គីម ជុងអ៊ុន គំរាមកម្ទេចអាមេរិកជាផេះ បើហ៊ានបាញ់កូរ៉េខាងជើងសូម្បីមួយគ្រាប់

  • 2017-03-21 07:33:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បាន​គំរាម​កម្ទេច​សហរដ្ឋ​អាមេរិក​ឲ្យ​ក្លាយ​ជា​ផេះ​សារ​ជាថ្មី​ជាមួយ​គ្រាប់​នុយក្លេអ៊ែរ​របស់​ខ្លួន ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ហ៊ាន​បាញ់​កូរ៉េខាងជើងសូម្បី​មួយ​គ្រាប់​។

រូបភាពផ្ដល់សិទ្ធិដោយ Reuters

ក្រុងព្យុងយ៉ាង​និយាយ​ថា ខ្លួន​នឹង​ប្រើប្រាស់​រ៉ុកកែត​មិន​អាច​ទប់​បាន Hwasong បំពាក់​ក្បាល​គ្រាប់​​នុយក្លេអ៊ែរ ដើម្បី​ការពារ​អធិបតេយ្យ​ភាព​របស់​ខ្លួន ខណៈ​ភាព​តានតឹង​ជាមួយ​កូរ៉េខាងត្បូង​បន្ត​ឡើង​កម្ដៅ។

សារ​គំរាម​នេះ​ធ្វើ​ឡើង​ខណៈ​ពេល​ទីក្រុង​សេអ៊ូល​មើល​ឃើញ​​ថា​ ការ​តេស្ដ​ម៉ាស៊ីន​​រ៉ុកកែត​ថ្មី​របស់​ក្រុង​ព្យុងយ៉ាង​​​បាន​បង្ហាញ​​ឲ្យ​ឃើញ​ពី​ការវិវឌ្ឍន៍​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ឯ​អ្នក​វិភាគ​មួយ​រូប​អះអាង​ថា​​ រដ្ឋ​ដ៏​អាថ៌កំបាំង​នេះ​កំពុង​បោះ​ជំហាន​ដ៏​គ្រោះ​ថ្នាក់​​ទៅ​ដល់​គោលដៅ​អភិវឌ្ឍ​រ៉ុកកែត​ជឿន​លឿន​ដើម្បី​អាច​កម្ទេច​អាមេរិក​ទៀត​ផង​។

សេចក្ដី​ថ្លែងការណ៍​ចេញ​ពី​ការិយាល័យ​ការបរទេស​​លោក គីម ជុងអ៊ុន បាន​ផ្សាយ​ឲ្យដឹង​កាល​ដើម​ខែ​មិនា​ មុន​ពេល​តេស្ត​គ្រាប់​ចុង​ក្រោយ​​ថ្មី​ៗ​នេះ​ថា "កងទ័ព​ប្រជាជន​កូរ៉េ​នឹង​កម្ទេច​ការ​ឈ្លានពាន និង​ការ​អុជអាល​នានា​ឲ្យ​ក្លាយ​ជា​ផេះ​ជាមួយ​រ៉ុកកែត Hwasong បំពាក់​ក្បាល​គ្រាប់​ដើម្បី​ការពារ​សន្តិសុខ​ប្រទេស និង​ភាព​សប្បាយ​រុងរឿង​របស់​ប្រជាជន ករណី​កងកម្លាំង​​អាមេរិក និង​កូរ៉េខាងត្បូង​បាញ់​កាំភ្លើង​សូម្បី​មួយ​គ្រាប់​ចូល​កូរ៉េខាងជើង។"

កាល​ពី​យប់​ថ្ងៃ​ទី ២០​មិនា ភ្នាក់ងារ​សារព័ត៌មាន KCNA ផ្សាយ​ថា​ ម៉ាស៊ីន​រ៉ុកកែត​ថ្មី​អាច​ជួយ​ឲ្យ​កូរ៉េខាងជើង​សម្រេច​ដល់​សមត្ថភាព​បាញ់​បង្ហោះ​ផ្កាយរណប​លំដាប់​ពិភព​លោក​ដែល​ជា​ប្រភេទ​ម៉ាស៊ីន​រ៉ុកកែត​បាញ់​មីស៊ីល​ឆ្លង​ទ្វីប៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