះ​ជាប់​...

  • 2017-03-17 07:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជនជាតិ​បារាំង​ដែល​ស្រឡាញ់​ក្បាច់​បុរាណ​ខ្មែរ​ Bidaut Derek​ បាត់​មុខ​យូរ​មិន​សូវ​ឃើញ​ឡើង​ប្រកួត​នៅ​តាម​សង្វៀន​ផ្សេងៗ​កន្លង​មក​ ដោយ​សារ​រវល់​បង្ហាត់​សិស្ស​និង​មិន​សូវ​មាន​ពេល​ហាត់​ខ្លួន​ឯង​ផង។​

កីឡាករ Derek

ជនជាតិ​បារាំង​ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ Bidaut Derek​ បាន​ឲ្យ​ដឹង​មុន​បន្តិច​ថា​ ការ​បាត់​មុខ​ ៤-៥​ខែ ទើប​ឃើញ​ឡើង​ប្រកួត​ម្ដង​នេះ​ គឺ​ដោយ​សារ​តែ​រវល់​នោះ​ទេ​ មិន​មែន​ចាប់​គូរ​មិន​បាន​ឬ​ក៏​គ្មាន​ប៉ុស្តិ៍​ឡើង​ប្រកួត​នោះ​ឡើយ។​ ដោយ​មាន​ការ​មមាញឹក​ខ្លាំង​ទៅ​លើ​ការ​បង្ហាត់​សិស្ស​ ក្នុង​មួយ​ថ្ងៃ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ បង្ហាត់​ប្រដាល់​គុន​ខ្មែរ​និង​ល្បុក្កតោ​ប្រហែល​ជា​៦-៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ហើយ​បើ​សរុប​សិស្ស​ទាំង​អស់​១០នាក់។​

អ្នក​ប្រដាល់​គុន​ខ្មែរ​ល្បុក្កតោ​រូប​នេះ​បន្ត​ទៀត​ថា​ មិន​មាន​ពេល​ហ្វឹកហាត់​គ្រប់គ្រាន់​ដូច​នេះ​ទើប​លោក​មិន​សូវ​ចង់​ឡើង​ប្រកួត​នោះ​ទេ​ ព្រោះ​មិន​ចង់​ឡើង​វ៉ៃ​ទៅ​ធ្វើ​មិន​បាន​ល្អ​ ឬ​ចាញ់​រហូត​នោះ​ទេ។​ ក៏​ប៉ុន្តែ​មិន​បោះបង់​សង្វៀន​ទាំង​ស្រុង​នោះ​ដែរ​ លោក​នៅ​តែ​ឆ្លៀត​ពេល​ហ្វឹកហាត់​ដើម្បី​ប្រកួត​ម្ដងមួយកាល​ដែរ​ ព្រោះ​មិន​ចង់​បង្ហាញ​មុខ​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​បាន​ឃើញ​និង​ជា​ការ​រំលឹក​ក្បាច់​គុន​ខ្លះៗ​ឡើង​វិញ​ផង​ដែរ។​

កីឡាករ Derek ខោខ្លី

បច្ចុប្បន្ន​ Derek​ បារាំង​ដែល​ចេះ​ក្បាច់​គុន​ខ្មែរ​ម្នាក់​នេះ​ ជា​គ្រូ​បង្ហាត់​ប្រដាល់​នៅ​ក្លឹប​កីឡា​ Prokout​ ក្រៅ​ពី​បង្ហាត់​នៅ​ទី​នោះ​គេ​ក៏​មាន​សិស្ស​ជា​លក្ខណៈ​ឯកជន​ខ្លះ​ទៀត​ផង​ដែរ។​ នៅ​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ស្អែក​នេះ​ អ្នក​ប្រដាល់​រូប​នេះ​នឹង​ត្រូវ​ឡើង​សង្វៀន​ប្រឈម​ជា​មួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ជា​គូរ​មិត្តភាព​អម​ការ​ប្រកួត​ខ្សែ​ក្រវាត់​របស់​សង្វៀន​ CNC​ វេលា​ម៉ោង​ ៦ល្ងាច​តទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​