និន្នាការ យក​ប្រលោម​លោក​មក​ផលិត​ជា​ភាពយន្តកំពុង​មាន​សន្ទុះ

  • 2017-03-21 02:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំឡឹង​ទៅ​លើ​ភាព​ជាក់​ស្ដែង ឧស្សាហកម្ម​ផលិតភាពយន្ត​ក្នុង​ស្រុក​កំពុង​តែ​មាន​ដំណើរ​ល្អ មិនថា​ភាពយន្ត​សម្រាប់​រោងកុន និង​វីដេអូ​ភាគ​ទូរទស្សន៍ ក្នុង​នោះ​ទូរទស្សន៍​ក្នុង​ស្រុក​ស្ទើរ​ទាំង​អស់ កំពុង​សម្រុក​ផលិតភាពយន្ត​ក្នុង​ស្រុក ដាក់​ក្នុង​មាតិកា​របស់​ខ្លួន។ ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ ការ​ផលិត​ភាពយន្ត​កែ​សេណារីយ៉ូ​ចេញ​ពី​ប្រលោក​លោក ក៏​កំពុង​មាន​សន្ទុះ​ដូច​គ្នា។

"មន្តស្នេហ៍​លេខា" "ស្រទន់​មន្តស្នេហ៍" "រលក​បោក​ខ្សាច់" "បំភ្លេច​មិន​បាន" ជា​ដើម​ សុទ្ធ​ភាពយន្ត​ដែល​ដើម​ឡើង​ជា​ប្រលោម ដែល​ខ្លះ​បាន​បញ្ចាំង​រួច​ហើយ ហើយ​ខ្លះ​ទៀត​កំពុង​ដំណើរ​ការ​ថត។ ក្រៅ​ពី​ "បេសកកម្ម​១" របស់​អ្នក​និពន្ធ​ប្រលោម​លោក ម៉ានិត ក៏ស្ថិត​ក្នុង​គម្រោង​ប្រែក្លាយ​ជា​ទៅ​ជា​សេណារីយ៉ូ​កុន​ដូច​គ្នា។

ដំណើរ​នេះ គេ​មើល​ឃើញ​ថា ជា​ការ​វិវត្ត​មួយ​ថ្មី​ទៀត​ក្នុង​សិល្បៈ​ភាពយន្ត​ក្នុង​ស្រុក ជាមួយ​ក្ដី​សង្ឃឹម​ជា​វិជ្ជមាន​មួយ​ចំនួន​របស់​ក្រុម​ផលិតករ​។

ម្ចាស់​ផលិតកម្ម​ដើម​ត្នោត​លោក​ ឆាយ បូរ៉ា​ ពិត​ជា​បាន​យល់​ស្រប​ នឹង​សាទរ​ចំពោះ​ការ​យក​ប្រលោម​លោក​មក​ច្នៃ​ចេញ​ជា​រូបរាង​ភាពយន្ត​។ លោក​ថា​​នេះ​វា​ជា​ការ​លើក​ទឹក​ចិត្ត​ និង​ផ្ដល់​កម្រៃ​បន្ថែម​ដល់​អ្នក​និពន្ធ និង​សិល្បករ​។

“វា​ជា​គំរូ​មួយ​ដែល​នៅ​លើ​ពិភព​លោក​តែង​តែ​អនុវត្ត​ ជាពិសេស ​នៅ​លើ​ទី​ផ្សារ​គេ​តែង​ជួយ​ដល់​ប្រជាពលរដ្ឋ​គេ។ ករណី​មួយ​ថា​អ្នកនិពន្ធ​យើង​មិន​មាន​ចំណូល​ក្នុង​ការ​លក់​ បើ​សិន​បាន​ផលិត​ជា​ភាពយន្ត​ចឹងទៀតនោះយើង​កាន់​តែ​អាច​បាន​កម្រៃ​បន្ថែមក្រៅពីការលក់។ បើ​យើង​ជា​អ្នក​និពន្ធ​ល្បី​ទៀត​ នោះ​អ្នក​ដឹកនាំ​រឿង​អាច​នឹង​ឲ្យ​លុយ​មុន​ទៀត​ដើម្បី​សរសេរ​"។ ឆាយ បូរ៉ា ថ្លែង។

