ក្មេងប្រុស១៤ឆ្នាំ ត្រូវសាកលវិទ្យាល័យជួលឲ្យបង្រៀនគណិតវិទ្យាដល់​សិស្សធំៗ

  • 2017-03-21 09:10:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ជនជាតិ​អង់គ្លេស​ម្នាក់ ត្រូវ​គេ​ជឿ​ថា​ជា​មនុស្ស​ខួរក្បាល​ពូកែ​ចងចាំ​បំផុត​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់ ព្រោះ​ត្រូវ​បាន​សាកលវិទ្យាល័យ​មួយ​ជួល​ឲ្យ​ទៅ​បង្រៀន​បូក​លេខ​ដល់​​ក្រុម​និស្សិត។

Yasha Asley មាន​អាយុ ១៤ឆ្នាំ ​ត្រូវ​បាន​សាកលវិទ្យាល័យ University of Leicester ​ហៅ​ឲ្យ​មក​បង្រៀន​សិស្ស​ធំៗ ខណៈ​ពេល​កំពុង​រៀន​ថ្នាក់បរិញ្ញាបត្រ​នៅឡើយ។ Yasha ត្រូវ​បាន​គេ​សម្ភាសន៍ និង​ផ្ដល់​ការងារ​ឲ្យ​ចាប់​តាំង​ពី​នៅ​អាយុ​ ១៣ឆ្នាំ​ ដោយ​យក​ឈ្នះ​បេក្ខជន​ដាក់ពាក្យ​ជា​មនុស្ស​ធំៗ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​។

បន្ទាប់​ពី Yasha ​បាន​សម្ភាសន៍​ជាប់​ អ្នកគ្រប់គ្រង​ត្រូវ​ធ្វើ​ពាក្យ​ស្នើសុំ​ដល់​ក្រុមប្រឹក្សា​ក្រុង Leicester ទៀត​​ដើម្បី​ទទួល​ការអនុញ្ញាត​ពិសេស​ឲ្យ​ធ្វើ​ការ​ព្រោះ​គេ​នៅ​ក្មេង​ពេក។ Yasha បាន​ក្លាយ​ជា​និស្សិត​ក្មេង​បំផុត​ ហើយ​ជា​បុគ្គលិក​ប្រចាំ​សាលា​ក្មេង​បំផុត​មិន​ធ្លាប់​មាន​ពីមុន​មក​។

Yasha និយាយ​ទាំង​រំភើប​រីករាយ​ថា "ការ​បង្រៀន​នៅ​ទីនេះ​ ជា​ឆ្នាំ​ល្អ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​ស្រលាញ់​ការ​ចូល​រៀន​ថ្នាក់​សាកលវិទ្យាល័យ និង​ស្រលាញ់​ការងារ​ថ្មី​របស់​ខ្ញុំ​ដែល​អាច​ជួយ​សិស្ស​ជា​ច្រើន​​ទៀត​ផង។"

Yasha ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​មនុស្ស​ខួរក្បាល​ម៉ាស៊ីនគិតលេខ ឬ Human Calculator ។ ឆ្នាំ​នេះ​ជា​ឆ្នាំ​បញ្ចប់​ការសិក្សា និង​គេ​គ្រោង​បន្ត​ថ្នាក់​បណ្ឌិត (Phd) ថែម​ទៀត​ពេល​បញ្ចប់​វគ្គ​ផ្សេង​ៗ។

ក្មេង​ប្រុស​ដ៏​មាន​ទេពកោសល្យ​ខាងលើ​ បាន​ចូល​រៀន​ថ្នាក់​បឋម​សិក្សា មុន​ពេល​គេ​ឈ្នះ​ការ​ប្រកួត​ចូល​រៀន​គណិតវិទ្យា​នៅ​សាកលវិទ្យាល័យ​ពេល​អាយុ ១២ឆ្នាំ ​ក្នុង​ឆ្នាំ ២០១៤។ Yasha ជា​ក្មេង​ដំបូង​គេ​ក្នុង​លោក​ដែល​រក​បាន​និទ្ទេស A មុខវិជ្ជា​គណិតវិទ្យា​ កម្រិត A ជាមួយ​​ពិន្ទុ ១០០%​ និង​៩៩% ​នៃ២​វិញ្ញាសា​ក្នុង​ចំណោម​ទាំង​អស់ ៦ នៅ​អាយុ​ ៨ឆ្នាំ។​

លើស​ពី​នេះ គេ​បាន​ជាប់​កម្រិត A លើ​មុខ​វិជ្ជា​គណិតវិទ្យា និង​ស្ថិតិ​កាល​អាយុ ៩ និង​១០ឆ្នាំ។ Yasha បាន​បញ្ចប់​ថ្នាក់​បឋមសិក្សា​នៅ​អាយុ ៦ឆ្នាំ និង​ផ្លោះ​ចូល​សាកលវិទ្យាល័យ​តែម្ដង។ ចំណែក​​ការ​​ធ្វើ​ដំណើរ​មក​បង្រៀន​ទៀតសោត គឺ​ឪពុក​គេ​​ជា​អ្នក​បើក​រថយន្ត​ជូន​​ទៅ​មក​សាលា​រៀងរាល់​ថ្ងៃ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