ទំនាយ​​អំពី​ហេតុភេទ​ប្រចាំ​ឆ្នាំ​ នៃ​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម​កិមិរាទេវី​

  • 2017-03-21 01:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ជំនឿ​របស់​ប្រជាជន​ខ្មែរ​ តែង​មាន​ជំនឿ​ទៅ​លើ​ការ​ទស្សន៍ទាយ​ ​អំពី​ហេតុភេទ​នានា ​​ក្នុង​ស្រុក​ទេស​តាម​រយៈ​ការ​ទស្សន៍ទាយ​ពី​ហោរា​ផ្សេងៗ​។ តាម​មហាសង្ក្រាន្ត ​ទេវតា​ឆ្នាំ​ថ្មី​ ឆ្នាំ​រកា​នេះ សង្ក្រាន្ត​នឹង​ចូល​មក​ដល់​ថ្ងៃ​សុក្រ ៣​រោច ​ខែ​ចែត្រ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៧ ​នា​វេលា​ម៉ោង ០៣:១២​នាទី​។ ចំពោះ​ទេវតា​ឆ្នាំ​ថ្មី​នេះ ព្រះ​នាម កិមិរាទេវី ​ជា​​បុត្រី​ទី៦នៃ​កបិលមហាព្រហ្ម​ទ្រង់​​សោយ​ចេក​ណាំវ៉ា ​ជា​​អាហារ ​ហើយ​ទ្រង់​គង់​​ផ្ទំ​បិទ​ព្រះនេត្រ​លើ​ខ្នង​ មហឹង្សា (ក្របី) ជា​ពាហនៈ​ ​ចំណែក​ឯ​ព្រះ​ហស្ត​ស្ដាំ​ទ្រង់​​​កាន់​ព្រះខ័ន្ធ រី​ឯ​ព្រះ​ហស្ត​ឆ្វេង​ទ្រង់​កាន់​​ពិណ។

តាម​រយៈ​សៀវភៅ​មហាសង្ក្រាន្ត ដែល​រៀបរៀង​ដោយ​ឯកឧត្ដម អ៊ឹម បុរន្ទិ​ អគ្គលេខាធិការ​រង គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ បាន​បង្ហាញ​អំពី​ទំនាយ​នៃ​ទេវតា​ឆ្នាំ​ថ្មី​ដូច​ខាង​ក្រោម​៖​​

១. ​​ទំនាយ​ទឹក​ភ្លៀង​៖ ​ឆ្នាំ​នេះ​ ភព​អង្គារ​ជា​អធិបតី ដឹក​នាំ​ផ្លូវ​ទឹក​ទៅ​សុំ​ទឹក​ភ្លៀង​ពី​ស្ដេច​នាគ​ ហើយ​នាគ​បាន​បង្អុរ​ទឹក​ភ្លៀង​ ៣០០​មេ។ ​ដូច្នេះ​ហើយ​នៅ​ជម្ពូ​ទ្វីប​មនុស្ស​លោក នឹង​បណ្ដាល​ឱ្យ​មាន​ទឹក​ភ្លៀង​តិច​នៅ​ដើម​ឆ្នាំ កណ្ដាល​ឆ្នាំ​ភ្លៀង​មធ្យម ​និង​ចុង​ឆ្នាំ​ភ្លៀង​ច្រើន​។

២. ​ទំនាយ​ខ្យល់​៖ ​ទំនាយ​ទាយ​ថា ក្នុង​ឆ្នាំ​នេះ​មិន​ត្រជាក់​មិន​ក្ដៅ ​មាន​ខ្យល់​ព្យុះ​ខ្លាំងៗ​ជា​ច្រើន ហើយ​អាច​កើត​ហេតុ​ល្អ ឬ​អាក្រក់​អំពី​ខ្យល់​។

៣. ​ទំនាយ​ទឹក​ទន្លេ​៖ ឆ្នាំ​នេះ​ទំនាយ​ទឹក​ទន្លេ​មាន​សំណល់​សូន្យ។ ​ដូច្នេះ​ទំនាយ​ទាយ​ថា ទន្លេ បឹង​បួរ នឹង​មាន​ទឹក​ជំនន់​ដោយ​ទឹក​ភ្លៀង​មាន​ចំនួន​ច្រើន​ណាស់ ច្រើន​លើស​អស់​ឆ្នាំ​ទាំង​ពួង​។

៤. ​ទំនាយ​ភោគផល​​របស់​កសិករ​៖ ​ឆ្នាំ​នេះ​មាន​កេណ្ឌ(៥) មាន​ឈ្មោះ​ថា វិបត្តិ​ ទំនាយ​ថា ស្រូវ​សំណាប នឹង​កើត​មាន​រោគ​ចង្រៃ​ ដង្កូវ​ ក្រា សត្វ​ល្អិត​បំផ្លាញ ​និង​បាន​ផល​ពាក់​កណ្ដាល ខូចខាត​ពាក់​កណ្ដាល​ ភោជនាហារ​ បាន​ផល​ជា​មធ្យម​។ ស្រុក​ទេស​អាច​នឹង​មាន​កលិយុគ​សង្គ្រាម ប្រជានុរាស្ត្រ​រស់​បាន​សុខ​ខ្លះ មិន​បាន​សុខ​ខ្លះ​។

៥. ​​ទំនាយ​ការ​ធ្វើ​ស្រែ​៖ ​ទំនាយ​ទាយ​ថា ​ស្រែ​ទំនាប​និង​ស្រែ​ដី​ទួល​គ្រប់​ទី​កន្លែង​នឹង​ទទួល​បាន​ផល​ល្អ ដូចគ្នា​ទាំង​ពី​យ៉ាង​។ ​ប៉ុន្តែ​បងប្អូន​ត្រូវ​ប្រុងប្រយ័ត្ន​សត្វ​ល្អិត​ចង្រៃ​ដែល​អាច​មក​បំផ្លាញ ភោគផល​ទាំង​នោះ​បាន​។

៦. ទំនាយ​ពី​ព្រះអាទិត្យ​៖ ​ឆ្នាំ​នេះ​យាន​ជំនិះ​របស់​ព្រះ​អាទិត្យ​ គឺ​សត្វ​ដំរី ទំនាយ​ទាយ​ថា ភ្លើង​កាច​សាហាវ​ស្រុក​នាម​នាគ ធ្វើ​យុទ្ធ​សង្គ្រាម​ និង​ស្រុក​នាម​គ្រុឌ​និង​នាម​កណ្ដុរ​៕

​​​​ ​

​​​​

អត្ថបទ៖ វឌ្ឍនៈ