គ្រូ​កម្ពុជា​ និយាយ​ពី​ទម្រង់​លេង​របស់​​ វឌ្ឍនាកា ​ក្រោយ​ទៅ​ជប៉ុន

  • 2017-03-23 23:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​និយាយ​ពី​សមត្ថភាព​របស់​ ចាន់ វឌ្ឍនាកា បង្ហាញ​លើ​ទីលាន​​ចាញ់​ឥណ្ឌា​៣-២​​ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ CLEAR យប់​មិញ​ ក្រោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​ទៅ​​លេង​​ឲ្យ​ក្លឹប Fujieda MYFC ​​​នៃ​​លីគ​លំដាប់​ទី​៣របស់​ជប៉ុន។

លោក Leonardo Vitorino

​ខ្សែ​ប្រយុទ្ធ​វ័យ​​២២​​ឆ្នាំ​របស់​កម្ពុជា ចាន់​ វឌ្ឍនាកា មិន​ទាន់​បាន​បង្ហាញ​ខ្លួន​លើ​ទីលាន​​ជា​មួយ​ក្រុម Fujieda MYFC ​បាន​មួយ​ប្រកួត​ឡើយ​ ខណៈ​ដែល​​កម្មវិធី​ប្រកួត​ក្នុង​លីគ​​​របស់​ក្លឹប​​​លំដាប់​ទី​៣​ជប៉ុន​មួយ​​នេះ​ឆ្លង​កាត់​​ពីរ​ប្រកួត​​រួច​​រាល់។ ទាក់ទិន​​ការ​​មិន​បាន​បង្ហាញ​ខ្លួន​លើ​ទីលាន​នៅ​ទឹក​ដី​ជប៉ុន​​របស់​ ​វឌ្ឍនាកា លោក Leonardo ​មើល​ឃើញ​ថា ខ្សែ​ប្រយុទ្ធ​របស់​កម្ពុជា​​រូប​នេះ​កំពុង​មាន​បញ្ហា​កម្លាំង​​ធ្លាក់​ចុះ។

​​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ បង្ហើប​មូល​ហេតុ​ដាក់​​ខ្សែ​ប្រយុទ្ធ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពត​ខាង​លើ​ឲ្យ​លេង​​តាំង​ពី​វគ្គ​ទី​១​រហូត​​ពាក់​កណ្ដាល​​វគ្គ​ទី​២​ក្នុង​ជំនួប​ចាញ់​ឥណ្ឌា​កាល​ពី​យប់​នេះ​គឺ​ដោយសារ​ចង់​ឲ្យ​រូប​គេ​មាន​កម្លាំង​ឡើង​វិញ។ លោក​ថា​ធ្វើ​បែប​នេះ​ឲ្យ​​អតីត​ខ្សែ​ប្រយុទ្ធ វឌ្ឍនាកា ​មាន​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​​ ប្រមូល​កម្លាំង​ឲ្យ​បាន​​ខ្លាំង​ដូច​ពី​មុន ដើម្បី​​ត្រៀម​​បង្ហាញ​សមត្ថភាព​ជា​មួយ​ក្រុម​ហ្សកដានី​នា​សប្ដាហ៍​ក្រោយ។

​​​​

​​​លោក​បន្ថែម​ថា ពេល​នេះ​ វឌ្ឍនាកា ​និង​កូន​ក្រុម​​ទាំង​អស់​រួម​ទាំង​លោក​ជា​គ្រូ​បង្វឹក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​តទល់​ជា​មួយ​ក្រុម​ខ្លាំង​ ហ្សកដានី។ ក្រុម​កម្ពុជា​រួម​ទាំង​​​អតីត​ខ្សែ​ប្រយុទ្ធ​បឹង​កេត​​បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ទៅ​ប្រទេស ហ្សកដានី​ ​ម៉ោង ១០​:៣០​នាទី​ព្រឹក​នេះ ​ដើម្បី​ត្រៀម​ជួប​ប្រទេស​មួយ​នេះ​នា​ថ្ងៃ​ទី​២៨​ ខែ​មីនា ឆ្នាំ​២០១៧៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​