លោក​នៅ​តែ​អះអាង​ដដែល​ថា​វា​ផ្ដល់​ផល​វិជ្ជមាន​​ច្រើន​ណាស់ ជា​ពិសេស​អាច​បម្រើ​ទៅ​ដល់​អ្នក​មិន​ចេះ​អក្សរ​ ដែល​អ្នក​ខ្លះ​ចេះ​អាន​ តែ​មិន​បាន​ព្យាយាម​អាន​វា។​ មួយ​វិញ​វា​បាន​ផ្ដល់​ចំណូល​មួយ​ចំនួន​ដល់​សិល្បករ​ខ្មែរ​ដែរ។

យ៉ាង​ណា​មិញ​ទន្ទឹម​នឹង​គុណ​សម្បត្តិ​ក្នុង​នោះ​ក៏​មាន​គុណវិបត្តិ​ដើរ​ទន្ទឹម​គ្នា​ដែរ​ ជាក់​ស្ដែង​អ្នក​និពន្ធ​ប្រលោម​​លោក​មួយ​ចំនួន​មិន​ទាន់​មាន​ទីផ្សារ​ ហើយ​​ខ្លះ​ទៀត​មិន​អាច​លក់​ដាច់​ភ្លាមៗ​តាម​បណ្ណាគារ​ជា​ដើម។ សំណេរ​របស់​អ្នក​និពន្ធ​លោក​ថា​ គេ​សរសេរ​ទៅ​តាម​រូបារម្មណ៍​ ហើយ​រឿង​ដែល​ផលិត​ចេញ​ជា​វីដេអូ​ សុទ្ធ​សឹង​មិន​អាច​តម្រូវ​តាម​ការ​ស្រមើស្រមៃ​ដូច​នៅ​ក្នុង​ប្រលោម​លោក​ឡើយ។

ងាក​មក​លោក​ អ៊ិន សុភិន អគ្គនាយក​ផលិត​កម្ម​មហា​ហង្ស​បាន​យល់​ឃើញ​ថា​ ការ​យក​ប្រលោម​លោក​មក​ផលិត​ជា​កុន​ទទួល​បាន​ផល​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន​។ ផល​អវិជ្ជមាន​​នៅ​ពេល​ដែល​យក​ប្រលោម​លោក​ល្បី​ដែល​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​​មក​កែ​ច្នៃ​ជា​កុន​​​ ត្រូវ​ចំណាយ​ពេល​វេលា​យូរ​​​ក្នុង​​ការ​ជ្រើស​រើស​ទីតាំង​​ឆាក​និង​តួ​ឲ្យ​សម​ទៅ​តាម​​ប្រលោម​លោក។ ចំណែក​ឯ​កា​រចំណាយ​វិញ​មិន​មាន​ភាព​​ច្បាស់​លាស់​​ផង​ដែរ​។​​​​​

លោក អ៊ិន សុភិន​ បន្ត​ថា​ផល​វិជ្ជមាន៖​ "ខ្ញុំ​គិត​ថា​ប្រសិន​បើ​យើង​យក​ប្រលោម​លោក​ល្បី​ៗ​មក​ថត​ជា​ខ្សែ​ភាព​យន្ត​ នឹង​ទទួល​បាន​​អ្នក​ទស្សនា​ច្រើន​ជាង​ យើង​និពន្ធ​ចេញ​ជា​សាច់​រឿង​កុន​ ព្រោះ​ប្រលោម​លោក​ល្បី​មាន​អាន​ច្រើន​រួច​ជា​ស្រេច​ទើប​យើង​យក​មក​ធ្វើ​កុន ដូច្នេះ​ពួក​គាត់​ដែល​ធ្លាប់​អាន​​ប្រលោម​លោក​ល្បី​​ហ្នឹង​​ពិត​ជា​ចង់​ទស្សនា​​​​វីដេអូ​​ដែល​មាន​កាយ​វិការ​ និង​សំឡេង​ពិតៗ​​ចំពោះ​ការ​សម្ដែង​​តួ​អង្គ​ក្នុង​រឿង​ថា​វា​អស្ចារ្យ​ប៉ុណ្ណា​"​​​។

ចំណែក​ឯ​អ្នក​ស្រី ប៉ុល ពិសី ​​អ្នក​និពន្ធ​ជើង​ចាស់​ម្នាក់​បាន​លើក​ឡើង​ស្រដៀង​ទៅ​ហ្នឹង​លោក​ អ៊ិន​ សុភិន ថា៖ "​ប្រ​សិន​បើ​​ប្រលោម​លោក​ហ្នឹង​មាន​ភាព​ល្បី​ល្បាញ​​អ្នក​អាន​ប្រាកដ​ជា​ចង់​តាម​ដាន​ ព្រោះ​អ្នក​អាន​​គាត់​ចង់​ដឹង​​នៅ​ពេល​បញ្ចាំង​ជា​​កុន​ល្អ​​មើល​ និង​លន្លង់​លន្លោច​ដូច​ពួក​គាត់​ធ្លាប់​អាន​កន្លង​មក​ដែរ​អត់​ ចំណុច​នេះ​ខ្ញុំ​និយាយ​ត្រង់​ផល​វិជ្ជមាន​​"។

