ពេជ្រ​ ម្ទេសខ្មាំង ត្រៀម​ស្នៀត​រួច​ហើយ​ដើម្បី​​ជួប​ជើង​ខ្លាំង​ថៃ​វគ្គ​ផ្តាច់​ព្រ័ត្រ​អាទិត្យ​​នេះ​

  • 2017-03-25 01:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យក្មេង​និង​មាន​សមត្ថភាព​ ពេជ្រ ​ម្ទេសខ្លាំង​ ខំ​ប្រឹងប្រែង​ហ្វឹកហាត់​នឹង​ត្រៀម​ខ្លួន​រួម​ហើយ​សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​សមរភូមិអ្នកប្រយុទ្ធ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។​

កីឡាករ ពេជ្រ ម្ទេសខ្មាំង

កីឡាករ​ ពេជ្រ ​ម្ទេសខ្មាំង​ បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹកមិញ​ថ្ងៃទី២២​ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ​ថា​ នៅ​ពេល​ដែល​ចាប់​អាជីព​ជា​អ្នក​ប្រដាល់​នេះ​មក​ គេ​មាន​ក្ដី​ស្រមៃ​មួយ​គឺ​ចង់​បាន​ខ្សែ​ក្រវាត់​គ្រង​ដូច​រៀមច្បង​ដទៃ​ទៀត​ដែរ។​ សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​កីឡាករ​ថៃ ​(ផេតងិនថង) ​ថ្ងៃ​អាទិត្យ​ទី២៦​ ខែ​មីនា​ខាង​មុខ​នេះ​ គេ​បាន​ត្រៀម​រួចរាល់​ ទាំង​កម្លាំង​ស៊ុហ្វ​ ក្បាច់​ប្រកួត​ផង​ដែរ។​

ជើង​ខ្លាំង​និង​ជា​អ្នក​ជម្រើស​ជាតិ​ប្រដាល់​សកល​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​តាម​ការ​ជួប​ប្រកួត​ជា​មួយ​អ្នក​លេង​ឆ្លងដែន​រូប​នេះ​កន្លង​មក​ មើល​ឃើញ​ថា​ក្បាច់​ដែល​ល្អ​របស់​ ផេតងិនថង​ម្នាក់​នេះ​ ល្អ​វ៉ៃ​ជង្គង់​និង​ទាត់​ធ្ងន់។​ តែ​ចំពោះ​ ពេជ្រ ​ម្ទេសខ្មាំង​ វិញ​បាន​ត្រៀម​ក្បាច់​ដើម្បី​តបត​រួច​អស់​ហើយ​ បច្ចុប្បន្ន​នេះ​ទៀត​ គេ​មើល​ឃើញ​ថា​សមត្ថភាព​ក៏​មាន​ការ​រីកចម្រើន​ខ្លាំង​ដែរ ​បន្ទាប់​ពី​ចូល​ហ្វឹកហាត់​ជា​មួយ​កីឡាករ​ជម្រើស​ជាតិ​ដទៃ​ទៀត​និង​ជា​ពិសេស​មាន​គ្រូ​ជម្រើស​ជាតិ​លោក​ អេ​ ភូថង ​ជួយ​បង្វឹក​ថែម​ទៀត។​

កីឡាករ ពេជ្រ ម្ទេសខ្មាំង អាវខ្មៅដៃវែង

នេះ​ជា​លើក​ទី២​ហើយ​សម្រាប់​ការ​ប្រកួត​កម្មវិធី​ខ្សែ​ក្រវាត់​របស់​ ពេជ្រ ​ម្ទេសខ្មាំង​ ខណៈ​លើក​ទី១​នោះ​កីឡាករ​រូប​នេះ​បាន​ត្រឹម​លេខ​៣​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​២០១២​កន្លង​ទៅ។​ ការ​ជួប​ប្រកួត​ជា​មួយ​ ផេតងិនថង​ នេះ​ជា​លើក​ទី៣​ហើយ​ ដោយ​លើក​ទី១ ​ម្ទេសខ្មាំង​ចាញ់​ដោយ​ពិន្ទុ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ និង​លើក​ទី២​ គេ​ឈ្នះ​លើ​កីឡាករ​ថៃ​វិញ​ដោយ​ផ្ដួល​ឲ្យ​ក្នុង​ទឹក​ទី៣​ នៅ​សង្វៀន​អប្សរាកំបូល៕​

អត្ថបទ៖ នួន ស៊ីណា​