ក្រោយ​ឈប់​​ជាង ១០​ឆ្នាំ​ បទ​ទី​១របស់ ស៊ិន ឧត្តម​ផល្លា និយាយ​ពី​អ្នក​បាត់ដំបង

  • 2017-03-19 23:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង ស៊ិន ឧត្តម​ផល្លា ដែល​និយម​ច្រៀង​បទ​ចម្រៀង​អន្តរជាតិ ហើយ​បាន​បោះបង់​អាជីព​ជាង​១០​ឆ្នាំ​ហើយ​នោះ ឥឡូវ​បាន​ងាក​មក​ចូល​សិល្បៈ​វិញ និង​ទើប​បាន​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

បទ​ចម្រៀង​ថ្មី​របស់ ស៊ិន ឧត្តម​ផល្លា នោះ មាន​ចំណង​ជើង​ថា "បាត់​ដំបង​ចាំ​ស្នេហ៍" ជា​ប្រភេទ​បទ​មនោសញ្ចេតនា ចេញ​ក្រោម​ផលិតកម្ម Zoom។ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន អ្នក​នាង ក៏​ត្រៀម​នឹង​ចេញ​បទ​ថ្មី​បន្ត​បន្ទាប់​ទៀត​ដែរ​នា​ពេល​ខាង​មុខ ដោយ​ពេល​នេះ ខាង​ផលិតកម្ម​កំពុង​តែ​រៀប​ចំ។ ការ​ចេញ​ដំបូង​មួយ​បទ​នេះ គឺ​ដើម្បី​ស្ទាប​ស្ទង់​ពី​ទីផ្សារ ក៏​ដូច​ជា​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន។

ស្នាដៃ​ថ្មី​ដែល​ម្ចាស់​បទ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ឃើញ​ថា ទទួល​បាន​ការ​គាំទ្រ​ច្រើន​គួរ​សម ក្នុង​នោះ​អ្នក​ខ្លះ​បាន​សរសើរ​ពី​ទឹក​ដម​សំឡេង​ថា នៅ​ពីរោះ​ទទួល​យក​បាន គ្រាន់​តែ​នៅ​មាន​បញ្ហា​លើ​ការ​ប្រើ​ប្រាស់​ដង្ហើម​បន្តិច។ ចំណុច​នេះ ម្ចាស់​បទ​ក៏​បាន​ទទួល​ស្គាល់​ដែរ និង​ថា បញ្ហា​នេះ ដោយ​សារ​តែ​ខ្លួន​មិន​ទាន់​ទម្លាប់។

រូបថត៖ហ្វេសប៊ុក ស៊ិន ឧត្តម​ផល្លា

អ្នក​នាង​ថ្លែង​ថា “ខ្ញុំ​ដឹង​ខ្លួន​ឯង​ដែរ តែ​ដោយ​សារ​តែ​ពី​មុន ខ្ញុំ​ច្រើន​តែ​ច្រៀង​បទ​បរទេស ដល់​មក​ច្រៀង​បទ​ខ្មែរ​យើង​បែប​មនោសញ្ចេតនា អីចឹង រៀង​ពិបាក​បន្តិច ផ្សំ​នឹង​ឈប់​យូរ​ផង ទើប​ដូច្នេះ"។ បែប​នេះ​ក្ដី ម្ចាស់​ហាង​លក់​សម្ភារ​ប្រើ​ប្រាស់​ក្នុង​ព្រះពុទ្ធ​សាសនា​រូប​នេះ អះអាង​ថា នឹង​ខិត​ខំ​ហាត់​ពុត ក៏​ដូច​ជា​ដុះ​ខាត់​លើ​ការ​ប្រើ​ប្រាស់​ដង្ហើម​នេះ​ឲ្យ​បាន​ល្អ​ជាង​មុន​សម្រាប់​បទ​ក្រោយ​ៗ​ទៀត។

អ្នក​នាង ស៊ិន ឧត្ដម​ផល្លា បាន​ឈប់​ពី​សិល្បៈ​ប្រមាណ​ជិត​២០​មក​ហើយ ​គឺ​ចាប់​តាំង​ពី​អំឡុង​ឆ្នាំ ២០០៤ ម្ល៉េះ​បន្ទាប់​ពី​បាន​រៀបការ​មាន​ស្វាមី និង​កូន​ត្រូវ​មើល​ថែ​រួច​មក។ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​នេះ គេ​ឃើញ​​អ្នក​នាង​ចាប់​ផ្ដើម​មាន​សកម្មភាព​លើ​បណ្ដាញ​សង្គម​ដូច​ជា​ការ​ខិត​ខំ​ប្រមូល​ឯកសារ​ពាក់​ព័ន្ធ​នឹង​សិល្បករ​ចាស់​ៗ​ទុក រួម​ទាំង​ការ​ច្រៀង​លេង​កម្សាន្ត​បង្ហោះ​ផង។

ដោយ​សារ​តែ​បែប​នោះ​ហើយ ទើប​ត្រូវ​ផលិតកម្ម​ខាង​លើ​ទាក់​ទង បន្ទាប់​ពី​ដឹង​ពី​ទឹក​ដម​សំឡេង ខណៈ​សាមី​ខ្លួន អះអាង​ថា មិន​ដែល​គិត​ទាល់​តែ​សោះ​ថា​នឹង​វិល​មក​វិញ​ដោយ​សារ​តែ​សព្វ​ថ្ងៃ​អ្នក​នាង​មាន​ជំនួញ​រឹង​មួយ​រួច​ទៅ​ហើយ ដែល​អាច​ឲ្យ​អ្នក​នាង​រស់​បាន​យ៉ាង​ស្រួល បើ​ទោះ​មិន​ចាំ​បាច់​រវល់​នឹង​សិល្បៈ។

យ៉ាង​ណា ក្រោយ​ការ​ពិចារណា និង​មិន​ចង់​ឲ្យ​ឱកាស​កន្លង​ផុត អ្នកនាង ស៊ិន ឧត្តម​ផល្លា ក៏​យល់​ព្រម។ ក្រោយ​បាន​ចេញ​បទ​ចម្រៀង​ទី​១ ផលិតកម្ម​បាន និង​កំពុង​ត្រៀម​ចេញ​វីដេអូ​ចម្រៀង។ "ចូល​សិល្បៈ​វិញ​លើក​ហ្នឹង​លូក​អោយ​កប់​ហ្មង​ទៅ​ ព្រោះ​បាន​ជា​ជ្រុល​ដំណើរ​ហើយ​លូក​អោយ​ណា​ណី​(សើច)!។ ស៊ិន ឧត្តម​ផល្លា ថ្លែង។

មិន​ត្រឹម​វិល​ចូល​សិល្បៈ​វិញ​ចាប់​អាជីព​ចម្រៀង​ទេ ប៉ុន្តែ​តារា​ចម្រៀង​ស្រី​រូប​នេះ ត្រៀម​នឹង​ពង្រីក​អាជីព​ដោយ​ការ​ទទួល​ច្រៀង​ក្នុង​កម្មវិធី​ផ្សេង​ៗ រួម​ទាំង​សម្ដែង​ភាពយន្ត​ទៀត​ផង ប្រសិន​បើ​បង​ប្អូន ឬ​ផលិតករ​ណា​ត្រូវ​ការ៕

អត្ថបទ៖ ស៊ុនហួត