ពី​ឆ្វេងទៅស្តាំទី៣ អ្នក​ស្រី ប៉ុល ពិសី​

ចំពោះ​ផល​អ​​វិជ្ជមាន​វិញ​​អ្នក​និពន្ធ​ដដែល​ បន្ត​ទៀត​ថា​នៅ​ពេល​ផលិត​ករ​យក​ប្រលោម​លោក​ ដែល​ល្បី​ទៅ​ថត​​មិន​បាន​ល្អ​ដូច​ប្រលោម​លោក ឬ​ក៏​ខ្វះ​ខាត​ត្រង់​ចំណុច​ណា​មួយ​នោះ​ ពោល​វា​អាច​ធ្វើ​ឲ្យ​ធ្លាក់​តម្លៃ​នៃ​សាច់​រឿង​ដើម​​របស់​ប្រលោម​លោក​។

យ៉ាង​ណា​មិញ​​ជួប​ជាមួយ​អ្នក​និពន្ធ​ប្រលោម​​ផ្ទាល់​វ័យ​ក្មេង​​ កញ្ញា គឹម ឌីណា វិញ​ម្តង​បាន​និយាយ​ថា៖ "​ឧទាហរណ៍ ផល​វិជ្ជ​មាន​​ប្រលោម​លោក​យើង​ជ្រើស​រើស​រឿង​ដែល​ល្អ​តួ​ល្អ​ការ​ដឹក​នាំ​ល្អ​រឿង​ហ្នឹង​កាន់​តែ​ល្បី និង​មាន​អ្នក​មក​ទស្សនា​ច្រើន​ជាក់​ជា​មិន​ខាន់។​​​ ម្យ៉ាង​ទៀត​​​ប្រសិន​បើ​ពួក​គាត់​​​មើល​រឿង​ល្អ​មើល​ ពេល​នោះ​ពួក​គាត់​ប្រាកដ​ជា​នឹក​ដល់​ប្រលោម​លោក ដូច្នេះ​អាច​ជួយ​ជំរុញ​ការ​អាន​ប្រលោម​លោក​បាន​មួយ​កម្រិត​ទៀត និង​ជួយ​លើក​ទឹក​ចិត្ត​ដល់​អ្នក​និពន្ធ​ផង​ដែរ​​"។

ផ្ទុយ​ទៅ​វិញ​ កញ្ញា បន្ត​ទៀត​ថា​ ប្រលោម​លោក​ល្អ​តែ​ជ្រើស​រើស​តួ​អត់​ល្អ​ អ្នក​ដឹក​នាំ​រឿង​មិន​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​ដឹក​នាំ​ ឬ​ក៏​ខ្វះ​ខាត​នៅ​ត្រង់​ចំណុច​ណា​មួយ​នោះ​ នឹង​ធ្វើ​ឲ្យ​​អ្នក​អាន​បាក់​ទឹក​ចិត្ត​​ព្រោះ​រូប​ភាព​ និង​កាយ​វិការ​ចេញ​មក​មិន​ដូច​ការ​ស្រមើល​ស្រមៃ​ដូច​អាន​ប្រលោម​លោក។

វិល​មក​ចាប់​​អារម្មណ៍​តារា​សម្ដែង​រូ​ប​ស្រស់​សង្ហារ​លោក​ អូន ឧស្សាហ៍​ វិញ​បាន​យល់​ឃើញ​ថា​ការ​យក​ប្រលោម​លោក​មក​ផលិត​ជា​កុន​ទទួល​បាន​ផល​​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន​។

