មិន​ចង់​​ចេញ​មុខ អ្នក​​ត្រួសត្រាយ​នាំ​អក្សរ​ខ្មែរ​ដាក់​លើ iOS សុំ​ត្រឹម​អក្សរ​ជាតិ​ប្រើប្រាស់​ទូលំទូលាយបាន​ហើយ​

  • 2017-03-24 09:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

4KhmeriPhone ​ជា​ក្រុម​ត្រួសត្រាយ​ស្នើ​ដាក់​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​លើ​ប្រព័ន្ធ iOS តែ​មិន​ដែល​​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ប្រើប្រាស់ នៅ​កម្ពុជា​បាន​ឃើញ​​មុខ​ឡើយ។ រាល់​ពេល​ក្រុមការងារ​ទាក់ទង​ទៅ 4Khmeriphone គឺ​បាន​ត្រឹម​​ឆ្លើយឆ្លង​តាម​ទូរសព្ទ​និង​បណ្ដាញ​សង្គម​ប៉ុណ្ណោះ សូម្បី​ទំព័រ​ហ្វេសប៊ុក​ក៏​មិន​ដាក់​រូប​ផ្ទាល់​ខ្លួន​ដែរ។

បើ​និយាយ​ពី​ការងារ កន្លង​ទៅ​ក្រុម​នេះ​បាន​​ព្យាយាម​យ៉ាង​សស្រាក់សស្រាំ​​តទល់​នឹង Apple ទាំង​តាម​រយៈ Skype និង​សារ​អេឡិចត្រូនិក ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពុម្ព​អក្សរ​ខ្មែរ​ ត្រឹមត្រូវ​ពេញ​លេញ​លែង​មាន​កំហុស​បាត់​ដៃ​បាត់​ជើង​ដូច​ប៉ុន្មាន​ឆ្នាំ​​កន្លង​ទៅ។

ប្រធាន​ក្រុម​ 4Khmeriphone ធ្លាប់​បញ្ជាក់​ថា​ ក្រុម​លោក​តែង​សហការ​​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ជំនាញ​ពុម្ព​អក្សរ​នៅ​ម៉ាឡេស៊ី​ ក្នុង​ការ​ដោះ​ស្រាយ​​ពេល​ពុម្ព​អក្សរ​ខ្មែរ​លើ​ប្រព័ន្ធ iOS ម្តងៗ។ ជាក់ស្ដែង​កាល​ពី​ខែ​សីហា​ឆ្នាំ ២០១៦ ក្រុម​នេះ​​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ជំនាញ​​ពុម្ព​អក្សរ​ខាង​លើ ដោះ​ស្រាយ​បញ្ហា​​អក្សរ​ខ្មែរ​បាត់​ដៃ​បាត់​ជើង រហូត​ជោគជ័យ ១០០ ភាគរយ​លើ iOS 10 Beta 5 ​ ហើយ​ប្រើ​ស្រួល​ដល់​សព្វ​ថ្ងៃ។

សារឆ្លើយឆ្លង​រវាង 4Khmeriphoneteam និង ក្រុម​ការងារ Apple

ប្រធាន​ក្រុម​ខាង​លើ អះអាង​ថា ដំណើរការ​ក្នុង​ការ​ស្នើ​ឲ្យ Apple ពិនិត្យ​និង​កែ​សម្រួល​​ពី​កំហុស​អក្សរ​លើ iOS ត្រូវ​ចំណាយ​ពេល​យូរ​គួរសម។ ក្រុម​លោក​ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​រៀប​ចំ​ទម្រង់ Font សម្រាប់ Apple នៅ​ម៉ាឡេស៊ី​នេះ ហើយ​បញ្ជូន​ទម្រង់​អក្សរ​ត្រឹមត្រូវ​ទៅ​ក្រុមហ៊ុន Apple។ ឧទាហរណ៍​ពាក្យ "ខ្ញុំ​ កម្ពុជា បញ្ញា កញ្ញា ក្នុង ឡុង សង្គ្រាម" ជាដើម ជើង​តម្រួត​​​លែង​បាត់​ឬ​ជាន់​គ្នា​​​រហូត​ដល់​បច្ចុប្បន្ន។

ប្រធាន​ក្រុម 4KhmeriPhone បន្ថែម​ថា​ ក្រុម​លោក​នឹង​ព្យាយាម​សហការ​ជាមួយ​ក្រុមហ៊ុន Apple ត​ទៅ​ទៀត ​ក្នុង​ការ​នាំ​អក្សរ​ខ្មែរ​​ពិសេស​​ក្ដារចុច​ត្រឹមត្រូវ​​ពេញ​លក្ខណៈ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ប្រើ​ប្រាស់​​ពេល​អនាគត។ ប្រធាន​ក្រុម​រូប​នេះ​ថា​ ទោះ​ជា​ហត់​នឿយ​​និង​​មិន​បង្ហាញ​មុខ​ឲ្យ​មហាជន​​ស្គាល់​យ៉ាង​ណា​ក៏​មិន​ថ្វី សុំ​ត្រឹម​​​តែ​បាន​ឃើញ​អក្សរ​ជាតិ​ខ្មែរ​​ ​ប្រើ​ប្រាស់​បាន​ត្រឹម​ត្រូវ​ នោះ​​លោក​អស់​ចិត្ត​ហើយ៕

អត្ថបទ៖ ផាន់និត