លោក​ថា នៅ​ពេល​ដែល​យក​ប្រលោម​លោក​មក​ផលិត​ជា​កុន​​ ធ្វើ​ឲ្យ​អ្នក​អាន​មាន​ឱកាស​បាន​ទស្សនា​ រាល់​សកម្ម​ភាព​តួ​អង្គ​មួយ​ចំនួន​​ដែល​អ្នក​អាន​ធ្លាប់​ស្រមើល​ស្រមៃ​កន្លង​មក​។ ម្យ៉ាង​វិញ​ទៀត​​​នៅ​ពេល​ដែល​កុន​ផលិត​​ចេញ​មក​ដូច​សាច់​រឿង​​ប្រលោម​លោក​អ្នក​អាន​ធ្លាប់​អាន​ និង​ស្រមើល​ស្រមៃ​ កាន់​តែ​ធ្វើ​ឲ្យ​សៀវភៅ​ប្រលោម​លោក​លក់​ដាច់ ពេល​នោះ​អាច​ជួយ​លើក​កម្ពស់​​ជីវភាព​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​បាន​មួយ​កម្រិត​ និង​ជួយ​បង្កើត​ឲ្យ​ប្រ​ជា​ជន​ស្រឡាញ់​ការ​អាន​ផង​ដែរ​។

អូន ឧស្សាហ៍ អាវ​ឆ្នូត​ក្រហម​

យ៉ាង​នេះ​ក្ដី លោក ក៏​មាន​ការ​បារម្ភ​ខ្លះ​ដែរ ចំពោះ​ករណី​នេះ ដោយ​ខ្លាច​តួ​អង្គ​សម្ដែង​លេង​មិន​ដល់​នូវ​ចរិត​ លក្ខណៈរបស់​តួ​អង្គ​ក្នុង​ប្រលោម។ បែប​នេះ អាច​នឹង​ប៉ះពាល់​ដល់​ទឹក​ចិត្ត​ប្រិយមិត្ត​ពិត​ប្រាកដ​របស់​​ប្រលោម​លោក​ណា​មួយ​នោះ។

បន្ទាប់​ពី​ប្រែក្លាយ​មក​ជា​ភាពយន្ភភាគ រឿង​ទាំង​នោះ​ត្រូវ​បាន​បង្ហាញ​ខ្លួន​លើ​កញ្ចក់​ទូរទស្សន៍​នានា ដោយ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ខ្លះ វិនិយោគ​ជាមួយ​ក្រុម​ផលិត​ក្រៅ​ស្ថាប័ន ខណៈ​ខ្លះ​ទៀត បង្កើត​ក្រុម​ផលិត​ខ្លួន​ឯង។

​សម្រាប់​អ្នក​ស្រី​ ទូច បុប្ផា​​ ប្រធាន​ផ្នែក​គ្រប់​គ្រង​ទូរទស្សន៍​ PNN ធ្លាប់​បាន​ Sabay ថា ដើម្បី​លើក​កម្ពស់​សិល្បៈភាពយន្ត​ក្នុង​ស្រុក ពិសេស​វីដេអូ​ភាគ​ទូរទស្សន៍។ ស្ថានីយ​ទូរទស្សន៍​អ្នក​ស្រី PNN បាន​គ្រោង​ប្រមាណ ៣០០ ម៉ោង ដែល​សរុប​ទៅ​​ជាង​​១០​រឿង​​ ហើយ​​ក្នុង​មួយ​រឿង​ជា​មធ្យម​មាន​ចន្លោះ​ពី ២៥-៣០​ភាគ។​​

ក្នុង​ចំណោម​រឿង​ទាំង​នោះ អ្នក​ស្រី​បាន​បញ្ជាក់​ថា រឿង​ខ្លះ ក៏​ប្រែ​ក្លាយ​ចេញ​ពី​ប្រលោម​លោក​ដែរ។ ជាក់ស្ដែង​ដូចជា​រឿង​ "ពស់​កេង​កង" ដែល​ល្បី​ទូទាំង​ប្រទេស​ ដែល​ពេល​នេះ​ក្រុម​ផលិត​របស់​អ្នក​ស្រី កំពុង​មមាញឹក​ផលិត។

ជុំវិញ​ប្រធាន​បទ​ខាង​លើ អ្នកស្រីទូច បុប្ផា បាន​បញ្ចេញ​ទស្សនៈ​ថា អ្នក​ស្រី​មាន​ក្ដី​រីករាយ ​នៅ​ពេល​ដែលឃើញ​ប្រលោម​លោក​ខ្មែរ​បច្ចុប្បន្ន​ អាច​វិវត្ត​ន៍​ទៅ​ធ្វើ​ជា​វីដេអូ​បាន នេះ​បញ្ជាក់​ថា​ ភាព​យន្ត​ខ្មែរ​កាន់​តែ​មាន​ការ​រីកចម្រើន​៕

អត្ថបទ៖ ស៊ីណាន+ ម៉ាលីដា